រាជរដ្ឋាភិបាល ប្រកាសបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ-១៩
នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រកាសបិទបន្ថែមរួមមាន៖ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល។ នេះបើយោងតាមលិខិតរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះ។
នៅក្នុងលិខិតរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា «យោងតាមគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សូមឲ្យបិទ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ពេលជំងឺកូវីដ-១៩ បានធូរស្រាល»។