ខ្មែរប៉ុស្ដិ៍ Close

មតិប្រជាពលរដ្ឋ៖ សូមកុំយកស្បែកអង្គការសិទ្ធិមនុស្ស​មកការពារជនបំពុល​ព័ត៌មានសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 743
មតិប្រជាពលរដ្ឋ៖ សូមកុំយកស្បែកអង្គការសិទ្ធិមនុស្ស​មកការពារជនបំពុល​ព័ត៌មានសង្គមមតិប្រជាពលរដ្ឋ៖ សូមកុំយកស្បែកអង្គការសិទ្ធិមនុស្ស​មកការពារជនបំពុល​ព័ត៌មានសង្គម

ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា និងពិភពលោកទាំងមូលកំពុងផ្ដោតការយកចិត្តទុកដាក់ដើម្បីការពារទប់ស្កាត់ប្រឆាំងនឹងជំងឺកូវីដ-១៩ បែរជាមានជនអគតិមួយចំនួនខិតខំបង្ហោះសារ និងរូបភាពក្លែងក្លាយបំភ្លៃព័ត៌មាន បំភិតបំភ័យប្រជាពលរដ្ឋអំពីការរាតត្បាតនៃជំងឺកូវីដ-19នេះទៅវិញ។ ទន្ទឹមនេះក៏មានអង្គការសិទ្ធិមនុស្សមួយឈ្មោះ លីកាដូ បានចូលរួមគាំទ្រទង្វើខុសច្បាប់នេះដោយបានចាត់ទុកថាជាការរំលោភលើសិទ្ធិនៃការបញ្ចេញមតិទាំងទទឹងទិសផងដែរ។ ក្នុងនោះលោក អំ សំអាត ដែលជានាយករងនៃអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយការពារជនដែលបានប្រព្រឹត្តល្មើសច្បាប់ និងមានចេតនាលើកទឹកចិត្តអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីជំងឺកូវីដ-19 នេះថាជាការបំបិទសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋទៅវិញ។

ពិតណាស់ ការបង្ហោះសារក្នុងន័យអប់រំដើម្បីទប់ស្កាត់ជំងឺកូវីដ-19 គឺជាការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋគ្រប់រូបដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ប៉ុន្តែរាល់ការបង្ហោះសារដែលមានន័យក្នុងការបំភិតបំភ័យ បង្កភាពចលាចលក្នុងសង្គមមិនមែនជាការអនុវត្តសិទ្ធិរបស់ខ្លួននោះទេ តែវាគឺជាការបំពានច្បាប់ ហើយសមត្ថកិច្ចមានសិទ្ធិក្នុងការបង្ក្រាបដើម្បីនាំខ្លួនអ្នកប្រព្រឹត្តមកទទួលខុសត្រូវតាមផ្លូវច្បាប់។ កន្លងទៅ អង្គការសិទ្ធិមនុស្សមួយចំនួនបានតាំងខ្លួនជាអ្នកការពារសិទ្ធិហួសព្រំដែន ព្រោះសូម្បីតែចោរប្លន់ប្រដាប់អាវុធដែលត្រូវបានសមត្ថកិច្ចចាប់បាន នៅពេលដែលក្រុមនោះកំពុងធ្វើសកម្មភាពជាក់ស្តែង ក៏អង្គការសិទ្ធិមនុស្សមួយចំនួននោះតែងចូលខ្លួនទៅរារាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចមិនឱ្យអនុវត្តវិធានការច្បាប់ទៅលើជនប្រព្រឹត្តអំពើប្លន់ប្រដាប់អាវុធជាក់ស្តែងនោះដែរ ដោយលើកហេតុផលថាត្រូវគោរពសិទ្ធិជនជាប់ចោទ និងត្រូវយកទៅកាត់ទោសនៅតុលាការជាដើម ហើយថែមទាំងខិតខំស្វះស្វែងរកមេធាវីមកជួយការពារក្តីដល់ជនល្មើសទាំងនោះថែមទៀត។ ផ្ទុយទៅវិញ ក្រុមអង្គការសិទ្ធិមនុស្សមួយចំនួននោះមិនបានអើពើចំពោះជនរងគ្រោះដែលមានរបួស ឬស្លាប់ដោយអំពើចោរកម្មនោះឡើយ។ ជារឿយៗគេមិនដែលឃើញអង្គការសិទ្ធិមនុស្សទាំងនោះចុះទៅសួរសុខទុក្ខជនរងគ្រោះ ឬទៅចូលបុណ្យសពអ្នកដែលស្លាប់ដោយក្រុមចោរប្លន់នោះទេ ផ្ទុយទៅវិញ អង្គការទាំងនោះបែរជាខិតខំការពារ និងលើកទឹកចិត្តជនល្មើសឱ្យបន្តប្រព្រឹត្តថែមទៀត។

