សហព័ន្ធកីឡាជាតិ ចាប់ផ្ដើមសកម្មភាពឡើងវិញជាបណ្ដើរៗ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងអប់រំ
សហព័ន្ធកីឡាជាតិមួយចំនួន បានចាប់ផ្ដើមសកម្មភាពប្រមូលផ្ដុំហ្វឹកហាត់បណ្ដើរៗហើយ ក្រោយរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) បានបើកភ្លើងខៀវអនុញ្ញាតឲ្យមានការប្រកួត និងការប្រមូលផ្ដុំឡើងវិញនៅខែមិថុនា។ ទន្ទឹមជាមួយគ្នា សហព័ន្ធនីមួយៗបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡាទៀតផង។
លោក ជាម សុភា អគ្គលេខាធិការស្ដីទី នៃសហព័ន្ធកីឡាវាយសីកម្ពុជាបានឲ្យដឹងថា សហព័ន្ធខ្លួនបានចាប់ផ្ដើមប្រមូលផ្ដុំ នៅថ្ងៃទី០១-មិថុនា តាមការណែនាំរបស់ក្រសួងអប់រំ ដោយអនុវត្តជាជំហានៗ។ ជាក់ស្ដែងជំហានដំបូង សហព័ន្ធបានប្រមូលផ្ដុំក្រុមជម្រើសជាតិថ្នាលសិន ឯជម្រើសជាតិក្រុមធំ សហព័ន្ធនឹងប្រមូលផ្ដុំ ក្រោយមានការណែនាំបន្ថែមពីក្រសួង។ អ្វីដែលសំខាន់ មុនចូលហាត់ សហព័ន្ធបានដាក់ផែនការអនាម័យយ៉ាងម៉ឹងម៉ាត់ សម្រាប់កីឡាករ-កីឡាការិនីអនុវត្ត គឺការវាស់កម្ដៅ និងការបាញ់អាល់កុលសម្លាប់មេរោគជាដើម។
ជាមួយការត្រឡប់ចូលជំរំហ្វឹកហាត់នេះដែរ អគ្គលេខាធិការស្ដីទីខាងលើបានបន្ថែមថា លោកសង្កេតឃើញកម្រិតសមត្ថភាពក្រុមជម្រើសជាតិថ្នាល ហាក់ធ្លាក់ចុះច្រើន ផ្ទុយពីការប្រមូលផ្ដុំហ្វឹកហាត់ជាប់លាប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយសម្រាករយៈពេល ២ខែ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកលនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ លោកមានសុទិដ្ឋិនិយមខ្ពស់ ក្រោយត្រឡប់មកហ្វឹកហាត់វិញ កីឡាករ-កីឡាការិនីថ្នាល នឹងស្ដារសមត្ថភាពមកដូចដើម ក្នុងរយៈពេល ១ខែ ដើម្បីត្រៀមការប្រកួតផ្សេងៗ។
គួរដឹងថា សកម្មភាពកីឡា ត្រូវបានអនុញ្ញាតឲ្យចាប់ផ្ដើមឡើងវិញជាបណ្ដើរៗ ចាប់ពីខែមិថុនា ក្រោមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាលច្រើន តែត្រូវបន្ដអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលជានិច្ច។ គិតត្រឹមថ្ងៃទី០២ ខែមិថុនានេះ មានសហព័ន្ធកីឡាមួយចំនួន បានចាប់ផ្ដើមសកម្មភាពហើយ ដូចជាកីឡាវាយសី កីឡាកាយសម្ព័ន្ធ កីឡាប៉េតង់ ព្រមទាំងក្លិបបាល់ទាត់ជាច្រើន ក៏បានប្រមូលផ្ដុំហ្វឹកហាត់ដែរ ដើម្បីត្រៀមបន្ដការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២០៕