ខ្មែរប៉ុស្ដិ៍ Close

​ទស្សនៈមិត្ត​អ្នក​អាន៖ វីដេអូដាក់​បន្ទុក​លោក កឹម សុខា មានរយៈពេលជាង ២នាទី គឺជា​វីដេអូពិត​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 4
​ទស្សនៈមិត្ត​អ្នក​អាន៖ វីដេអូដាក់​បន្ទុក​លោក កឹម សុខា មានរយៈពេលជាង ២នាទី គឺជា​វីដេអូពិត​ ​ទស្សនៈមិត្ត​អ្នក​អាន៖ វីដេអូដាក់​បន្ទុក​លោក កឹម សុខា មានរយៈពេលជាង ២នាទី គឺជា​វីដេអូពិត​

នៅទីបំផុតទៅ​ ការពិត​ត្រូវ​បាន​លាតត្រដាង​ ​​វីដេអូ​រយៈពេល​ជាង ២នាទី ដែល​តុលាការ​បាន​ចាក់​បញ្ចាំង​​ក្នុង​​សវនា​ការកាត់​ក្តី​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាពជាមួយ​បរទេស​ ឬ​បទក្បត់​ជាតិ នៅ​ថ្ងៃទី​១៥មករា​កន្លងទៅ​​ ទាំង​​រូបភាព សម្លេង សម្តីសម្តៅ​ និងកាយវិកាជាដើម។ល។ គឺ​ជា​វីដេអូ​ពិត​របស់​លោក កឹម សុខា ១០០%។ ​វី​ដេអូ​​​រយៈពេលជាង ២នាទី​ ដែល​ដើមបណ្តឹង​ដាក់​ជា​ភស្តុតាង​ប្តឹង​ លោក កឹម សុខា ទៅតុលាការ​នោះ ​បាន​មក​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ CBN (Cambodian Broadcasting Network) មាន​មូលដ្ឋាន​នៅ​ប្រទេសអូស្ត្រាលី គឺ​ដូច​គ្នា​បេះ​បិទ​ទៅនឹង​វីដេអូ​រយៈពេល​ជាង ១ម៉ោង ដែល​លោក​ កឹម សុខា បាន​​​ដាក់​ជូន​តុលាការ​ធ្វើ​ជា​ភស្តុតាង​​ដោះ​បន្ទុកដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន។

​នៅក្នុង​អង្គសវនាការកាត់​ក្តី​សំណុំ​រឿង​ក្បត់​ជាតិ​លោក កឹម សុខា ​នា​រសៀ​ល​ថ្ងៃទី​២២​ ខែ​មករា ឆ្នាំ​២០២០ តុលាការ​បាន​សម្រេចចាក់​បញ្ចាំង​​វីដេអូ​របស់​លោក កឹម សុខា រយៈពេល​ជាង ១ម៉ោង តាម​ការស្នើ​សុំដើម្បី​ផ្ទៀង​ផ្ទាត់​ជាមួយ​នឹង​វីដេអូមាន​រយៈពេលជាង ២នាទី​ ​​ដែល​លោក កឹម សុខា ​ក៏​ដូ​ច​ជា​ក្រុម​មេធាវី​ការ​ពារ​​ក្តីរបស់ខ្លួន អះអាង​ថា ​​វីដេអូ​​រយៈពេលជាង ២នាទី​ ដែល​សមត្ថកិច្ច​បាន​យក​ជាមូលដ្ឋាន​ក្នុង​ការ​ប្តឹង​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ មាន​ភាព​មិន​ប្រក្រតី ឬ​ជា​វីដេអូ​មានការកែសម្រួល​កាត់​ជាកង់ៗនោះ។

