ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រដល់ TVET ដែលជាសសរស្តម្ភនៃជីវភាពថ្លៃថ្នូរ និងកំណើនសេដ្ឋកិច្ចដល់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ីបានលើកឡើងថា កិច្ចខិតខំពង្រឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា ជាសសរស្តម្ភនៃនិរន្តរភាពជីវភាពរស់នៅសមរម្យ ជាពិសេសក្នុងចំណោម ក្រុមងាយរងគ្រោះ និងការជ្រោងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់នឹងវិបត្តិនានា ដូចជា ជំងឺរាតត្បាត COVID-19 ជាដើម។ ដើម្បីជំរុញ និងលើកកម្ពស់ការយល់ដឹងបន្ថែមអំពីសារៈសំខាន់នៃ TVET ធនាគារអភិវឌ្ឍន៍អាស៊ី រួមសហការជាមួយភ្នាក់ងារពាក់ព័ន្ធផ្សេងៗ បាននិងកំពុងគាំទ្ររាជរដ្ឋភិបាលកម្ពុជា ប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទីបី ឆ្នាំ២០២០ នៅថ្ងៃទី ១៥ មិថុនា ក្រោមប្រធានបទ “TVET ធ្វើឱ្យជីវិតកាន់តែប្រសើរ“។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ការគាំទ្រនេះ គឺបានចាប់តាំងពីឆ្នាំ ២០១៤មក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីធ្វើកំណែទម្រង់លើកស្ទួយប្រព័ន្ធ និងកម្មវិធី TVET នៅកម្ពុជាឱ្យដល់កម្រិតថ្មីមួយទៀតដោយបានវិនិយោគថវិកាជិត១៧៥លានដុល្លារអាម៉េរិក។ ការងារនេះ រួមមានការសម្រួចជំនាញ និងសមត្ថភាពប្រកួត ប្រជែងកម្លាំងពលកម្មផ្នែកឧស្សាហកម្មរបស់ប្រទេសកម្ពុជា ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់វិស័យអាទិភាពទាំងបួនរួមមាន ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។ ជាមួយគ្នានេះ វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសដែលបានជ្រើសរើស ត្រូវបានប្រែក្លាយទៅជាវិទ្យាស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាំមុខគេទូទាំងប្រទេសដើម្បីអភិវឌ្ឍន៍អ្នកបច្ចេកទេសប្រកបដោយគុណភាពខ្ពស់ សម្រាប់វិស័យអាទិភាព ហើយឆ្លើយតបទៅនឹងបន្លាស់ប្តូរតម្រូវការផ្នែកឧស្សាហកម្ម និងបច្ចេកទេស។ ការគាំទ្រក្នុងការអប់រំនិងការអភិវឌ្ឍជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានចូលរួមចំណែកនាំមកនូវបរិក្ខារបង្កើនជំនាញ សម្ភារសិក្សា ព្រមទាំងគុណភាពបង្រៀនដល់សិស្សវិទ្យាល័យជិតកន្លះលាននាក់ (ដែលក្នុងនោះ ៤០ភាករយជាស្រ្តី) និងបានជួយសិស្ស ប្រមាណ ៣៤,០០០នាក់ (មានស្រ្តី ៥២,៨ភាគរយ) ចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET។
ជាមួយគ្នានេះ ដោយគិតគូរអំពី “ភាពធម្មតាក្នុងររិបទថ្មី “ ដែលនាំមកដោយការរាតត្បាតនៃជំងឺ COVID-19 គម្រោងរបស់ ADB ក៏ពង្រឺងតួនាទី និងការចូលរួមនៃវិស័យឧស្សាហកម្មក្នុងការអភវឌ្ឍជំនាញ ដោយផ្តោតលើ ការពង្រឹងជំនាញ (upskilling) និងការប្តូរជំនាញ (reskilling) ក្នុងចំណោមកម្មករ។ វិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេសនិងឧស្សាហកម្ម បានបង្កើតដៃគូ ដើម្បីលើកកម្ពស់កម្មវិធីសិក្សានៅកន្លែងការងារ(work-based learning) និងពង្រីកមូលនិធីអភិវឌ្ឍន៍ជំនាញ (Skill Development Fund) ដែលជាយន្តការផ្តល់ហិរញ្ញប្បទានសម្រាប់វិស័យ TVET ថ្មី។
សូមបញ្ជាក់ថា កម្មវិធីTVET ដែលមានគុណភាព ហើយធន់នឹងវិបត្តិនឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបង្កើន សហគ្រាសខ្នាតតូចនិងមធ្យម (small and medium sized enterprises or SMEs) ដែលជាឆ្អឹងខ្នងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព៕