ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាលកម្ពុជា ឯកភាពឲ្យផ្លាស់ប្តូរទីតាំងវិនិយោគព្រលានយន្តហោះកោះកុងថ្មី ពីក្រុងខេមរភូមិន្ទ ទៅស្រុកមណ្ឌលសីមា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 693

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ឲ្យមានការផ្លាស់ប្តូរទីតាំងវិនិយោគ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ពីទីតាំងចាស់ក្នុងក្រុងខេមរភូមិន្ទ ទៅកាន់ទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា។ នេះតាមលិខិត លេខ ១៩២២សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលទទួលបាននៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះ លើផ្ទៃដីទំហំប្រមាណពី៤០០ហិកតា ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវបន្តនីតិវិធីដើម្បីចាប់ផ្តើមកសាង»។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គាំទ្រចំពោះការផ្តាល់ប្តូរទីតាំងចាស់ទៅទីតាំងថ្មីនេះ ប៉ុន្តែក្នុងនាមជាស្ថាប័នជំនាញ ចាំបាច់ត្រូវការសិក្សាដើម្បីធានាថា ការហោះហើររបស់កម្ពុជា មិនប៉ះពាល់ដល់ដែនអាកាសរបស់ប្រទេសថៃ។

លោកបានថ្លែងយ៉ាងដូច្នេះថា «យើងបានដឹងពីការផ្លាស់ប្តូរទីតាំងព្រលានយន្តហោះនេះហើយ ប៉ុន្តែខាងជំនាញត្រូវការត្រួតពិនិត្យបន្ថែមបន្តិចទៀត ដើម្បីសិក្សាពីលទ្ធភាពក្នុងការប្រើប្រាស់ដែនអាកាស ដើម្បីធានាថាការហោះហើររបស់យើង មិនប៉ះពាល់ទៅនឹងអធិបតេយ្យភាព ដែនអាកាសនៃប្រទេសជិតខាង»។

សូមជម្រាបថា គម្រោងវិនិយោគព្រលានយន្តហោះថ្មី នៅខេត្តកោះកុងនេះ ជាការវិនិយោគរួមគ្នា ដោយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airway របស់ថៃ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០លានដុល្លារអាមេរិក។

ដំបូងឡើយ គម្រោងវិនិយោគនេះ គ្រោងសាងសង់លើដីអតីតព្រលានយន្តកោះកុង ស្ថិតនៅក្រុងខេមរភូមិន្ទ ប៉ុន្តែដោយសារមានផលប៉ះពាល់ច្រើននោះ ទើបមានការផ្លាស់ប្តូរទីតាំងថ្មី ៕

អត្ថបទទាក់ទង