វិទ្យាស្ថានប៉ាស្ទ័រ បញ្ជាក់ថា មកទល់ពេលនេះពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ឆ្លងមេរោគ COVID-19 ទេ
វិទ្យាស្ថានប៉ាស្ទ័រ (IPC) បានប្រកាសថា ខ្លួនរីករាយនឹងបន្តធ្វើការជាប់ជាប្រចាំជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើតេស្តរក COVID-19 ចំពោះបុគ្គលសង្ស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ វិទ្យាស្ថានប៉ាស្ទ័រ បានអះអាងថា លទ្ធផល នៃការធ្វើតេស្តជាបន្តបន្ទាប់លើមនុស្សដែលសង្ស័យនៅក្នុងប្រទេសកម្ពុជា បង្ហាញថា មិនមាននរណាម្នាក់មានមេរោគ COVID-19 ក្រៅពីជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជានោះឡើយ។
វិទ្យាស្ថាន (IPC) បានអះអាងថា យោងតាមការណែនាំ អង្គការសុខភាពពិភពលោក (WHO) វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានអនុវត្ត បានពិនិត្យសុពលភាព និងធានាបាននូវសមត្ថភាពលើរោគវិនិច្ឆ័យរក និងរួមឆ្លើយតបទៅនឹងការឆ្លើងវីរុសកូរ៉ូណាថ្មី (CoVID-19) នៅក្នុងប្រទេស។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល ដែលជាអង្គភាពសម្របសម្រួល ទទួលបានការចាត់តាំងក្នុងការរាយការណ៍ សង្ស័យ វត្ថុវិភាគជាដម្បារច្រមុះ និងបំពង់ករ ពីករណីសង្ស័យ ត្រូវបានបញ្ជូនទៅ IPC យ៉ាងទាន់ពេលវេលា និងត្រូវបានធ្វើការវិភាគភ្លាមៗ។ វត្ថុវិភាគទាំងអស់ត្រូវបានធ្វើវិភាគដោយ វិធីសាស្រ្តមន្ទីរពិសោធន៍ ដោយមានសុពលភាព។ ករណីសង្ស័យត្រូវបានធ្វើតេស្តដោយ ដើម្បីធានាបាននូវសុពលភាពលទ្ធផល។
IPC អះអាងទៀតថា នៅថ្ងៃទី២៧ ខែមករា ខ្លួនបានធ្វើតេស្តឃើញករណីវីរុសកូរ៉ូណាថ្មី (COVID-19) លើកដំបូង និងតែមួយគត់ នៅប្រទេសកម្ពុជា ដែលជាអ្នកដំណើរពីទីក្រុងវូហាន ប្រទេសចិន មកប្រទេសកម្ពុជា។ គិតត្រឹម ថ្ងៃទី២៥ ខែកុម្ភៈនេះ ប្រព័ន្ធការងារ CDC/IPC ទទួលបានការរាយការណ៍ ៥៥ ករណីសង្ស័យ (៦១ វត្ថុវិភាគ និង ៨ ករណីប៉ះពាល់ (១១ វត្ថុវិភាគ) តាមរយៈប្រព័ន្ធរាយការណ៍។
នៅថ្ងៃ១២ ខែកុម្ភៈ IPC ត្រូវបានស្នើឱ្យជួយគាំទ្រដល់ក្រសួងផ្នែកសកម្មភាពក្រៅប្រព័ន្ធរាយការណ៍ ខាងលើដើម្បីអនុញ្ញាតឱ្យមានការចូលចត និងផ្ទេរអ្នកដំណើរពីនាវាទេសចរណ៍វេស្ទ័ដាម (Westerdam)។ ដំបូងបង្អស់ វត្ថុវិភាគយកពីអ្នកដំណើរនាវាវេស្ទើដាម ចំនួន២០នាក់ដែលមានរោគសញ្ញាត្រូវបានធ្វើតេស្ត និងមានលទ្ធផលអវិជ្ជមានវីរុសកូរ៉ូណាថ្មី (COVID-19)។ បន្ទាប់មកវត្ថុវិភាគសរុប ១ ៥៨០ យកពីអ្នកដំណើរនាវាទេសចរណ៍វេស្ទ័រដាមចំនួន ៨០៤នាក់ និងយកពីបុគ្គលិក ចំនួន ៧៧៦នាក់ ដែលអ្នកទាំងនោះ មិនមានរោគសញ្ញា ត្រូវបាន និងមានលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណា (COVID-19) ។
សេចក្តីប្រកាសបានបន្តថា IPC ក៏បានចូលរួមក្នុងការធ្វើតេស្តវត្ថុវិភាគ យកពីបុគ្គលិកមិនមានរោគសញ្ញាចំនួន ៣៦នាក់នៃនាវាទេសចរណ៍ World Dream និង យកពីនិស្សិតខ្មែរ មិនមានរោគសញ្ញចំនួន ៤១នាក់ដែលសិក្សានៅប្រទេសចិន ដោយតេស្តវត្ថុវិភាគទាំង មានលទ្ធផលអវិជ្ជមាន វីរុសកូរ៉ូណា (COVID-19)។
IPC អះអាងទៀតថា ខ្លួននៅតែបន្តផ្តល់ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល និងបន្តទទួលវត្ថុវិភាគ ដើម្បីធ្វើតេស្តករណីសង្ស័យឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបន្តបង្កើនសមត្ថភាពលើរោគវិនិច្ឆ័យ ពិនិត្យសុពលភាពនៃសំភារៈវិភាគថ្មីៗ ព្រមទាំងជួយកសាងសមត្ថភាពមន្ទីរ ពិសោធន៍របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល។ IPC រីករាយបន្តរួមចំណែក និងគាំទ្រ ការឆ្លើយតប និងការបង្ការវីរុសកូរ៉ូណាថ្មី (CoVID-19) នៅទូទាំងប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជានៅទូទាំងពិភពលោក៕