អ្នកនាំពាក្យក្រសួងការងារ បញ្ជាក់ថា ពលករធ្វើការនៅប្រទេសកូរ៉េ និងថៃ មានសុវត្ថិភាពល្អ
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ពលករដែលធ្វើការនៅរោងចក្រនៅកូរ៉េ វៀតណាម និងថៃ មានសុវត្ថិភាពល្អ ព្រោះគេមិនបានធ្វើទំនាក់ទំនងទៅកាន់មជ្ឈដ្ឋានខាងក្រៅច្រើន ក្រៅពីមិត្តភក្តិរួមការងារ និងអ្នកផ្ទះ។
ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃ ទី១៩ ខែមីនា ឆ្នាំ២០២០ លោក ហេង សួរ បានគូសបញ្ជាក់ថា នៅក្នុងប្រទេសថៃគេមិនបានបិទរោងចក្រនោះទេ ប៉ុន្តែគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ដ ឬសាកលវិទ្យាល័យដោយសារអ្នកដែលបម្រើការងារនៅទីនោះ ពួកគាត់ជួបជាមួយអតិថិជនប្លែកៗ បើជានិស្សិត គាត់ជួបមិត្តភក្តិផ្សេងៗ ហើយពេលចេញពីរៀន គាត់ចេញទៅធ្វើការនៅកន្លែងផ្សេងៗ ដែលធ្វើឱ្យគាត់ប្រឈមនឹងហានិភ័យ។
លោកបានថ្លែងថា “ផ្ទុយទៅវិញ រោងចក្រនៅវៀតណាម កូរ៉េ នៅពេលជួបវិបត្តិនឹងជំងឺកូវីដ-១៩នេះ គឺជាមនុស្សដែលមានសុវត្ថិភាពបំផុត។ ដោយសារ គាត់ធ្វើការជាមួយមិត្តភក្តិ សហការរីរបស់គាត់ គាត់មិនជួបជាមួយមនុស្សចម្លែកទេ ជួបតែមិត្តភក្តិរបស់គាត់ ជួបសមាជិកគ្រួសារ ឬអ្នកស្នាក់នៅក្នុងបន្ទប់ជាមួយគ្នា អីចឹងហានិភ័យអ្នកទាំងនេះមានតិច បើតាមការវាយតម្លៃរបស់ក្រុមវេជ្ជសាស្ត្ររបស់ថៃ កូរ៉េ និងវៀតណាម។”
លោកបានលើកឡើងថា បើគេបិទភោជនីយដ្ឋាន ក្លឹបកម្សាន្ត តែគេមិនបិទរោងចក្រនោះទេ ដោយសាររោងចក្រមិនបម្រើសេវាដល់អតិថិជននោះទេ ពីព្រោះកម្មករធ្វើការងារតែជាមួយសហការី ហើយជួបមុខតែគ្រួសារគាត់ទេ ដែលអត់មានលទ្ធភាពខាងក្រៅណាមកចម្លងគាត់ទេ។ លោកបានបន្ថែមថា កត្ដាទាំងនេះវាជាលក្ខណៈពិសេសដែលក្រុមវេជ្ជសាស្ត្រវាយតម្លៃថាតំបន់ណាដែលមានសុវត្ថិភាពបន្តឱ្យបើក ប៉ុន្តែវិស័យណាដែលមានហានិភ័យ ជួបជាមួយមនុស្សច្រើន គឺត្រូវតែបិទ។
លោកបន្តថា ចំពោះកន្លែងដែលធ្វើការជាមួយមនុស្សដដែល គឺរក្សាទុកឱ្យនៅដដែល ហើយការទុកនោះគឺដើម្បីរក្សាសុវត្ថិភាពបងប្អូនកម្មករទាំងអស់ ហើយបើបញ្ឈប់កម្មករនោះបងប្អូននឹងទៅធ្វើការទៅកន្លែងផ្សេងៗ ដែលជាហេតុនាំឱ្យមានការឆ្លងជំងឺវិញ។
លោក ហេង សួរ បានបញ្ជាក់ទៀតថា ប្រទេសថៃបានប្រកាសមិនធ្វើបុណ្យចូលឆ្នាំនោះទេ ដោយសារតែថា បើធ្វើហើយឈប់ថ្ងៃចូលឆ្នាំនោះមនុស្សនឹងធ្វើការចល័តពេញប្រទេសថៃ ហើយអ្នកទាំងអស់នោះអាចមិនមានសុវត្ថិភាព ក្នុងពេលធ្វើដំណើរទៅស្រុក ដែលអាចនឹងជួបអ្នកធ្វើដំណើរដែលមានហានិភ័យក្នុងការឆ្លងមេរោគទៅវិញ៕