អ្វី​ដែល​មិន​អាច​ប្រកែក​បាន នៅ​ក្នុងសវនាការជំនុំ​ជម្រះ​​ កាល​ពី​ថ្ងៃទី​១៥-១៦មករា​កន្លង​មក​នេះ លោក​​ កឹម សុខា ខ្លួន​ឯង​ផ្ទាល់​បាន​សារភាព និង​ទទួល​ស្គាល់​ថា វីដេអូ​ដែល​តុលាការ​យក​ធ្វើ​ជាមូល​ដ្ឋាន​ក្នុង​ការ​ដាក់​​បន្ទុកមាន​រយៈពេល​ជាង ២នាទី​នោះ គឺ​ជា​រូបភាព សម្តី និង​សម្លេង​របស់​ខ្លួន​ពិត​ប្រាកដ​មែន​។ ដូច្នេះ​ វាគ្មាន​អ្វី​ត្រូវ​សង្ស័យ​ទៀត​ឡើយ​ថា វីដេអូ​រយៈពេល​ជាង ២នាទី​នោះ ជា​វីដេអូ​ក្លែងក្លាយ​ ឬ​ត្រូវបាន​គេ​ប្រឌិត​ឡើង​ដើម្បី​ប្រឆាំង​នឹង​លោក កឹម សុខា អតីត​ប្រធានគណបក្ស​ប្រឆាំង ដូច​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​វិភាគ​លើក​ឡើង​នោះ​ឡើយ​។

គួរ​រំលឹក​​ថា នៅក្នុង​វីដេអូ​លោក កឹម សុខា បាន​និយាយយ៉ាង​ដូច្នេះ​ថា ​៖ «តាំងពីឆ្នាំ ១៩៩៣ ដែលខ្ញុំជាប់ជាតំណាងរាស្ត្រដំបូង អាមេរិកាំង រដ្ឋាភិបាលអាមេរិក គឺគេហៅខ្ញុំទៅស្រុកអាមេរិក​​មុនគេបង្អស់ក្នុងនាមអ្នកនយោ​បាយខ្មែរក្នុងប្រទេស ដើម្បី​ឲ្យយល់ពីដំណើរការប្រជាធិបតេយ្យ គេហៅខ្ញុំមួយឆ្នាំម្តងៗឲ្យខ្ញុំទៅអាមេរិកម្តងតាំងពីឆ្នាំ១៩៩៣ រហូតចុងក្រោយនេះ ក៏គេបានសម្រេចថា ដើម្បីឲ្យកម្ពុជាមានការផ្លាស់ប្តូរ​នោះ គេត្រូវឲ្យខ្ញុំដកខ្លួនចេញពីនយោបាយមួយដំណាក់សិន។ ខ្ញុំក៏បានលាឈប់ពីនយោបាយ ពីគណបក្សនយោបាយ ដែលខ្ញុំធ្លាប់នៅនោះនៅឆ្នាំ២០០២ ដើម្បីបង្កើតអង្គការមួយឈ្មោះថា មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា។ តើគេឲ្យបង្កើតដើម្បីអី? គេថា បើចង់ប្តូរថ្នាក់ដឹកនាំ យើងមិនអាចទៅជល់​ខាងលើបានទេ មុននឹងប្តូរខាងលើបាន ទាល់តែគាស់អាក្រោមសិន ទាល់តែប្តូរពីក្រោមទៅមុន ជាយុទ្ធសាស្ត្ររបស់ប្រទេសប្រជាធិបតេយ្យគេធ្វើ ហើយសហរដ្ឋអាមេរិកដែលគេជួយខ្ញុំនេះ គេឲ្យខ្ញុំយក ម៉ូឌែល​តាមប្រទេសយូហ្គោស្លាវី នៅស៊ែប៊ី ដែលគេប្តូរមេដឹកនាំផ្តាច់ការ មីឡូសូវិចបាននោះ មីឡូសូវិច រថក្រោះសម្បើមណាស់បងប្អូន ប៉ុន្តែគេប្តូរបាន ដោយសារតែគេធ្វើយុទ្ធសាស្ត្រហ្នឹង ហើយគេយកបទពិសោធន៍ ហ្នឹងមកឲ្យខ្ញុំធ្វើនៅស្រុកខ្មែរ តែអត់មាននរណាដឹងទេ។

