ខ្មែរប៉ុស្ដិ៍ Close

    លោក វង សូត ៖ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន សូម្បីតែសិទ្ធសេរីភាពក៏គ្មានដែរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2149
    លោក វង សូត ៖ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន សូម្បីតែសិទ្ធសេរីភាពក៏គ្មានដែរលោក វង សូត ៖ បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន សូម្បីតែសិទ្ធសេរីភាពក៏គ្មានដែរ

    កំពត៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ទុកកុមារា-កុមារីកម្ពុជានៅក្នុងសម័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំប្រទេសជាតិ ពិតជាមានសំណាងក្នុងការទទួលបាននូវសមិទ្ធិផលសង្គមជាច្រើន ដោយបានរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសុខសន្តិភាពក្នុងដំណើរកិច្ចអភិវឌ្ឍសមត្ថភាព និងជំនាញចំណេះដឹងរបស់ខ្លួន។

    លោករដ្ឋមន្ត្រីក៏បានអំពាវនាវអោយប្រជាពលរដ្ឋ និងកុមារទាំងអស់រួមគ្នាថែរក្សាតម្លៃនៃសុខសន្តិភាពនេះ អោយបានគង់វង្សយូរអង្វែង ព្រោះតម្លៃសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស បើគ្មានសន្តិភាពទេ កុំថាឡើយអភិវឌ្ឍន៍សេដ្ឋកិច្ចរីកចម្រើន សូម្បីតែសិទ្ធសេរីភាពក៏គ្មានដែរ។

    លោករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈថ្មី ភូមិកុមារ (អេសអូអេស) ស្ថិតភូមិរកា ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលពីរសៀលថ្ងៃសុក្រ១៣កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨ ដែលមានការចូលរួមពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតផងដែរ។

    លោក វង សូត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធរខេត្តកំពត និងអង្គការអេសអូអេស ដែលបានសហការគ្នាក្នុងកិច្ចប្រតិបត្តិការល្អស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ដែលតែងតែគាំទ្រនូវយុទ្ធសាស្ត្រ និងផែនការរបស់អង្គការអេសអូអេសនៅក្នុងវិស័យសង្គមកិច្ចដើម្បីលើកកម្ពស់សិទ្ធមនុស្ស និងសិទ្ធកុមារកម្ពុជា។ លោករដ្ឋមន្ត្រីបានសម្តែងការសង្ឃឹមយ៉ាងមុតមាំចំពោះអង្គការអេសអូអេសថា នឹងនៅតែបន្តសកម្មភាពដ៏ល្អនេះនៅកម្ពុជាបន្ថែមទៀត ពិសេសជួយទៅលើខេត្តចំនួន ១៩ទៀត ដែលអេសអូអេស មិនទាន់មានសកម្មភាព។

    លោក ជាវ តាយ អភិបាលខេត្តបានមានប្រសាសន៍គូសបញ្ជាក់អោយដឹងអំពីសមិទ្ធផល និងភាពរីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្តកំពត ក្នុងនោះពាក់ព័ន្ធលើវិស័យសង្គមកិច្ចខេត្តកំពតមានមជ្ឈមណ្ឌលកុមារកំព្រាចំនួន៥ កន្លែង ដែលបាននិងកំពុងចិញ្ចឹមកុមារកំព្រា កុមារពិការចំនួន ២០០នាក់ (ស្រី ៧៨នាក់)។ សមាគមមនុស្សចាស់ ត្រូវបានបង្កើត និងមានការរីកចម្រើនឡើងជារៀងរាល់ឆ្នាំ បច្ចុប្បន្នមាន ៤៥សមាគម មានសមាជិកចំនួន ១០.៩៩៩នាក់ (ស្រីចំនួន ១.៥៦៦នាក់)។
    លោក ជាវ តាយ ក្នុងនាមរដ្ឋបាលខេត្ត ក៏បានសំដែងការខិតខំពង្រីកកិច្ចប្រតិបត្តិការគាំទ្រអោយបានកាន់តែល្អ និងមានមោទនភាពព្រមទាំងមានជំនឿយ៉ាងមុតមាំចំពោះអង្គការអេសអូអេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិនិយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពតអោយបានកាន់តែរីកចម្រើន និងកាត់បន្ថយភាពក្រីក្របានយ៉ាងពិតប្រាកដ។

    លោក ផុន ជា នាយកថ្នាក់ជាតិអង្គការ អេសអូអេស កម្ពុជា បានអោយដឹងថា អង្គការភូមិកុមារ អេសអូអេសកម្ពុជា បានធ្វើសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ១៩៩៩មក។ បច្ចុប្បន្នកំពុងអនុវត្តសកម្មភាពស្របទៅតាមផែនការរបស់ខ្លួន ដែលផ្ដោតលើការថែទាំជំនួសដល់កុមារដែលងាយរងគ្រោះបំផុត និងលើកស្ទួយនូវជីវភាពគ្រួសារក្រីក្រតាមសហគមន៍នៅក្នុងរាជធានី-ខេត្តចំនួន០៦ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង រតនគីរី ក្រចេះ និងខេត្តកំពត។ អង្គការភូមិកុមារ បានសាងសង់ភូមិកុមារ ចំនួន០៦ សាលារៀនកម្រិតមធ្យមសិក្សាចំនួន០៣ សាលាមត្តេយ្យសិក្សាចំនួន០៦ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន០១ មណ្ឌលសុខភាពសង្គមកិច្ចចំនួន០១ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាក់ជាតិចំនួន០១។

    បើតាមលោក ផុន ជា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពតនេះ ជាគម្រោងទី១៩ នៅលើផ្ទៃដីចំនួន ១០២៤៧ ម៉ែត្រការ៉េ ដែលមានអាគារចំនួន០៤ ត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ៣៨ម៉ឺនដុល្លារ។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពតនេះ អាចផ្ដល់ប្រយោជន៍ដល់យុវជន យុវនារី គ្រួសារក្រីក្រមកសិក្សា លើជំនាញចំនួន៤ ផ្អែកលើទីផ្សារការងារតម្រូវការបច្ចុប្បន្ន។

    ក្នុងឱកាសនោះដែរលោក វង សូត ក៏បានប្រគល់ថវិកាដល់និវត្តជន ១០០នាក់ក្នុងម្នាក់ ២ម៉ឺនរៀល និងក្រមា០១ សិស្សវិទ្យាល័យ១០០នាក់ ក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល សិស្សអេសអូអេស១៥០នាក់ ម្នាក់១ម៉ឺនរៀល សៀវភៅ០២ក្បាល ប៊ិច០១ដើម បុគ្គលិកអេសអូអេស ៥០នាក់ម្នាក់៣ម៉ឺនរៀល និងសាលាស្រុកទឹកឈូ ០២សែនរៀលផងដែរ៕

    អត្ថបទទាក់ទង