ខួរក្បាលរបស់លោក Albert Einstein ត្រូវបានគេលួចយក

រូបវិទូសញ្ជាតិអាល្លឺម៉ង់ដ៏ល្បី Albert Einstein បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៥៥ ក្នុងវ័យ៧៦ឆ្នាំ។ មុនស្លាប់ លោក Albert Einstein បានស្នើសុំឲ្យគ្រួសារយកសាកសពរបស់លោកទៅកប់នៅក្នុងដី។
យ៉ាងណាមិញ ហេតុការណ៍ចម្លែកមួយបានកើតឡើងលើសាកសពលោក Albert Einstein គឺខួរក្បាលរបស់លោកត្រូវបានអ្នកជំនាញផ្នែករោគសាស្ត្រមួយរូបឈ្មោះ Thomas Harvey លួចយកទៅធ្វើការពិសោធ ក្នុងគោលបំណងស្រាយអាថ៌កំបាំងនៃភាពឆ្លាតវៃដ៏អស្ចារ្យរបស់ Albert Einstein។ នៅ១ថ្ងៃបន្ទាប់ ក្រុមគ្រួសារលោក Albert Einstein ក៏បានដឹងពីរឿងនេះ។ យ៉ាងណាមិញ ក្រោយការចរចាគ្នា កូនប្រុសលោក Albert Einstein ក៏យល់ព្រមឲ្យគេយកខួរក្បាលឪពុកទៅពិសោធ។

លោក Harvey បានកាត់ខួរក្បាលរូបវិទូដ៏ល្បីនេះជាបំណែកៗ រួចបញ្ជូនទៅកាន់អ្នកវិទ្យាសាស្ត្រផ្សេងៗគ្នា ដើម្បីស្រាវជ្រាវ។ ការស្រាវជ្រាវសំខាន់ៗមួយចំនួន បានចាប់ផ្ដើមលេចរូបរាងឡើងនៅអំឡុងទសវត្សរ៍ ១៩៨០ តែភាគច្រើននៃការរកឃើញទាំងនោះមិនមានការទទួលស្គាល់ទេ។ ការស្រាវជ្រាវដែលគេទទួលស្គាល់ជាងគេគឺនៅឆ្នាំ១៩៩៩ ដោយក្រុមអ្នកជំនាញនៅសកលវិទ្យាល័យកាណាដា ដែលបានអះអាងថា ផ្នែកមួយនៃខួរក្បាល (Parietal Lobe) លោក Albert Einstein មានសមត្ថភាពពិសេសផ្នែកគណិតវិទ្យា និងអវកាស៕
ប្រភព៖ ខ្លីៗ