សម្តេចក្រឡាហោម ស ខេង ផ្តាំផ្ញើប្រតិភូនាវាយុវជនកម្ពុជាដែលនឹងត្រៀមខ្លួនចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឱ្យសមាគមនាវាយុវជនកម្ពុជា និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលនឹងត្រៀមខ្លួនចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍។ ក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានផ្តាំផ្ញើឱ្យប្រតិភូនាវាយុវជនកម្ពុជាទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ និងចេញសាមគ្គីភាពភាពផ្ទៃក្នុងឱ្យបានល្អ នៅពេលចេញទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នៅឆ្នាំ២០១៧នេះ។
សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញឱ្យប្រតិភូយុវជនទាំងអស់ចេះទាញយកផលប្រយោជន៍ ពីទំនាក់ទំនងបុគ្គលសម្រាប់ជួយដល់ការអភិវឌ្ឍសង្គម និងប្រទេសជាតិ ព្រោះជាធម្មតា ក្នុងការជជែកការងារប្រសិនបើមានតែគោលការណ៍ អត់មានទំនាក់ទំនងបុគ្គល យោគយល់គ្នា នោះការពិភាក្សាមិនសូវជាទទួលបានផ្លែផ្កា ដូចនៅពេលយើងមានទំនាក់ទំនងល្អ ស្គាល់ចិត្តស្គាល់ថ្លើមគ្នារួចហើយនោះទេ។ នេះជាបេសកកម្មមួយយ៉ាងល្អបំផុត ដែលយុវជនទាំងអស់ មានឱកាសបានចូលរួមកម្មវិធីថ្នាក់តំបន់នេះ បូករួមជាមួយនឹងជប៉ុនផងដែរ ដែលផ្តល់ឱកាស ដើម្បីស្គាល់ យល់ និងចែករំលែកចំណេះដឹង ទំនៀមទម្លាប់វប្បធម៌ ប្រណៃណីខ្មែរ ជាមួយយុវជនមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន។
ជាមួយគ្នានេះ សម្តេចក្រឡាហោមនាយករដ្ឋមន្រ្តីក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះសមាគមនាវាយុវជនកម្ពុជា ដែលបានធ្វើការជ្រើសរើសយុវជនស្ម័គ្រចិត្ត១២០នាក់ ដើម្បីត្រៀមលក្ខណៈទទួលប្រតិភូយុវជនទាំងអស់ នៅពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