ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ដង្ហែកឋិនទានមកកាន់វត្តសិរីគង្គាសេដ្ឋារាម ហៅវត្តព្រែក ប្រមូលបច្ច័យកសាងជាង៣២លានរៀល

ដោយ៖ សន បទុម ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 85

(ពោធិ៍សាត់)៖ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប និងលោកជំទាវ ព្រមទាំងសហការី និងអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទមកពីទីក្រុងភ្នំពេញ មានសទ្ធាជ្រះថ្លា បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តសិរីគង្គាសេដ្ឋារាម ហៅវត្តព្រែក ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាថ្ងៃ១៣រោជ១៤ ខែអស្សុជ ឆ្នាំរការ នព្វស័ក ពស២៥៦១ត្រូវនឹងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ទី១៨និង១៩ ​ខែតុលា ឆ្នាំ២០១៧។

នៅក្នុងឱកាសនោះ ក៏មានការចូលរួម ពីឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ​ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ, លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម​ ម៉ៅ ធនិន ​​អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីអ្នកមុខអ្នកការ ក្នុងខេត្ត ស្រុក និងពុទ្ធបរិស័ទ ម្ចាស់ដើមទាន ប្រធានដើមបុណ្យ ទាំងមកពីភ្នំពេញ និងចំណុះជើងវត្តយ៉ាងច្រើនកុះករ ក៏បានធ្វើពិធីដង្ហែអង្គកឋិនទានសាមគ្គី ប្រទក្សិណព្រះវិហារទៅតាមគន្លង នៃព្រះពុទ្ធសាសនា ដែលមានតាំងពីយូរលង់ណាស់មកហើយយ៉ាងគគ្រឹកគ្រែង។

លោក សូ​ សាហុង អភិបាលស្រុកភ្នំក្រវាញ បានថ្លែងនូវអំណរគុណ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវ ព្រមទាំងសហការី ដែលមានសទ្ធាជ្រះថ្លា ផ្តូចផ្តើមប្រារព្ធធ្វើអង្គកឋិនទាន ដង្ហែចូលមកវត្តសិរីគង្គាសេដ្ឋារាម ហៅវត្តព្រែក ជាលើកទី២ កាលពីឆ្នាំ២០១៥ ដែលដង្ហែចូលរួមម្តងមកហើយ។ លោកបានឱ្យដឹងទៀតថា សមិទ្ធផលក្នុងនោះព្រះវិហាដ៏ថ្មីស្រឡាង នៅក្នុងវត្តសេរីគង្គាសេដ្ឋារាម ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ជាអ្នកកសាងផ្ទាល់ ​ហើយនៅពេលខាងមុខនេះនឹងកសាងសាលាឆាន់មួយទៀត ជំនួសសាលាឆាន់ចាស់ដែលទ្រុឌទ្រោម។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែងថា នេះគឺជារដូវកាលមួយ ទាំងព្រះសង្ឃ និងទាំងគ្រហស្ថ ទាំងក្នុង និងក្រៅប្រទេស ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែរួបរួមសាមគ្គីឯកភាពគ្នា នៅក្នុងក្រុមគ្រួសារ និងសហគមន៍ ប្រារព្ធធ្វើបុណ្យអង្គកឋិនទាន ដោយសទ្ធាជ្រះថ្លា ក្នុងរយៈពេលតែ២៩ថ្ងៃ ដោយចាប់ពីថ្ងៃ១រោជ ខែអស្សុជ ដល់ថ្ងៃ១៤កើត ខែកក្តិកនៃឆ្នាំនីមួយៗ មិនដែកអាកខានឡើយ។ ដោយហេតុយ៉ាងនេះហើយ បានជាបង្កើតឱ្យមានបុណ្យកឋិនទានសាមគ្គីនេះឡើង ដើម្បីប្រមូល គៀងគររកថវិកាជួយទ្រទ្រង់ដល់វិស័យសាសានារបស់ជាតិយើង ជាពិសេសនៅក្នុងវត្តសិរីគង្គាសេដ្ឋារាម ដែលកំពុងជួបកង្វះខាតច្រើន ត្រូវទាមឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាសាលាឆាន់មានសភាពទ្រុឌទ្រោម។ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានឱ្យដឹងទៀតថា អង្គកឋិនទានទទួលបានបច្ច័យជាង៣២លានរៀល សម្រាប់កសាងសាលាឆាន់ ប្រគេនព្រះសង្ឃក្រាលគ្រងមួយអង្គចំនួន៣០០ដុល្លារ ភិក្ខុគង់ហត្ថបាស់៣អង្គ ក្នុងមួយអង្គ២០០ដុល្លារ និងព្រះសង្ឃនៅក្នុងវត្តចំនួន១៣អង្គ ក្នុងមួយអង្គ១០០ដុល្លារ​ ជួយឧបត្ថម្ភថវិកានគរបាលស្រុកភ្នំក្រវាញ២លានរៀល កងរាជអាវុធហត្ថស្រុក១លាន៥០ម៉ឺនរៀល និងប្រជាការពារ១លាន៥០ម៉ឺនរៀល៕

អត្ថបទទាក់ទង