ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកមាន៖ ក្រុមអាវលឿងនិងអាវស គឺជាប្រេង និងទឹកយ៉ាងប្រាកដ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 578
លិខិតមិត្តអ្នកមាន៖ ក្រុមអាវលឿងនិងអាវស គឺជាប្រេង និងទឹកយ៉ាងប្រាកដលិខិតមិត្តអ្នកមាន៖ ក្រុមអាវលឿងនិងអាវស គឺជាប្រេង និងទឹកយ៉ាងប្រាកដ

លទ្ធផលនៃការបរាជ័យរបស់ សម រង្ស៊ី ក្នុងការវិលត្រឡប់ចូលស្រុកវិញតាមផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ និងដូររបបរាជានិយម បានបង្ហាញកាន់តែច្បាស់ថា ក្រុមថ្នាក់ដឹកនាំរបស់អតីតបក្សសង្រ្គោះជាតិ ពិតជាបានបែកបាក់គ្នាខ្លាំងបំផុត ហើយទំនងមិនអាចត្រូវបានច្របាច់បញ្ចូលគ្នាឱ្យទៅជាសាច់ឈាមតែមួយបានទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យអតីតថ្នាក់ដឹកនាំនៃខ្មោចបក្សសង្រ្គោះជាតិមិនអាចផ្សះផ្សាគ្នាបានឱ្យទៅជាសាច់តែមួយបាន? តើអតីតថ្នាក់ដឹកនាំខ្មោចបក្សង្រ្គោះជាតិអាចផ្សះផ្សាចូលសាច់តែមួយបានឬទេ?

ការបែកបាក់ ប្រេះឆាជាសម្ងាត់ និងជាចំហ ដែលមិនអាចផ្សះផ្សាគ្នាបានក្នុងអតីតបក្សសង្រ្គោះជាតិ បានកើតឡើងជាដំបូងក្នុងចំណោមថ្នាក់ដឹកនាំ ហើយបន្ទាប់ក្រោយមកទៀត ជំងឺរ៉ាំរ៉ៃនេះបានរីករាលដាលដល់ក្នុងចំណោមសកម្មជនរបស់អតីតបក្សសង្រ្គោះជាតិទាំងនៅក្នុងប្រទេស និងក្រៅប្រទេសកាន់តែជ្រៅទៅៗគ្មានថ្ងៃដែលអាចត្រូវបានផ្សាសាច់ផ្សាឈាមឱ្យចូលគ្នាតែមួយបានតាមរយៈការផ្សំផ្គុំក្រុមអ្នកនយោបាយទាំងពីរក្រុម គឺ ក្រុមអាវស និង ក្រុមអាវលឿងឱ្យរៀនរស់នៅក្នុងជីវភាពនយោបាយក្នុងបក្សតែមួយបានឡើយ។ ក្រុម សម រង្ស៊ីនិយមនៅបង្ហាញភាពរឹងមាំ និងរូបភាពមិនបែកបាក់ពីខាងក្រៅ ក្រោមរូបភាពសម្ព័ន្ធភាពក្លែងក្លាយមួយគឺ សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ រីឯ ក្រុមកឹម សុខានិយម បានបង្ហាញនូវការបែកបាក់ ចែកផ្លូវគ្នាដើរជាចំហ ហើយបន្តវាយប្រហារលើក្រុមសម រង្ស៊ីនិយមយ៉ាងចាស់ដៃ និងជាសាធារណៈដើម្បីការពារអ្វីដែលជាតម្លៃ និងអត្តសញ្ញាណនៃកឹម សុខានិយម គឺអហឹង្សា និងមិនយកខ្មែរណាជាសត្រូវ។

វាជាការពិតខ្លាំងណាស់ មានមូលហេតុជាច្រើន ដែលបានធ្វើឱ្យក្រុមអ្នកនយោបាយទាំងពីរក្រុមមានឈាមខុសគ្នា ចិត្តគំនិតខុសគ្នាឈានដល់ការខ្វែងគំនិតគ្នា ហើយដែលទំនងមិនអាចក្លាយទៅជាសម្ព័ន្ធភាពស៊ីសាច់ស៊ីឈាមនឹងគ្នាបាន ដោយភាពស្មោះត្រង់ និងគួរជឿទុកចិត្តបាន ខណៈពេលដែលពួកគេទាំងពីរក្រុមនៅតែបន្សល់ទុកនូវជំងឺតួឯកនិយមក្នុងខ្លួនក្នុងចំណោមថ្នាក់ដឹកនាំនៃអតីតបក្សសង្រ្គោះជាតិ តាំងពីកំណើតនៃការចាប់ផ្តើមជីវភាពនយោបាយជាមួយនឹងការបាញ់ពណ៌ដាក់គ្នាទៅវិញទៅមក ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក ពិសេសការប្រកាន់ជំហរនយោបាយជាយុទ្ធសាស្រ្តផ្ទុយគ្នាស្រឡះ ដែលជាមូលហេតុបង្កើតឱ្យមានការបែកបាក់យ៉ាងជ្រាលជ្រៅបំផុត។

