ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាភិបាលចិន ផ្តល់ជំនួយ ២.៥លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រសកម្មភាពបោសសំអាតមីន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 16
រដ្ឋាភិបាលចិន ផ្តល់ជំនួយ ២.៥លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រសកម្មភាពបោសសំអាតមីន រដ្ឋាភិបាលចិន ផ្តល់ជំនួយ ២.៥លានដុល្លារ ដល់កម្ពុជា សម្រាប់គាំទ្រសកម្មភាពបោសសំអាតមីន

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់ នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០១៩នេះថា រដ្ឋាភិបាលចិន បានសំរេចផ្តល់ជំនួយចំនួន ២.៥លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់អង្គភាពស៊ីម៉ាក់ សម្រាប់ឆ្នាំ២០២០។

លោក ហេង រតនា បញ្ជាក់ថា ថវិកាជាជំនួយឥតសំណងចំនួន ២.៥លានដុល្លារនៃ​រដ្ឋាភិបាលចិននេះ​ នឹងត្រូវប្រើប្រាស់ ដើម្បីអនុវត្តគំរោង «ជំនួយចិនដើម្បីលុបបំបាត់គ្រាប់មីន នៅកម្ពុជា»​ ហើយគំរោងនេះ គាំទ្រការពង្រាយកំលាំងប្រតិបតិ្តការរបស់អង្គភាពស៊ីម៉ាក់ នៅខេត្តព្រះវិហារ​ ខេត្តឧត្តរមានជ័យ​ ខេត្តស្ទឹងត្រែង​ ព្រមទាំងកំលាំងអន្តរាគមន៍ នៅខេត្តសៀមរាប​ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម​ ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង១៧គីឡូម៉ែត្រក្រឡា។

លោកបន្ថែមទៀតថា គំរោងនេះត្រូវប្រើប្រាស់កំលាំងជំនាញជិត ៣០០នាក់​ ក្នុងរយៈពេល១ឆ្នាំ គឺពីថ្ងៃទី០១​ ខែមករា ដល់ថ្ងៃទី៣១​ ខែធ្នូ​២០២០។ គំរោងជំនួយឥតសំណង​រដ្ឋាភិបាលចិននេះ មានរយៈ​ពេល៣ឆ្នាំ​ (២០២០-២០២២)​ ហើយសម្រាប់ឆ្នាំ២០២០ គឺជាឆ្នាំទី១។

សូមជម្រាបថា រដ្ឋាភិបាលចិនបានផ្តល់ជំ​នួយទំហំថវិកា២.៥លានដុល្លារអាមេរិក នៅចុងឆ្នាំ២០១៨ ដើមឆ្នាំ២០១៩​ផងដែរ​ ដែលបានអនុវត្តការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមបណ្តា ខេត្តព្រះវិហារ​ ខេត្តឧត្តរមានជ័យ​ ខេត្តស្ទឹងត្រែង​ ខេត្តសៀមរាប​ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម៕