លិខិតមិត្តអ្នកអាន “ការសន្ទនារវាងប្រមុខបក្សកាន់អំណាចជាមួយលោក កឹម សុខា បានរុញផ្ទប់ សម រង្ស៊ី ឱ្យទល់ជញ្ជាំង!”
យោងតាមសំឡេងបែកធ្លាយនៃកាសន្ទនាគ្នាដ៏ស៊ីជម្រៅរវាងលោក ហ៊ុន សែន មេដឹកនាំបក្សកាន់អំណាច ជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម និងគេហទំព័រព័ត៌មាននានា ដែលប្រភពដើមបានចុះផ្សាយក្នុង Facebook «យុត្តិធម៌សង្គម» កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានធ្វើឱ្យគេដឹងពីការពិតថា ហេតុអ្វីបានជាទណ្ឌិត សម រង្ស៊ី ត្រូវបានបញ្ចប់ជីវិតនយោបាយរបស់ខ្លួន ទាំងមិនទាន់បានត្រៀមខ្លួនចាកចេញពីឆាកនយោបាយកម្ពុជានៅឡើយ ។
ទណ្ឌិត សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី អតីតអ្នកនយោបាយចាស់វស្សាម្នាក់ ត្រូវបានលិចលង់បាត់បង់អស់កេរ្តិ៍ឈ្មោះ ស្ទើរតែលែងមានអ្នកនឹកនារកទៅហើយ ព្រោះតែទង្វើរខុសឆ្គងក្នុងជីវិតនយោបាយរបស់ខ្លួន ដែលបានបង្កឡើងដដែលជាដដែល។ កំហុសដែលធ្វើឱ្យទណ្ឌិត សម រង្ស៊ី ពិបាកនឹងមានឱកាសវិលមករកឆាកនយោបាយវិញនោះគឺការប្រមាថដ៏ធ្ងន់ធ្ងរលើក្រុមគ្រួសារបុរសខ្លាំង ហ៊ុន សែន ការប្រមាថព្រះចេស្តារ និងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីទៀត។
ថ្មីៗនេះ តាមរយៈការបែកធ្លាយសំឡេងសន្ទនាបានឱ្យដឹងយ៉ាងច្បាស់ថា លោក ហ៊ុន សែន ពិតជាមិនអាចលើកលែងឱ្យ ទណ្ឌិត សម រង្ស៊ី ម្តងទៀតបានឡើយ បន្ទាប់ពីបុគ្គលនេះបានបំផ្លាញនូវវប្បធម៌សន្ទនា ដែលលោក ហ៊ុន សែន និងបុគ្គលមួយចំនួនទៀតក្នុងបក្សប្រឆាំងខិតខំបង្កើតឡើង ដើម្បីស្វះស្វែងរកការផ្សះផ្សារ និងបង្រួបបង្រួមជាតិ។ ប៉ុន្តែ វប្បធម៌សន្ទនានោះ បានខ្ទេចខ្ទីអស់ដោយសារតែអំពើក្បត់របស់ សម រង្ស៊ី ជាដើមចម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលឹកក្នុងសារសំឡេងបែកធ្លាយ ដែលគាត់បាននិយាយជាមួយលោក កឹម សុខា ថា លោកមិនអាចអត់ឱន ឬលើកលែងឱ្យ ទណ្ឌិត សម រង្ស៊ី ទៀតទេ ព្រោះលោកធ្លាប់បានលើកលែងអត់ឱនឱ្យ សម រង្ស៊ី ច្រើនលើកច្រើនសារមកហើយ។ ជាពិសេសគឺនៅថ្ងៃដែលឪពុករបស់លោកស្លាប់ គឺជាថ្ងៃដែលលោកបានចុះ ហត្ថលេខាលើកលែងទោសឱ្យទណ្ឌិត សម រង្ស៊ី។ ក្រោយមកលោកបានព្យាយាមណាស់ដើម្បីធ្វើការជាមួយ សម រង្ស៊ី រហូតឱ្យកូនចៅបាយទឹកជាមួយគ្នា ប៉ុន្តែមិនគួរណា សម រង្ស៊ី អាចធ្វើចំពោះរូបលោករបៀបហ្នឹង ដោយធ្វើការប្រៀបធៀបរូបលោកទៅនឹង ហ្គាដាហ្វី។ លោក ហ៊ុន សែន បានបន្តថា សម រង្ស៊ី នេះ បានសុំលើកលែងទោសពីលោក នៅថ្ងៃទី២៩ ខែតុលា ពីបារាំង តែបែរជាវ៉ៃប្រហារលោកពីទីក្រុង តូក្យូ មកវិញ។ ដូច្នេះរឿងរបស់ សម រង្ស៊ី គឺមិនអាចវិលត្រឡប់ទេ។ ប្រទេសកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់ សម រង្ស៊ី ម្នាក់ទេ។
