សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលពិសេសអំពី «សារព័ត៌មានក្នុងយុគ្គសម័យ Digital»
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រកាសនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះថា ស.ស.ស.ក នឹងបើកវគ្គបណ្តុះបណ្តាលពិសេសអំពី «សារព័ត៌មានក្នុងយុគ្គសម័យ Digital» រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី ២៥ និង ២៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ នៅអគារសេរីភាព នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
ក្នុងសេចក្តីជូនដំណឹងនេះ ស.ស.ស.ក បានបញ្ជាក់ថា អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងទទួលបានការបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យ និងអ្នកឯកទេសចំនួន០៧រូប ហើយបើកទូលាយការចុះឈ្មោះចូលរៀនជូនដល់ និស្សិត បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ សារព័ត៌មានមហាជន និងអ្នកសារព័ត៌មានដែលមានបំណងបំប៉នចំណេះដឹងបន្ថែម ហើយចំពោះវិញ្ញាបនបត្របញ្ជាក់ការសិក្សានឹងប្រគល់ជូនសិក្ខាកាមក្រោយពេលបញ្ចប់វគ្គសិក្សា។
ស.ស.ស.ក បន្ថែមឱ្យដឹងថា កម្រងមុខវិជ្ជាសម្រាប់ឧទ្ទេសនាម គឺរៀបចំឡើងក្នុងគោលបំណងចែករំលែកដល់សិក្ខាកាម ដែលឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះ នូវចំណេះដឹងជាមូលដ្ឋានគ្រឹះក្នុងកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ ១៥ចំណុចដូចតទៅ៖
១. ការវិវត្តន៍ជឿនលឿននិងតួនាទីបច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០នៅក្នុងវិស័យសារព័ត៌មាន
២. អ្វីទៅជាសារគមនាគមន៍មហាជន?
៣. ស្វែងយល់កិច្ចការរបស់ និពន្ធនាយក និងការដឹកនាំការិយាល័យព័ត៌មានប្រចាំថ្ងៃ
៤. ស្វែងយល់ការដឹកនាំគ្រប់គ្រង និងការស្វែងរកទីផ្សារ ហិរញ្ញវត្ថុ សម្រាប់ទ្រទ្រង់អាជីវកម្មសារព័ត៌មាន
៥.ស្វែងយល់កិច្ចការអ្នកនាំពាក្យនិងកិច្ចការសាធារណៈ
៦. ច្បាប់សារព័ត៌មាននិងការដោះស្រាយបណ្តឹងនៅតុលាការ
៧. ច្បាប់ការពារកម្មសិទ្ធិបញ្ញានិងការចម្លងស្នាដៃ
៨. របៀបសរសេរបទវិចារណកថា, បទវិភាគ, និងព័ត៌មានស៊ើបអង្កេត
៩. របៀបរាយការណ៍ព័ត៌មានទាន់ហេតុការណ៍តាមគោលការណ៍វិជ្ជាជីវៈ
១០. ស្វែងយល់ភាពខុសគ្នារវាងការសរសេរព័ត៌មានសម្រាប់កាសែតបោះពុម្ព, សារព័ត៌មានអនឡាញ, ទស្សនាវដ្តី, វិទ្យុ, និងទូរទស្សន៍
១១. របៀបបង្កើតប្រធានបទ, ការតាំងសំណួរ និង ការសម្របសម្រួលកិច្ចពិភាក្សាតុមូល
១២. បច្ចេកទេសថតរូបអាជីពសម្រាប់សារព័ត៌មាន
១៣. ហេតុអ្វីត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាប្រចាំនៅមុនពេលផ្សាយចេញ?
១៤. អ្វីទៅជាសុវត្ថិភាព Internet?
១៥. ស្វែងយល់វិធីបង្ការសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានក្នុងពេលបំពេញការងារ និងក្រមសីលធម៌សារព័ត៌មាន។
ស.ស.ស.ក បានបញ្ជាក់ជូនអ្នកដែលមានបំណងចង់ចូលរួម សូមអញ្ជើញចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតបង់ថ្លៃនេះ តាមរយៈទូរស័ព្ទលេខ៖ ០៧៧-៣៣៨-១៣១ ឬ ០៧៨-៧៩៣-៩៧៤ ឬតាម Facebook: Union of Journalist Federations of Cambodia។ ផុតកំណត់ ការទទួលចុះឈ្មោះត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