ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ «ខានចូលឆ្នាំម្តងប្រសើរជាងសាកល្បងឆ្លងកូវីដ-១៩!»

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 741
    លិខិតមិត្តអ្នកអាន៖ «ខានចូលឆ្នាំម្តងប្រសើរជាងសាកល្បងឆ្លងកូវីដ-១៩!»លិខិតមិត្តអ្នកអាន៖ «ខានចូលឆ្នាំម្តងប្រសើរជាងសាកល្បងឆ្លងកូវីដ-១៩!»

    ក្នុងស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ និងសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ​ជាង ១៦លាននាក់នៅទូទាំងប្រទេស រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលបានការគាំទ្រ និងការឯកភាពពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ បានសម្រេចបិទមិនឲ្យពលរដ្ឋធ្វើចរាចរណ៍ពីភ្នំពេញទៅកាន់បណ្តាខេត្ត ឬពីខេត្តមួយទៅកាន់ខេត្តមួយឡើយ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ពោលគឺចាប់ពីយប់អាធ្រាតថ្ងៃទី៩ ដល់១៦ មេសាឆ្នាំ ២០២០ ។

    ជាការពិត មានអ្នកខ្លះអាចយល់ឃើញថា នេះជាការបិទសិទ្ធិសេរីភាពក្នុងការដើរហើររបស់ប្រជាពលរដ្ឋ ជាពិសេស ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ដែលគ្រួសារខ្មែរត្រូវការជួបជុំគ្នាមួយឆ្នាំម្តង។ ប៉ុន្តែ បើយោងលើស្ថានការណ៍ជាក់ស្តែងនៅជុំវិញពិភពលោក ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីកូវីដ-១៩ យើងនឹងយល់ថា វិធានការពិសេសនេះ​ពិតជាសមស្របណាស់ពីព្រោះសូមកុំភ្លេចថា កូវីដ-១៩ គឺជាមេរោគដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សបំផុត ជាពិសេសវាឆ្លងរាលដាលកាន់តែលឿននៅពេលមនុស្សជួបជុំគ្នាកកកុញច្រើននិងនៅជិតគ្នា។ ប្រទេសចិន ដែលទទួលរងការវាយប្រហារមុនគេនិងយ៉ាងលឿនរហ័ស គឺក៏ដោយសារតែមេរោគនេះបានផ្ទុះឡើងចំពេលបុណ្យចូលឆ្នាំថ្មីដែលពលរដ្ឋចិនរាប់រយលាននាក់ធ្វើដំណើរចុះឡើងខ្វាត់ខ្វែងយ៉ាងកកកុញក្នុងពីធីបុណ្យចូលឆ្នាំថ្មី។ នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងរងការវាយប្រហារពេញទំហឹងដោយកូវីដ-១៩ រហូតធ្វើឲ្យមនុស្សឆ្លងរាប់សែននាក់ និងស្លាប់រាប់ម៉ឺននាក់ គឺក៏ដោយសារតែពលរដ្ឋមិនស្តាប់ការណែនាំរបស់រដ្ឋាភិបាល ហើយនាំគ្នាចេញដើររហេតរហូតគ្មានឈប់ឈរ។ លើការជាក់ស្តែងដែលយើងបានដឹងលឺទាំងអស់គ្នានោះ គឺ ប្រទេស អ៊ីតាលី បារាំង អេស្ប៉ាញ អង់គ្លេស ជាដើម ដែលមានប្រជាជនស្លាប់រៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃៗ ប្រទេសទាំងនេះមានប្រជាជនខ្លួនបានស្លាប់ក្នុងចន្លោះពី ជាង៤០០នាក់ ទៅជិត ២០០០នាក់ នៅទីបំផុតក៏បានសម្រេចយកវិធានការបិទខ្ទប់ប្រទេស ហើយបង្ខំឲ្យពលរដ្ឋសម្ងំនៅតែក្នុងផ្ទះដើម្បីទប់ស្កាត់គ្រោះមហន្តរាយដែលកាន់តែធ្ងន់ធ្ងរឡើងៗជាលំដាប់។ វិធានការរាំងខ្ទប់មនុស្សកុំឲ្យដើរ គឺជាជម្រើសតែមួយគត់ដែលមានប្រសិទ្ធភាពបំផុត​សម្រាប់ទប់ទល់ជាមួយមេរោគកូវីដ-១៩ ខណៈដែលអ្នកវិទ្យាសាស្ត្រ មិនទាន់រកឃើញថ្នាំព្យាបាល ឬវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយ។

    ក្នុងន័យនេះ រដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចហាមប្រាម​មិនឲ្យពលរដ្ឋខ្លួនធ្វើដំណើរឆ្លងពីភ្នំពេញទៅខេត្ត ឬពីខេត្តមួយទៅខេត្តមួយទៀត រឺ ពីស្រុកមួយទៅស្រុកមួយទៀត គឺជាជម្រើសដ៏សមស្របបំផុត ដែលមិនអាចចៀសវាងបានឡើយនៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ និងក្នុងទស្សនៈ «ការពារប្រសើរជាងព្យាបាល»