ដោយ​សារ​តែ​មាន​បរទេស​ជា​អ្នក​បញ្ជា​ពីក្រោយ​ខ្នង ហើយ​លោក កឹម សុខា បាន​អនុវត្ត​ដោយ​ជោគជ័យជាជំហានៗតាំង​ពី​ឆ្នាំ​១៩៩៣ មក​ដល់​ឆ្នាំ​២០១៣ ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​​លោក កឹម សុខា រំភើប​ និង​មោទនភាព​ជ្រុលហួសហេតុ​ ភ្លេច​ខ្លួន​និយាយ​ចេញ​ផែន​ការសំងាត់​ដែល​ខ្លួនបានឃុប​ឃិត​ជាមួយ​បរទេសដើម្បី​​ផ្លាស់​ប្តូរ​របបដឹកនាំ​​នៅកម្ពុជា​ ប្រាប់​ដល់​​​សកម្មជន និង​អ្នក​គាំទ្រ​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី​ឲ្យបាន​ដឹង។

លោក កឹម សុខា បាន​ពន្យល់​លម្អិត​ថា ផែនការ​ដែល​ខ្លួន​ធ្វើតាម​បញ្ជារបស់​​បរទេសតាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មកដល់​ឆ្នាំ​២០១៣ គ្មាន​អ្នក​ណា​ដឹង​ទេ ក៏ប៉ុន្តែ​ដោយ​សារ​ថា ផែនការ​បាន​អនុវត្តន៍​ដោយ​ជោគជ័យ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​ ហើយ​ឈាន​ផ្តួល​រំលំ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៣ ជា​ទឹក​ផ្តាច់​ព្រ័ត្រ​ ទើប​លោកនិយាយ​ប្រាប់​អ្នកគាំទ្រ​ខ្លួន​ឲ្យ​បាន​ដឹង។ ម្យ៉ាង​ក៏​ដើម្បី​រ៉ៃអង្គាស់​លុយ​ពី​អនិកជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ ដាក់​ចូល​ក្នុង​ហោបៅផ្ទាល់​ខ្លួន​ផង​ដែរ​។

តាម​រយៈវីដេអូឃ្លីបនេះ សឲ្យ​ឃើញ​​ថា លោក កឹម សុខា ​បានធ្វើតាមកាណែនាំរបស់ចៅហ្វាយបរទេសប្រាកដ​មែន ហើយ​វា​គឺជាភស្តុតាងបង្ហាញ​ពីសេនារីយ៉ោទុច្ចរិត​ ដែលបាន​អនុវត្តក្នុង​​ប៉ុនការប៉ង​ផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំ​ដោយ​លោក ហ៊ុន សែន ​​ម្តងហើយ​ម្តងទៀត។ ​មេរៀនបទពិសោធនេះ លោក កឹម សុខា និង​បក្ខពួក ​យកមកអនុវត្តក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី​៥ នាខែកក្កដា ឆ្នាំ២០១៣ ហើយ​សកម្មភាពដែលក្រុម​លោក កឹម សុខា និង​បក្ខ​ពួ

ក​បាន​ធ្វើ​​ទាំងមុន និង​ក្រោយការបោះឆ្នោតត្រូវបានរដ្ឋាភិបាល​លោក ហ៊ុន សែន​ ចាត់ទុកថា ជាផែនការបដិវត្តន៍ពណ៌​ដ៏ពិសពុលបំផុត​មិនអាចអត់ឱនបានឡើយ ត្រូវ​តែ​ចាត់​វិធានការ​​ច្បាប់​ដោយ​គ្មានការ​លើ​កលែង​។

ផ្អែក​តាម​ភស្តុតាង និង​ឯកសារ​វីដេអូថ្មី​ដែល​លោក កឹម សុខា ស្នើ​សុំតុលាការ​ចាក់​បញ្ចាំង និងភស្តុតាង​ថ្មី​ចំនួន ៣៥ទៀតនោះ មិន​ដឹង​ថា ជាភស្តុតាង​សម្រាប់​ដោះ​បន្ទុក ឬ​ជា​ភស្តុតាង​ដាក់​បន្ទុក​លោក កឹម សុខា បន្ថែម​ ឬយ៉ាង​ណា​នោះ​ទេ។ ដូច្នេះ ការ​សម្រេចបន្ត​នីតិ​វិធី​យ៉ាង​ណាជា​បន្ត​ទៀត​​ គឺ​ជាឆន្ទានុសិទ្ធិ​របស់​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​៕

ដោយ៖ សុខ សុវណ្ណ​​

អត្ថបទទាក់ទង