ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ រួមគ្នា អ្វីៗទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុស COVID-19 និងឥទ្ធិពលរបស់វា

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 345
    ទស្សនៈមិត្តអ្នកអាន៖ រួមគ្នា អ្វីៗទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុស COVID-19 និងឥទ្ធិពលរបស់វាទស្សនៈមិត្តអ្នកអាន៖ រួមគ្នា អ្វីៗទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុស COVID-19 និងឥទ្ធិពលរបស់វា

    សម្រាប់ស្ថានភាពរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះបានផ្តោតអារម្មណ៍ជាចំបងទៅលើការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើមថ្មី ឬហៅថា COVID-19 ។ គិតមកដល់ពេលនេះមានប្រទេស និងដែនដីជាង៨៤ហើយដែលត្រូវបានអង្គការសុខភាពពិភពលោកប្រកាសថាមានការឆ្លង និងស្លាប់ដោយសារជម្ងឺនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកមកដល់ពេលនេះទាំងនៅប្រទេសចិន និងនៅលើពិភពលោកមានអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺឆ្លង COVID-19 កើនដល់ជាង៣២០០នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងជំងឺនេះជាង៩៥០០០នាក់ ហើយក្នុងនោះប្រទេសចិនមានចំនួនច្រើនជាងគេ។ ជំងឺនេះបានចាប់ផ្តើមរីករាលដាល និងបង្កឱ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ទាំងនៅក្នុងនិងនៅក្រៅប្រទេសចិនមិនទាន់មានការស្រាកស្រាន្តនៅឡើយទេ ហើយក្នុងនោះប្រទេសដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរមួយចំនួនទៀតបន្ទាប់ពីចិនគឺមានដូចជាកូរ៉េខាងត្បូង អ៊ីរ៉ង់ អ៊ីតាលី ជប៉ុន អាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអាមេរិកជាដើម។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីមានការផ្ទុះឡើងតាំងពីដើមខែមករា ឆ្នាំ២០២០មក មានអ្នកជំងឺប្រមាណជាង៥ម៉ឺននាក់ហើយនៅលើពិភពលោកដែលត្រូវបានព្យាបាលជាសះស្បើយផងដែរ។

    ចំណែកនៅប្រទេសកម្ពុជា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញជំងឺនេះ១ករណីគត់ គឺនៅលើខ្លួនជនជាតិចិនម្នាក់ដែលមកពីក្រុងវូហានប្រទេសចិនចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ប៉ុន្តែជនជាតិចិនរូបនោះត្រូវបានព្យាបាលឱ្យជាសះស្បើយ ហើយបានចាកចេញពីកម្ពុជាទៅប្រទេសចិនវិញតាំងពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ មកម្លេះ។

    ទោះបីជាស្ថានភាពជម្ងឺឆ្លងប្រភេទថ្មីនេះនៅប្រទេសកម្ពុជាមានភាពធូរស្រាល និងមិនមានបញ្ហាប្រឈមធ្ងន់ធ្ងរដូចប្រទេសនានាក្តី ក៏ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវទស្សនៈវិស័យបង្ការ និងទប់ស្កាត់ការឆ្លង និងរាលដាលនៃជម្ងឺ COVID-19 នេះ ដើម្បីធានាថាប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមការពារជម្ងឺនេះជាមុន និងបានឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនិងជម្ងឺ COVID-19 នេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ច្បាស់ថា «ការងារអាទិភាពបំផុតរបស់កម្ពុជានាពេលនេះគឺការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូរ៉ូណាថ្មី ឬCOVID-19 ដោយក្នុងនោះរាប់បញ្ចូលទាំងការត្រៀមខ្លួនទប់ទល់បើសិនជាជម្ងឺនេះ ឆ្លងមកដល់ប្រទេសកម្ពុជាជាថ្មីម្តងទៀតផងដែរ»។ ការប្រកាសនេះបានធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារសុខាភិបាលឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មី២០២០ របស់ក្រសួងនៅសណ្ឋាគារសុខាភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ក្នុងន័យនេះ ដើម្បីសម្រេចកិច្ចការនេះឱ្យទទួលបានជោគជ័យ មិនត្រឹមតែស្ថាប័នរដ្ឋប៉ុណ្ណោះទេដែលត្រូវយកចិត្តទុកដាក់ ប៉ុន្តែក៏ត្រូវតែមានការចូលរួមឱ្យសកម្មពីប្រជាពលរដ្ឋយើងផងដែរ។
    វិធានការជាក់ស្តែងទី១សម្រាប់បច្ចុប្បន្ននេះ គឺនៅពេលដែលមិនទាន់មានប្រជាជនកម្ពុជាយើងណាម្នាក់ឆ្លង ឬស្លាប់ដោយវីរុស COVID-19 នេះទេ «យើងត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលក្រុមភេវរៈករតែងតែបំភ្លៃព័ត៌មាននៅតាមបណ្តាញផ្សព្វផ្សាយសង្គមនានាដូចជា យូធូប ហ្វេសប៊ុក» ជាដើម។ ឈ្មោះជាក្រុមភេវរៈករគឺពិតជាត្រឹមត្រូវ ពីព្រោះក្រុមនេះមិនត្រឹមតែបំពុលព័ត៌មានចំពោះប្រជាពលរដ្ឋកម្ពុជាខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងបំពុលព័ត៌មានចំពោះពិភពលោកថែមទៀត ដោយពួកនេះបានយករូបភាពមនុស្សស្រវឹងស្រាដេកដួលក៏ថាជាជម្ងឺកូរ៉ូណា កម្មករដួលសន្លប់ក្នុងរោងចក្រក៏ថាកូរ៉ូណា ឬពេលខ្លះយករូបភាពភ្ញៀវទេសចរណ៍ខ្យល់គក៏បំភ្លៃថាជាជម្ងឺកូរ៉ូណា ។ល។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋឈប់ជឿតាមព័ត៌មានដែលបង្ហោះនៅក្នុងបណ្តាញសង្គមទាំងនោះ។ មានតែព័ត៌មានដែលផ្សព្វផ្សាយជាផ្លូវការដោយក្រសួងសុខាភិបាលកម្ពុជា រួមជាមួយនឹងការបញ្ជាក់របស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាតែមួយគត់ប៉ុណ្ណោះ ដែលជាព័ត៌មានដែលទុកចិត្ត និងអាចយកជាការបាន។

