៨ឆ្នាំសោះ ក្លាយជា លី សៀវឡុង វ័យក្មេង (មានវីដេអូ)
កុមារា Ryusei “Ryuji” Imai អាយុ ៨ឆ្នាំ មកពីទីក្រុង Nara ប្រទេសជប៉ុន កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែ ទេពកោសល្យដ៏ពិសេស ដែលអាចសម្តែងបានដូច លោក លី សៀវឡុង យ៉ាងអីចឹង។
ជាក់ស្តែង មុនថ្ងៃខួបកំណើតរបស់គេប៉ុន្មានថ្ងៃ កុមារារូបនេះបានបង្ហោះវីដេអូមួយចូលទៅក្នុងទំព័រហ្វេសប៊ុកដែលមានអ្នកតាមដានប្រហែល ២៩២,០០០នាក់ និងត្រូវបានគេចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់។
កុមារា Ryusei “Ryuji” Imai គេអាចរលាស់អាវុធរបស់គេយ៉ាងស្ទាត់ជំនាញ ដោយភាពជឿជាក់ខ្លាំង ដូចទៅនឹងកាយវិការរបស់ លោក លី សៀវឡុង តែម្តង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺសូម្បីតែទឹកមុខរបស់គេ ក៏ដូចទៅនឹងតារាវាយតប់មួយរូបនោះដែរ។ យោងទៅតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា សិស្សថ្នាក់បឋមសិក្សារូបនេះ បានចាប់ផ្តើមមើលរឿងរបស់លោក លី សៀវឡុង ជាមួយគ្នាគ្រួសារ តាំងតែពីគេនៅតូចមកម្ល៉េះ ហើយគេបានចាប់ផ្តើមហ្វឹកហាត់ឲ្យដូចតារាក្នុងដួងចិត្តនេះ តាំងតែពីគេមានអាយុ៤ឆ្នាំ។
គេតែងតែចំណាយពេល ៩០នាទី រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ព្រឹកតទៅ បន្ទាប់មកទើបគេហ្វឹកហាត់ម្តងទៀត នៅពេលដែលគេត្រឡប់ពីសាលាមកផ្ទះវិញ។ គេតែងតែរត់ប្រហែល ១ម៉ោងដើម្បីកម្តៅសាច់ដុំ មុនពេលដែលគេចាប់ផ្តើមហាត់ទាត់ និងហាត់កម្លាំងដៃ ២ម៉ោងបន្ថែមទៀត។