ជាក់ស្តែងថ្មីៗនេះនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធនឹងការបញ្ចេញព័ត៌មានក្លែងក្លាយរឿងជំងឺកូវីដ-19 ដោយសារពួកគេបានបង្ហោះព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់ក្នុងការធ្វើតេស្តជំងឺកូវីដ-19 បែរជាលោក អំ សំអាត ចោទថាចំណាត់ការរបស់សមត្ថកិច្ចទៅលើអ្នករិះគន់រឿងជំងឺកូវីដ-19 និងអ្នកផ្សព្វផ្សាយលក់ផលិតផលក្លែងក្លាយទាំងនោះតាមបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចលែងហ៊ាននិយាយការពិតទៅវិញ។ ការលើកឡើងនេះគឺហាក់បីដូចជាលោក អំ សំអាត ចង់លើកទឹកចិត្តឱ្យជនប្រព្រឹត្តបន្តបំពុលសង្គម និងធ្វើឱ្យសង្គមដែលកំពុងជួបនឹងវិបត្តិនៃជំងឺឆ្លងនេះកាន់តែមានស្ថានភាពវឹកវរបន្ថែមទៀតដូច្នោះដែរ។

តាមការពិត អ្វីដែលអាជ្ញាធរមានសមត្ថកិច្ចបានអនុវត្តការចាប់ខ្លួនគឺពិតជារឿងត្រឹមត្រូវពីព្រោះដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការលក់សំភារៈបរិក្ខាពេទ្យក្លែងក្លាយ។ គេត្រូវមើលឱ្យឃើញថាប្រជាពលរដ្ឋភាគច្រើន បានធ្វើការបញ្ចេញមតិរឿងជំងឺកូវីដ-19នេះជាច្រើន ប៉ុន្តែពួកគាត់មិនមានបញ្ហាអ្វីនោះទេ ព្រោះជាការរិៈគន់ដើម្បីស្ថាបនា។ ប៉ុន្តែ រាជរដ្ឋាភិបាលមានវិធានការច្បាប់ចំពោះតែជនមួយក្រុមតូចដែលផ្សព្វផ្សាយព័ត៌មានមិនពិត និងលក់ផលិតផលខុសច្បាប់គ្រប់គ្រងឱសថ ក្នុងចេតនាទុច្ចរិតដើម្បីបំភិតបំភ័យ បំផ្លើស និងក្នុងចេតនាបង្កភាពចលាចលក្នុងសង្គមប៉ុណ្ណោះ។ សមត្ថកិច្ចមិនដែលចាប់មនុស្សណាដែលគ្មានកំហុសនោះទេ។ ដូច្នេះ សូមលោក អំ សំអាត កុំយកស្បែកអង្គការសិទ្ធិមនុស្សរបស់លោកមកការពារជនបំពុលព័ត៌មានសង្គម និងលើកទឹកចិត្តឱ្យជនល្មើសទាំងនោះបន្តប្រព្រឹត្តអំពើខុសឆ្គងនោះតទៅទៀត ព្រោះវានឹងនាំឱ្យលោកអាចជាប់ចោទពីបទរួមគំនិតចូលរួមក្នុងការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយនោះដែរ៕
ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)

អត្ថបទទាក់ទង