កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារ ពីការនាំចេញអង្ករជិត ៤០ ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំនេះ

    ដោយ៖ សន ប្រាថ្នា​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០​ | ព័ត៌មានទូទៅ |
    កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារ ពីការនាំចេញអង្ករជិត ៤០ ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង ២៦៤ លានដុល្លារ ពីការនាំចេញអង្ករជិត ៤០ ម៉ឺនតោន ក្នុងឆមាសទី១ ឆ្នាំនេះ

    កម្ពុជាសម្រេចបានការនាំចេញបានចំនួន ៣៩៧ ៦៦០ តោន ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២០ ដែលមានកំណើនជាង៤១% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៨១ ៥៣៨តោន។ ការនាំចេញនេះទទួលបានប្រាក់ចំណូលជាង ២៦៤លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជានៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០។

    ប្រទេសចិនបានគ្រប់គ្រងចំណែកទីផ្សាររហូតដល់ ៣៧% នៃទីផ្សារនាំចេញអង្ករសរុបរបស់កម្ពុជា ក្នុង រយៈពេល១ឆមាស ដើមឆ្នាំ២០២០នេះ ដែលគិតជាបរិមាណមានចំនួន ១៤៧ ៩៤៩តោន។ ទីផ្សារសហគមន៍អឺរ៉ុប រួមទាំងប្រទេសអង់គ្លេស នៅតែដើរតួយ៉ាងសំខាន់បន្ទាប់ពីប្រទេសចិន ដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ៣៤% ដែលស្មើនឹង ១៣៥ ៥៧៦តោន ក្នុងនោះប្រទេសបារាំងជាប្រទេសដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណ ៥១ ១៧៥តោន។

    រីឯបណ្តាប្រទេសក្នុងតំបន់អាស៊ានវិញឃើញថា បានកាន់កាប់ចំណែកទីផ្សារប្រមាណ១៣% ស្មើនឹង ៥២ ៩៨៧តោន ដែលក្នុងនោះប្រទេសម៉ាឡេស៊ីជាទីផ្សារធំបំផុត គឺមានបរិមាណចំនួន ២១ ៩០៤តោន ហើយនឹងទីផ្សារគោលដៅប្រទេសផ្សេងៗទៀត មានចំនួន ១៦% ស្មើនឹង ៦១ ១៤៨តោន ក្នុងនោះមានប្រទេសហ្កាបុង និងប្រទេសអូស្រ្តាលី ជាប្រទេសនាំមុខសំខាន់។

    ចំពោះប្រភេទអង្ករសម្រាប់ការនាំចេញរយៈពេល៦ខែដើមឆ្នាំ២០២០នេះ គឺអង្ករក្រអូបមានចំនួន ៧៧% ដែលមានបរិមាណ ៣០៦ ៧៨៦តោន ដែលមានកំណើន ៣៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

    ដោយឡែកចំពោះអង្ករស និងអង្ករផ្សេងៗ មានចំណែកប្រមាណ២៣% នៃការនាំចេញសរុប ដែលចំនួននៃចំណែកនេះគឺមានកំណើនជិត៨០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដោយមូលហេតុតម្រូវការខ្ពស់លើអង្ករប្រភេទនេះ ក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ១៩ ព្រោះជាប្រភេទអង្ករដែលមានតម្លៃធូរថ្លៃ។ ម្យ៉ាងទៀត សម្រាប់ទីផ្សារខែមិថុនា ឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់សហគមន៍អឺរ៉ុប មានរហូតដល់១៣ ៥៦៦តោន ឬ ស្មើនឹង៣៣% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ហើយប្រទេសចិនបាននាំចូលអង្ករកម្ពុជា ប្រមាណជា ជាង១១ ១២៤តោន ឬ ស្មើនឹង២៧% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា ហើយអាស៊ាន និងទីផ្សារគោលដៅផ្សេងៗទៀតមានចំនួន ៤០% ឬក្នុងបរិមាណ ១៦ ៨៧៣តោន។

    ចំពោះតម្លៃអង្ករនាំចេញ គិតត្រឹមកំពង់ផែ អង្ករក្រអូបប្រណីត មានតម្លៃជាមធ្យម ៩០០ដុល្លារអាមេរិក និងប្រភេទក្រអូបធម្មតា មានតម្លៃជាមធ្យម ៧៦០ដុល្លារអាមេរិក ហើយអង្ករ ស ប្រភេទបាយទន់ មានតម្លៃជាមធ្យម ៥២០ដុល្លារអាមេរិក។ សរុបជារួមមក ចំណូលដែលទទួលបានពីការនាំចេញអង្ករកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០២០នេះ គឺមានទឹកប្រាក់សរុបប្រមាណ ២៣.៧លានដុល្លារអាមេរិក៕

    បញ្ចេញមតិ
    ពាក្យគន្លឹះទាក់ទង
      អត្ថបទទាក់ទង