ស្ពានឆ្លងកាត់ទន្លេសាបថ្មី នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២៣ តុលា ខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នឹងមានការបើកការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាប ឆ្លងកាត់ទន្លេសាប ពីខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យោងតាមព័ត៌មានដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណៈការ បានឱ្យដឹងថា ស្ពាននេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ភ្ជាប់ពីផ្លូវសាលាដែក ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ទៅកាន់ខណ្ឌជ្រោយចង្វារ។ ស្ពាននេះ និងមានបួនគន្លងសម្រាប់ធ្វើដំណើរ ពោលគឺទៅពីរគន្លង មកពីរគន្លង ហើយមានចិញ្ចើមសម្រាប់ថ្មើរជើង១,២៥ម៉ែត្រ សងខាងផងដែរ៕