ខ្មែរប៉ុស្ដិ៍ Close

ទោចម្កុដគូទី៣ បានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 4
ទោចម្កុដគូទី៣ បានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ ទោចម្កុដគូទី៣ បានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ក្រោយបន្សាំអស់រយៈពេលមួយឆ្នាំកន្លះ

អង្គការសម្ពន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ ក្រោមកិច្ចសហការពីអាជ្ញាធរជាតិអប្សរា បានព្រលែងទោចម្កុដមួយគូបន្ថែមទៀត ឱ្យរស់នៅតាមបែបធម្មជាតិនៅក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រោយបន្សាំក្នុងទ្រុងអស់រយៈពេលមួយឆ្នាំកន្លះ។

តាមការបញ្ជាក់របស់លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ពន្ធមិត្តសត្វព្រៃថា នេះជាទោចម្កុដគូទី៣ហើយ ដែលក្រុមការងារបានព្រលែងនៅក្នុងព្រៃរមណីយដ្ឋានអង្គរ។ យើងបានបន្សំាវាឱ្យនៅក្នុងទ្រុងសិន ដើម្បីឱ្យវាស្រឡាញ់គ្នា ពិនិត្យសុខភាពថាគ្មានជំងឺ ឱ្យវាចេះសម្របខ្លួននឹងធម្មជាតិ អាកាសធាតុ បរិយាកាស ស្គាល់កន្លែង ខ្លាចមនុស្សតិចតួច ទើបអាចដោះលែងវាឱ្យរស់នៅក្នុងព្រៃបាន។ សម្រាប់លោកនាយកយល់ថា ទោចម្កុដជាប្រភេទសត្វស្លូត ហើយចំពោះការជ្រើសយកព្រៃក្នុងឧទ្យានអង្គរ ដើម្បីព្រលែងសត្វទោចម្កុដ ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃស្អាត ធម្មជាតិល្អ មានអាហារគ្រប់គ្រាន់។

លក្ខណៈពិសេសរបស់ទោចម្កុដ ជាសត្វប្រកាន់ដៃគូ ស្មោះត្រង់នឹងដៃគូ រស់នៅជាគ្រួសារ គម្លាតពីគ្រួសារ១ ទៅគ្រួសារ១ ប្រហែល ១គីឡូម៉ែត្រកន្លះ អាយុ ៦ឆ្នាំ ពេញវ័យ និងមានផ្ទៃពោះរយៈពេល ៨ខែ មានកូនម្តង១ ហើយជាសត្វមិនបង្ករគ្រោះថ្នាក់ដល់មនុស្សឡើយ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា យើងបានសហការជាមួយរដ្ឋបាលព្រៃឈើ អង្គការសម្ពន្ធមិត្តសត្វព្រៃ តាំងពីឆ្នាំ២០១៣ ក្នុងការព្រលែងសត្វព្រៃជាច្រើនប្រភេទក្នុងព្រៃរមណីយដ្ឋានអង្គរ។ ក្នុងនោះ ទោចម្កុដ គឺយើងអាចព្រលែងបានតែ ៤គ្រួសារទេ។ ចំពោះការថែទាំទាំងទោចម្កុដ និងសត្វផ្សេងៗ គឺមុនព្រលែងក្នុងព្រៃមានក្រុមការងារបន្សាំ ឱ្យចំណី តាមដានសុខភាព និងសុវត្ថិភាពផងដែរ។ អាជ្ញាធរជាតិអប្សរាក៏បានបង្កប់កាមេរ៉ានៅតាមទីតាំងមួយចំនួនឃើញថា សត្វព្រៃដែលក្រុមការងារព្រលែង គឺមានវត្តមានទាំងអស់។

កន្លងមក អាជ្ញាធរជាតិអប្សរារួមនឹងអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ បានព្រលែងសត្វទោចម្កុដបានចំនួន ៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានព្រលែងសត្វឈ្លូស ៤ក្បាល ស្វាព្រាហ្មណ៍ ១២ក្បាល សំពោចក្រអូប ៥ក្បាល និងភេខ្លួនរលោង ៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន ២ហើយ។

ជាគោលដៅទៅអនាគត អាជ្ញាធរជាតិអប្សរាដោយសហការជាមួយអង្គការសម្ពន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ នឹងយកសត្វប្រើស សត្វក្ងោក និងសត្វកេងកងមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរបន្ថែមទៀតដែរ៕

អត្ថបទទាក់ទង