    ពិតហើយ ប្រជាពលរដ្ឋខ្មែរដែលទទួលផលពីសុខសន្តិភាព និងការអភិវឌ្ឍ តែងតែស្វែងរកការជួបជុំ សប្បាយរីករាយ ក្នុងនោះពិធីបុណ្យធំៗដែលបានជួបជុំគ្រួសារ មិត្តភ័ក្ត គឺជាពិធីដ៏សប្បាយរីករាយបំផុត។ ដូច្នេះ ការខកខានមិនបានជួបជុំក្នុងពេលបុណ្យចូលឆ្នាំ ពិតជាការខកចិត្តមួយ។ ប៉ុន្តែ បើយើងសាកល្បងគិតថា ក្រោយពីពិធីជួបជុំបុណ្យចូលឆ្នាំដ៏សប្បាយរីករាយទៅ ស្រាប់តែ កូវីដ-១៩ ផ្ទុះឡើងនៅគ្រប់ទិសទី។ ឪពុកម្តាយ បងប្អូន ជីដូនជីតា យើងស្រាប់តែឆ្លងមេរោគនេះ តើយើងមានអារម្មណ៍បែបណា? វាពិតជារឿងសោកសង្រេងខ្លាំងណាស់ គឺខ្លាំងជាងការខកខានមិនបានទៅជួបជុំគ្នារាប់រយរាប់ពាន់ដងឯណោះ។ ហើយជួនកាល វិប្បដិសារីនេះនឹងកើតមានសម្រាប់ខ្លួនយើងពេញមួយជីវិតក៏ថាបាន។

    ម្យ៉ាងទៀត បុណ្យចូលឆ្នាំមានជារៀងរាល់ឆ្នាំ។ ដូច្នេះ បើយើងខានរៀបចំឆ្នាំនេះ យើងនៅតែអាចរៀបចំពិធីបុណ្យនេះឡើងវិញបាននៅឆ្នាំក្រោយ។ សុភាសិតបូរាណខ្មែរយើង​បានពោលថា «ទាល់តែឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក»។ សុភាសិតនេះចង់ទូន្មានដល់កូនខ្មែរថា «កុំឲ្យព្រហើន កុំមើលស្រាលសភាពការណ៍ ហើយកុំរង់ចាំដល់មាត់ជ្រោះ​នៃសេចក្តីស្លាប់ ទើបនាំគ្នាស្រក់ទឹកភ្នែកហើយភ្ញាក់រលឹក ពីព្រោះវាហួសពេលទៅហើយ»។ ជាពិសេស ក្នុងសមរភូមិប្រយុទ្ធជាមួយសត្រូវឥតស្រមោលដូចជា កូវីដ-១៩ នេះជាដើម រឹតតែមិនត្រូវមើលងាយសភាពការណ៍សោះឡើយ។

    បច្ចុប្បន្ន ប្រទេសកម្ពុជាយើងមិនទាន់រងគ្រោះខ្លាំងដោយសារកូវីដ-១៩ នៅឡើយនោះទេ។ នេះគឺដោយសារតែរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ធមន្ត្រី ហ៊ុន សែន មានភាពឈ្លាសវៃ
    ស្គាល់​និងវាយតម្លៃសភាពការណ៍បានត្រឹមត្រូវ និងស្គាល់កាលៈទេសៈ ហើយដឹងថា ពេលណាត្រូវធ្វើអ្វី។ ដំណើរការចាត់ចែងរបស់លោកនាយករដ្ឋមន្ត្រី តាំងពីដំណាក់កាលទី១ រហូតមកដល់ពេលនេះ គឺជាការរៀបចំក្រឡាដើរបានយ៉ាងល្អ ទាំងនៅក្នុងក្របខណ្ឌជាតិ និងអន្តរជាតិទើបអាចបញ្ចៀសប្រទេសជាតិយើង​មិនឲ្យធ្លាក់ចូលក្នុងមហន្តរាយនៃកូវីដ-១៩ រហូតដល់ពេលនេះ ខណៈដែលបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក កំពុងតែធ្លាក់ដុនដាបយ៉ាងខ្លាំងបំផុត។

    ដូច្នេះសរុបមកវិញ យើងជាពលរដ្ឋខ្មែរ គ្មានជម្រើសអ្វីល្អជាងការស្តាប់ និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលនោះឡើយ ហើយជាពិសេសការខកខានជួបជុំគ្នាម្តងក្នុងពិធីបុណ្យចូលឆ្នាំ​ មិនមែនជារឿងដែលយើងមិនអាចធ្វើបាននោះឡើយ។ ពិធីបុណ្យចូលឆ្នាំនៅតែអាចធ្វើនៅនឹងកន្លែងជាមួយបងប្អូន មិត្តភ័ក្តិ ក្រុមគ្រួសារជា លក្ខណៈទ្រង់ទ្រាយតូចបានដដែល។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺ «ក្រោយបុណ្យចូលឆ្នាំ យើងមានសុវត្ថិភាពពីកូវីដ-១៩ នោះទើបជាដំណឹងល្អ»

    ដូច្នេះ ការខនខានចូលឆ្នាំម្តង ប្រសើរជាងសាកល្បងឆ្លងកូវីដ-១៩ ក្នុងជីវិតខ្ញុំជឿជាក់ថា បងប្អូនខ្មែរយើងអាចធ្វើបាន ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង​ចៀសផុតពីកូវីដ-១៩។

    ដោយ : អ្នកនយោបាយតុកាហ្វេ

    អត្ថបទទាក់ទង