ខ្មែរប៉ុស្ដិ៍ Close

សារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងជួបគ្រោះរាំងស្ងួត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 606
សារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងជួបគ្រោះរាំងស្ងួត សារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈកម្ពុជានឹងជួបគ្រោះរាំងស្ងួត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសារាចរណែនាំ ស្ដីពីការចាត់វិធានការថែរក្សាទឹកទុក ខណៈដែលកម្ពុជានឹងជួបគ្រោះរាំងស្ងួត អាកាសធាតុក្ដៅខ្លាំង ហើយរដូវវស្សាមកដល់មានសភាពយឺតយ៉ាវ។ ក្នុងសារាចរណែនាំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ស្ថានភាពបែបនេះដោយសារតែ យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្ដែង បានបង្ហាញយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់ បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែល នីណូ ( El Nino ) ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើនដូចជា ធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង, រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ, របាយទឹកភ្លៀង មានភាពរអាក់រអួលមិនស្មើគ្នា, របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំង ពិសេសជំនន់មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។

បើទោះបីជាចាប់ពីខែកក្កដា ឆ្នាំ២០១៩ បាតុភូតអែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ ទន្ទឹមនឹងអាងទឹក នាពេលកន្លងមកបានរក្សាទឹកទុកស្ទើរ តែ១០០% ក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តី បញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា ស្រូវរដូវប្រាំង២០១៩-២០២០ និងការប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មី។

យោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចខាងក្រោម៖
– ទី១៖ ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០ គឺអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជាទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀត ក្រៅពីស្រូវ។
– ទី២៖ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរឡើងវិញ៕

អត្ថបទទាក់ទង