ខ្មែរប៉ុស្ដិ៍ Close

    ទស្សនៈមិត្តអ្នកអាន៖ សូមអ្នករិះគន់អំពីការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ី ពិនិត្យមើលច្បាប់‍

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 419
    ទស្សនៈមិត្តអ្នកអាន៖ សូមអ្នករិះគន់អំពីការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ី ពិនិត្យមើលច្បាប់‍ទស្សនៈមិត្តអ្នកអាន៖ សូមអ្នករិះគន់អំពីការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ី ពិនិត្យមើលច្បាប់‍

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែក្រើនរំលឹកដាស់តឿន និងដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីការពារវប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះ គឺនៅតែមានអ្នកវិភាគ អង្គការក្រៅរដ្ឋាភិបាលដែលមាននិន្នាការប្រឆាំង ហើយរួមទាំងអ្នកចេះច្បាប់បែបភ្លាវមួយចំនួនទៀតដែលនៅតែបន្តយល់ខុស យល់ថាវប្បធម៌បរទេសជាពិសេសគឺវប្បធម៌របស់ប្រទេសលោកខាងលិចអាចចម្លងយកមកអនុវត្តនៅកម្ពុជា ហើយចង់បំភ្លេចចោលវប្បធម៌របស់ខ្លួនទៅវិញ។ ទោះបីជាមានការក្រើនរំលឹកជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលយ៉ាងនេះក្តី ក៏នៅតែមានអ្នកចេះច្បាប់ម្នាក់ហ៊ានហារមាត់និយាយថា «បើគ្រាន់តែស្លៀកពាក់អាវក្នុង ខោក្នុងអីអញ្ចឹង ដូចជាមិនទាន់ដល់ថ្នាក់រូបភាពអាសអាភាសទេ Sic!»។ ក្នុងនាមខ្លួនជាអ្នកចេះច្បាប់ និងជាតំណាងឱ្យមនុស្សថ្លៃថ្នូរក្នុងសង្គម តើគាត់ចង់ឱ្យប្រពន្ធ និងកូនស្រីរបស់គាត់ស្លៀកពាក់បែបនេះបង្ហោះក្នុងវីដេអូផ្សព្វផ្សាយជាសាធារណៈដូចស្ត្រីមួយចំនួនតូចដែលរកស៊ីលក់ដូរតាមប្រព័ន្ធអនឡាញ មានសំលៀកបំពាក់មិនសមរម្យដែរឬយ៉ាងណា? តាមការពិតរឿងនេះគឺជារឿងសីលធម៌សង្គម វាជារឿងដែលប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌ជាតិយ៉ាងពិតប្រាកដ។

    ករណីរបស់ស្រ្តីម្នាក់ដែលរកស៊ីលក់ម្សៅលាបខ្លួនបញ្ចេញកេរ្តិ៍ភេទ លេចលើលេចក្រោមដោយគ្មានការអៀនខ្មាស់នាពេលកន្លងមកគឺពិតជាអំពើអនាចារ្យយ៉ាងពិតប្រាកដ។ ម្យ៉ាងវិញទៀត ក្រោយពីបានសន្យាថាលែងប្រព្រឹត្តនូវអំពើមិនគប្បីដល់សង្គមម្តងរួចទៅហើយ និងមានការណែនាំពីសមត្ថកិច្ច និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិតទៅទៀតក្តី ក៏ស្ត្រីដដែលរូបនោះនៅតែបន្តការប្រព្រឹត្តិដដែលផ្គើនចំពោះសមត្ថកិច្ច និងច្បាប់ស្តីពីការជួញដូរផ្លូវភេទដោយមិនព្រមរៀងចាលឡើយ។ ដូច្នេះ ទីបំផុតក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅជំនុំជំរះ ដោយត្រូវកាត់ទោសដាក់ពន្ធនាគារដើម្បីអប់រំបន្ថែមទៀត។

    ការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ីនេះ បែរជាត្រូវបានក្រុមដែលតាំងខ្លួនឯងថាជាអ្នកការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានមួយចំនួនតូចដែលតែងតែប្រឆាំងផ្កាប់មុខនោះ បែរជាលើកឡើងថាការហាមឃាត់ និងចាប់ខ្លួនស្រ្តីលក់អនឡាញដែលស្លៀកពាក់ស៊ិចស៊ីថតលក់ផលិតផល ជាការរំលោភសិទ្ធិមនុស្ស ឬជាការបំបិទសិទ្ធិសេរីភាពទៅវិញ។ ក្នុងនាមជាពលរដ្ឋខ្មែរ ក្រុមប្រឆាំងទាំងនោះគួរតែរួមគ្នាជួយថែរក្សានូវវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ដូនតាយើង ពួកគេមិនត្រូវកាន់ជើងអ្នកដែលប្រព្រឹត្តិខុស និងមានទស្សនៈលំអៀងលាយឡំថាជារឿងនយោបាយដើម្បីបម្រើតែជំហរប្រឆាំងរបស់ខ្លួនបែបនេះនោះទេ។ ការអនុញ្ញាតឱ្យមនុស្សដើរស្រាតពេញផ្លូវ មានសេរីភាពថតរូបអាសអាភាសនៅតាមទីសាធារណៈ និងបង្ហោះរូបតាមបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត មានសេរីភាពប្រព្រឹត្តអំពើអនាចារ្យពេញផ្ទៃប្រទេស និងការជេរម្រមាថគ្នាតាមអំពើចិត្ត គឺមិនមែនជាសិទ្ធិសេរីភាពរបស់មនុស្សដែលមានចែងនៅក្នុងច្បាប់ឡើយ។ ផ្ទុយមកវិញ វាជារឿងដ៏អសីលធម៌នៅក្នុងសង្គម និងជារឿងដែលប៉ះពាល់ខ្លាំងបំផុតដល់តម្លៃរបស់ស្រ្តីខ្មែរនិងវប្បធម៌ជាតិខ្មែរ។ ពាក្យ «ប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព» ដែលពួកក្រុមប្រឆាំងមួយចំនួនតូចទាំងនោះបានយកមកប្រើ គឺដើម្បីគ្រាន់តែបិទបាំងនូវអំពើទុច្ចរិតនិង នយោបាយប្រជាភិថុតិ និងនយោបាយបញ្ចើកបញ្ចើធ្វើឱ្យមនុស្សមួយចំនួនតូចដែលបានប្រព្រឹត្តិកំហុសទាំងនោះកាន់តែផុងខ្លួននឹងអំពើអសីលធម៌របស់ខ្លួនតែប៉ុណ្ណោះ។ ប្រជាធិបតេយ្យនិងសេរីភាពដែលក្រុមជ្រុលនិយមទាំងនេះចង់បានគឺការធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពគ្មានសណ្តាប់ធ្នាប់ បាត់បង់សេចក្តីថ្លៃថ្នូរ និងឈានទៅបំផ្លាញវប្បធម៌ និងប្រពៃណីដែលជាអត្តសញ្ញាណជាតិខ្មែរតែប៉ុណ្ណោះ។ អ្វីដែលចម្លែកបំផុតនោះ គឺអ្នកដែលអះអាងថាជាអ្នកការពារតម្លៃរបស់ស្ត្រី តែបែរជាទៅការពារស្ត្រីដែលយកកេរ្តិ៍ខ្មាស់ធ្វើជាដើមទុនក្នុងការរកស៊ីទៅវិញគឺមិនមែនការពារសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរនោះទេ។

    ជារួម សម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅគឺគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលចង់មកបំផ្លាញទំនៀមទំលាប់ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីខ្មែរ។ ជាងនេះទៀត ប្រជាពលរដ្ឋកម្ពុជាពិតជាគាំទ្រយ៉ាងមុតមាំចំពោះជំហរជាគោលការណ៍ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានកំណត់ថា «កម្ពុជាបន្តដើរនៅលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្សតាមលក្ខណៈពិសេសរបស់កម្ពុជា»។ គឺមិនមែនជាប្រជាធិបតេយ្យ ឬការប្រើសិទ្ធិបែបដាច់បង្ហៀរចង់ឃើញប្រជាពលរដ្ឋខ្មែរប្រមូលផ្តុំគ្នាដើរស្រាតតាមដងផ្លូវ ឬស្រីៗនាំគ្នាដេកស្រាតនៅមាត់សមុទ្រ ឬក៏អនុញ្ញាតឲ្យស្ត្រីខ្មែរថតវីដេអូស៊ិចស៊ី លេចលើលេចក្រោម អាសអាភាសដាក់លក់លើទីផ្សារ ហើយនាំគ្នាយល់ថាគឺជាសិទ្ធិសេរីភាពរបស់ខ្លួននោះឡើយ។

    សូមអ្នករិះគន់អំពីការបង្ក្រាបអ្នកលក់អនឡាញស្លៀកពាក់ស៊ិចស៊ី ពិនិត្យមើលច្បាប់‍ស្តីពីការជួញដូរផ្លូវភេទ។ ជាពិសេសសូមអ្នកចេះច្បាប់ និងជាតំណាងឱ្យមនុស្សថ្លៃថ្នូរក្នុងសង្គមដែលតែងអួតខ្លួនឯងថាជាអ្នកចេះច្បាប់ជើងចាស់ តែជាជើងចាស់ខាងភ្លាវនោះ ត្រូវមានមនៈសិកាទទួលស្គាល់នូវអ្វីដែលជារឿងល្អ និងអ្វីដែលជារឿងអាក្រក់សម្រាប់សង្គមផងកុំចេះតែប្រឆាំងទាំងងងឹតងងល់បែបនេះវានឹងនាំឱ្យក្លាយខ្លួនទៅជាមនុស្សគ្មានតម្លៃសម្រាប់សង្គម៕

    ដោយ៖ យី វិត (ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប)

    អត្ថបទទាក់ទង