ឯកអគ្គរដ្ឋទូតទីម័រខាងកើតដែលបញ្ចប់អាណត្តិ ផ្តល់តម្លៃខ្ពស់ដល់សុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលបានជំរុញឱ្យមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស

លោកស្រី ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានកោតសរសើរថា កម្ពុជាគឺជាប្រទេសដ៏គំរូមួយដែលអាចដកស្រង់បទពិសោធន៍ហើយយកបទពិសោធន៍នោះដើម្បីជាការរៀនសូត្រផងនិងដើម្បីជាការចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀតផង ហើយលោកស្រី បានផ្តល់តម្លៃខ្ពស់ដល់កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយរបស់កម្ពុជាដែលសុខសន្តិភាពបស្ថេរភាពនយោបាយនេះហើយ ដែលបានជំរុញការអភិវឌ្ឍរបស់កម្ពុជាឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោកស្រី បានលើកឡើងដូចនេះនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពេលដែលលោកស្រីត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រចាំកម្ពុជា ដែលពិធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងជំនួបនោះ លោកស្រី ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតក្នុងឱកាសដែលលោកស្រីទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ លោកស្រី បានគោរពជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោកស្រីពិតជាមានកិត្តិយសយ៉ាងខ្លាំងដោយបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ជាមួយគ្នានេះផងដែរ លោកស្រី បានជម្រាបជូនថា ក្នុងរយៈពេល ៤ ឆ្នាំដែលលោកស្រីបានមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា គឺបេះដូងរបស់លោកស្រីស្ថិតនៅក្នុងប្រទេសកម្ពុជារួចទៅហើយ។
លោកស្រី ហ្វេលីស៊ីដាដេ ដេ ស៊ូសា ហ្គូទែរែស បានបញ្ជាក់បន្ថែមថា កម្ពុជាគឺជាប្រទេសមួយដែលមានប្រជាពលរដ្ឋរីករាយស្រស់ថ្លាហើយភាពស្រស់ថ្លានេះ ជាមួយនឹងសុខសន្តិភាព សុវត្ថិភាពនេះឯងដែលមានការទាក់ទាញសម្រាប់អ្នកទេសចរមកទស្សនានៅកម្ពុជា មកវិនិយោគនៅកម្ពុជា ហើយជាងនេះទៅទៀត កត្តាសុវត្ថិភាពនេះឯងគឺជាកត្តាទាក់ទាញជាទីបំផុត។ ក្នុងន័យនេះដែរ លោកស្រី ក៏បានសម្តែងនូវការរីករាយដែលលោកស្រី បានក្លាយជាអ្នកការទូតរបស់ទីម័រខាងកើតលើកទី១ មកកាន់កម្ពុជា។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជាដែលកំពុងបន្តការសិក្សានៅកម្ពុជានាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីក៏បានគោរពថ្លែងនូវការជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសាកលនេះផងដែរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនូវការអបអរសាទរចំពោះលោកស្រីដែលទទួលបានគ្រឿងឥស្សរិយយសពីព្រះករុណាជីវិតតម្កល់លើត្បូង ហើយលោកបានមានប្រសាសន៍ថាប្រទេសកម្ពុជា និងប្រទេសទីម័រខាងកើត គឺជាប្រទេសកំពុងមានការអភិវឌ្ឍដែលចាំបាច់យើងអាចចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកគឺកម្ពុជាមានបទពិសោធន៍សម្រាប់ចែកជូនទៅទីម័រខាងកើត រីឯទីម័រខាងកើតក៏មានបទពិសោធន៍សម្រាប់ចែកជូនមកកម្ពុជាវិញផងដែរ។ អ្វីដែលជាកត្តាសំខាន់នោះគឺយើងផ្លាស់ប្ដូរបទពិសោធន៍រវាងគ្នានឹងគ្នាទៅវិញទៅមក ហើយប្រើប្រាស់នូវអ្វីដែលយើងមាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យទទួលបាននូវផលប្រយោជន៍រួមផង និងទាំងសង់ខាងផង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្ដែងនូវក្តីរីករាយដោយមានសិស្សទីម័រខាងកើតជាច្រើនបានមកសិក្សានៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនោះ លោក បានមានប្រសាសន៍ថាកម្ពុជាចង់ឲ្យមាននិស្សិតបរទេសច្រើនមកសិក្សានៅកម្ពុជា ទីមួយគឺការចែករំលែកនូវចំណេះដឹងរវាងនិស្សិត និងនិស្សិតទីពីរ គឺដើម្បីជាកម្មវិធីផ្លាស់ប្ដូរនិស្សិតរវាងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផង៕