ខ្មែរប៉ុស្ដិ៍ Close

សម្តេច​ ហ៊ុន សែន ៖ កម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំប្រកបដោយគុណភាព

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 904

សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បានថ្លែងថាក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ កម្ពុជាបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ដោយបានធ្វើឱ្យគុណភាពគ្រូមានការរីកចម្រើនដែលជំរុញឱ្យគុណភាពនៃវិស័យអប់រំការតែមានភាពល្អប្រសើរ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក Herman Van Rompuy អតីតប្រធានគណៈកម្មការសហភាពអឺរ៉ុប និងជាឯកអគ្គរាជទូតសុឆន្ទៈ របស់អង្គការ Fermish Association for Development Cooperation and technical Assistance នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក Herman Van Rompuy បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ក្នុងដំណើរទស្សនៈកិច្ចរបស់លោកនាពេលនេះ គឺលោកមានការចាប់អារម្មណ៍លើការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ដែលនេះគឺជាការវិវឌ្ឍជាវិជ្ជមានមួយចាប់ពីបាតដៃទទេ។ លោក បានជម្រាបជូនថា ដំណើរទស្សនៈកិច្ចមកកាន់កម្ពុជានាពេលនេះ ដើម្បីរួមចំណែកជាមួយកម្ពុជា ដើម្បីជួយលើវិស័យអប់រំកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកគុណភាព ទាំងបរិមាណ ធ្វើយ៉ាងណាឱ្យកុមារកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ខាងផ្នែកគណិតសាស្ត្រ ទាំងផ្នែកជំនាញ និងផ្នែកគ្រប់គ្រងរួមទាំងការប្រាស្រ័យទាក់ទងធ្វើពាណិជ្ជកម្ម និងអាជីវកម្មផ្សេងៗជាដើម។

សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វាមិនមែនជាការងាយស្រួលទេក្នុងការកសាងកម្ពុជាមកដល់ចំណុចនេះ។ ផ្លូវដែលបានធ្វើដំណើរកន្លងមកវាពិបាកណាស់ជាពិសេសនៅពេលដែលកម្ពុជាចាប់ផ្តើមពីបាតដៃទទេតែម្តង។ វិស័យសិក្សាអប់រំនៅកម្ពុជាគឺបានចាប់ផ្តើមឡើងពីការអនុវត្តនយោបាយ អ្នកចេះតិច បង្រៀនអ្នកមិនចេះ និងអ្នកចេះច្រើនបង្រៀនអ្នកចេះតិច បន្ទាប់មកក៏បានជំរុញការសាងសង់សាលារៀនឱ្យខិតកាន់តែជិតដល់លំនៅដ្ឋានរបស់សិស្សានុសិស្ស។

សម្តេច​ ហ៊ុន សែន​ ក៏បានគូសបញ្ជាក់ផងដែរថា ទោះជាយ៉ាងណាក្តីកម្ពុជាក៏នៅមានការប្រឈមមួយចំនួនដូចជាតម្រូវការអគារសិក្សា, ផ្ទះសម្រាប់គ្រូបង្រៀន ក៏ដូចជាកន្លែងស្នាក់នៅសម្រាប់សិស្សផងដែរ កម្ពុជាកំពុងធ្វើសកម្មភាពបន្តប្រកបដោយចីរភាពផងដែរ ហើយលោក ក៏បានស្វាគមន៍អង្គការរបស់ លោក Herman Van Rompuy ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកលើវិស័យអប់រំនៅកម្ពុជាផងដែរ៕

អត្ថបទទាក់ទង