    សម្រាប់វិធានការទី២ ក្នុងនាមជាប្រជាពលរដ្ឋល្អ ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យខ្លួនប្រាណបីប្រការគឺ «ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ វិធានការនេះធ្វើឱ្យខ្លួនយើង កូនចៅយើង និងក្រុមគ្រួសារយើង អាចបង្ការជម្ងឺបានជាប្រចាំ ដោយត្រូវបរិភោគតែអាហារដែលចំអិនបានឆ្អិនល្អ និងប្រកបដោយអនាម័យ។ ហូបទឹកស្អាត ដែលបានដាំពុះជាប្រចាំ និងត្រូវឧស្សាហ៍លាងសំអាតដៃជើងដោយទឹកសាប៊ូ ឬអាល់កុល ទាំងនៅផ្ទះ ទាំងនៅពេលធ្វើដំណើរ និងទាំងនៅកន្លែងធ្វើការ។ល។

    វិធានការទី៣ ប្រជាពលរដ្ឋត្រូវរួមគ្នាសន្សំសំចៃក្នុងការចំណាយ ដើម្បីរួមគ្នាជួយថែរក្សាឱ្យបាននូវលំនឹងនៃសេដ្ឋកិច្ច ទាំងសេដ្ឋកិច្ចផ្ទាល់ខ្លួន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចសកល នៅក្នុងរយៈពេលអន្តរកាលនៃការរាតត្បាតនៃជម្ងឺ COVID-19 នេះ ដោយសារជម្ងឺរាតត្បាតនេះនៅបន្តកើតមាននៅជុំវិញពិភពលោកនៅឡើយ។

    ជារួម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវវិធានការជាច្រើនដើម្បីទប់ទល់ការពារប្រឆាំងនឹងបញ្ហាជម្ងឺ COVID-19 នាពេលនេះ ហើយប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេសក៏ត្រូវរួមចំណែកក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺកូរ៉ូណានេះផងដែរ ដើម្បីឱ្យចំណាត់ការនេះទទួលបានជោគជ័យ។ ក្នុងន័យនេះ ប្រជាពលរដ្ឋគ្រប់រូប រួមជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវរួមគ្នាជ្រោងខ្ពស់ទង់សាមគ្គីប្រជាជាតិខ្មែរ និងប្រជាជាតិទាំងអស់ក្នុងសកលលោកក្នុងទិសដៅ «យើងរួមគ្នាធ្វើអ្វីៗទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុស COVID-19 »។

    ម្យ៉ាងវិញទៀត យើងទាំងអស់គ្នាក៏មានមោទនៈភាពបំផុតចំពោះមេដឹកនាំខ្មែរ ជាពិសេសចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែមានការគិតគូរក្នុងទស្សនៈវិស័យវែងឆ្ងាយសម្រាប់ដោះស្រាយនូវរាល់បញ្ហាដែលកើតមានចំពោះមុខដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោក ហើយតែងតែបានដាក់ចេញនូវវិធានការបង្ការ និងទប់ស្កាត់ជាមុន និងតែងតែទទួលបានជោគជ័យគ្រប់ពេល និងគ្រប់កាលៈទេសៈចំពោះបញ្ហាប្រឈមនានាដែលអាចកើតមាននៅកម្ពុជា ទាំងពេលអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាពេលអនាគត។ ជោគជ័យទាំងនេះក៏បានមកដោយសារមានការចូលរួម និងគាំទ្រយ៉ាងសកម្មផងដែរពីប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុប ដែលបានផ្តល់នូវការទុកចិត្តចំពោះលោកនាយករដ្ឋមន្ត្រីឱ្យដឹកនាំប្រទេសឆ្ពោះទៅរកសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ៕

    ដោយ៖ ពង្ស សុក្រឹត្យ

    អត្ថបទទាក់ទង