អាចជាការបញ្ជាក់យ៉ាងច្បាស់អំពីការបិទទំព័រ សម រង្ស៊ី ចេញពីឆាកនយោបាយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបំណងក្នុងការដោះស្រាយបញ្ហាជាមួយក្រុមប្រឆាំងតាមសន្តិវិធី ប៉ុន្តែផលវិបាកនៅត្រង់ថា ទណ្ឌិត សម រង្ស៊ី គឺតែងតែសម្តែងល្អនៅខាងមុខហើយលួចចាក់ពីក្រោយ នេះជាមូលហេតុដែលធ្វើឱ្យទណ្ឌិតរូបនេះជាប់រឿងក្តីក្តាំជាបន្ត បន្ទាប់។ តាមរយៈសំឡេងសន្ទនាដែលត្រូវបានផ្សព្វផ្សាយ គឺលោក ហ៊ុន សែន បានព្រមព្រៀងគ្នាជាមួយលោក កឹម សុខា ដោយបង្ហាញនូវចេតនាល្អក្នុងការលើកកម្ពស់ការអនុវត្តវប្បធម៌សន្ទនារួមគ្នា ហើយធ្វើឱ្យវប្បធម៌នេះក្លាយជាក្រមសីលធម៌សម្រាប់ប្រទេសកម្ពុជា ការពារការជេរប្រមាថគ្នាក្នុងឆាកនយោបាយថែមទៀតផង។ ពេលនោះ លោក កឹម សុខា ក៏បានបង្ហាញការគាំទ្រនូវបំណងរបស់លោក ហ៊ុន សែន ហើយបានបញ្ជាក់ជំហរយ៉ាងច្បាស់ថា គាត់នឹងមិនធ្វើដូច សម រង្ស៊ី នោះទេ ដោយប្តេជ្ញាមិនឱ្យកើតមានការជេរប្រមាថ ការបង្កចលាចល ធ្វើបាតុកម្មឡើយ គឺធ្វើយ៉ាងណារក្សាការផ្សះផ្សាជាតិឱ្យបានពិតប្រាកដ តាមរយៈការឱ្យតំលៃគ្នាទៅវិញទៅមក។ លោក កឹម សុខា ថាខ្លួនមិនគាំទ្រ ឬចូលរួមក្នុងសកម្មភាពបាតុកម្មហិង្សាដែលរៀបចំឡើងដោយក្រុមលោក សម រង្ស៊ី ឡើយកន្លងមក។
បើទោះជាការវិវត្តន៍នៃការគិតគូរផ្លាស់ប្តូរយុទ្ធសាស្ត្រ យុទ្ធវិធីរបស់អ្នកនយោបាយ ឬការប្រែប្រួលស្ថានការណ៍នយោបាយរបស់កម្ពុជាទៅជាយ៉ាងណាដែលមិននឹកស្មានដល់នោះ ប៉ុន្តែអ្វីដែលអាចជាការដឹងយល់ និងប៉ាន់ស្មានបានខ្លះៗថា នឹងមិនអាចវិលមកធម្មតាវិញ ឬកើតជាថ្មីអំពីវប្បធម៌សន្ទនាដ៏ល្អរវាងលោក ហ៊ុន សែន និង សម រង្ស៊ី អាចថានៅឆ្ងាយដូចជើងមេឃ ឬក៏នឹងមិនអាចកើតមានរូបរាងឡើងវិញបានឡើយ។ ក្នុងន័យថា សម រង្ស៊ី ត្រូវបានបិទបញ្ចប់ ឬលប់ឈ្មោះចេញពីបេក្ខភាពនៃការចចារ ហើយលោក ហ៊ុន សែន ទំនងជានឹងមិនងាកត្រឡប់ក្រោយមក សហការចាប់ដៃគូជាថ្មីជាមួយជនក្បត់កម្ពុជា បែបមេចលនាឧទ្ទាម សម រង្ស៊ី នោះឡើយ។
រាជរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បាននិងកំពុងបោះជំហានទៅមុខក្នុងការកែទម្រង់ ការកសាងអភិវឌ្ឍប្រទេស ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសបំផុត ឆន្ទៈដ៏មោះមុតក្នុងការទប់ស្កាត់មិនឱ្យមានភាពចលាចល វឹកវក្នុងសង្គមកើតមានជាថ្មី។
ដូចនេះ ស្នាកស្នាមរបួសនៃអំពើហិង្សាក្នុងផែនការផ្តួលរំលំ ដណ្តើមអំណាចក្រៅប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបង្កឡើងដោយអតីបក្សបក្សប្រឆាំងដែលមួយចំណែកធំដឹកនាំ ញុះញង់បញ្ជាផែនការដោយទណ្ឌិត សម រង្ស៊ី គឺគ្រប់គ្រាន់ហើយដែលជនបំផ្លាញជាតិរូបនោះ ដល់ពេលវេលាសមល្មមនឹងសម្រាក ហើយដែលនឹងត្រូវជំនួសដោយបេក្ខជនថ្មីដែលនឹងត្រូវប្រកួតប្រជែងក្នុងទីលានប្រជាធិបតេយ្យ ជាមួយបក្សកាន់អំណាច៕
អត្ថបទដោយ: នាគសេន