ដើមឡើយ គេចាំបានថា បក្ស សម រង្ស៊ី ក្រោយមក បានផ្តូរទៅជាបក្សភ្លើងទៀន ឬ ហៅថា ក្រុមអាវស ដឹកនាំដោយ សម រង្ស៊ី ហើយបក្សសិទ្ធិមនុស្ស ឬ ហៅថា ក្រុមអាវលឿង គឺ បក្សទាំងពីរនេះបានវាយប្រហារគ្នាយ៉ាងចាស់ដៃ ជាក់ស្តែង អតីតថ្នាក់ដឹកនាំខ្មោចបក្សសង្គ្រោះជាតិ ដែលមានទំនោរទៅរកក្រុម កឹម សុខានិយម បានប្រកាសមិនទទួលស្គាល់សន្និសីទដែលរៀបចំឡើងដោយក្រុមសម រង្សីនិយម ហើយបានសម្រេចតែងតាំង សម រង្ស៊ី ជា «ប្រធានស្ដីទី» បក្សខ្មោច ហើយបានចោទថា ជាទង្វើបក្សប្រហារ។ ការប្រេះឆាររវាងអតីតថ្នាក់ដឹកនាំដែលកើតចេញពីប្រភពបក្សពីរ ដែលមានសាច់ឈាមមិនដូចគ្នា ហើយដែលម្ខាងមានទំនោរទៅរក កឹម សុខា និងម្ខាងទៀត មានទំនោរទៅរក សម រង្ស៊ី បានផ្ទុះឡើងក្នុងពេលដែល សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ (CNRM) ត្រូវបានប្រកាសដោយសន្និសីទនៃអតីតខ្មោចប្រឆាំងនៅក្រៅប្រទេសខាងសម រង្ស៊ីនិយម បានសម្រេចជ្រើសតាំង សម រង្ស៊ី ជា «ប្រធានស្ដីទី» ខ្មោចបក្សសង្រ្គោះជាតិ។ ក្រុមកឹម សុខានិយម បានចេញមុខថ្លែងបដិសេធ ហើយមិនទទួលស្គាល់ការតែងតាំង សម រង្ស៊ី ជាប្រធានស្ដីទីខ្មោចបក្សសង្រ្គោះជាតិដោយពួកគេយល់ថាជាទង្វើរំលោភលើលក្ខន្តិកៈគណបក្ស។

កន្លងមក សកម្មភាពនៅឯនាយសមុទ្ររបស់ក្រុម កឹម សុខានិយម ត្រូវបានក្រុម សម រង្ស៊ីនិយមទាត់ចោលមិនខ្ចីអើពើមិនរាប់រក ហើយត្រូវបានក្រុមសម រង្ស៊ីនិយមចោទថា ជាក្រុមស៊ីឈ្នួលលក់ក្បាលឱ្យបក្សកាន់អំណាច ជាក់ស្តែង ក្រុម កឹម សុខានិយម ត្រូវបានគេដកចេញ ហើយដាក់មនុស្សក្នុងរចនាសម្ព័ន្ធថ្មី ដែលសុទ្ធសឹងជាក្រុមសម រង្ស៊ីនិយមទាំងស្រុង។ រីឯក្រុម កឹម សុខានិយម ត្រូវបានក្រុមសម រង្ស៊ីនិយម បិទមាត់និយាយលែងចេញក្រោមពាក្យស្លោកបោកប្រាស់ថា សម រង្ស៊ី និង កឹម សុខា ជាមនុស្សតែមួយ។ តែទីបំផុត ក្រុមកឹម សុខានិយមបានស្លាប់ជីវិតនយោបាយទាំងជំហរ ដោយមិនហ៊ានងើបតតាំងជាមួយនឹងក្រុមបក្សប្រហារនោះទេ។

ការប្រកែកទាស់ទែងគ្នានេះ បានធ្វើឱ្យក្រុម សម រង្ស៊ីនិយម បានបដិសេធនូវការលើកឡើងពីការ «ធ្វើបក្សប្រហារ» របស់ក្រុមសម រង្ស៊ីនិយមថា ជារឿងដែល «គួរឲ្យអស់សំណើច»។ ក្រុមសម រង្ស៊ីនិយមបានប្រើប្រាស់វោហាសាស្រ្តថា សម រង្ស៊ី និង កឹម សុខាជាមនុស្សតែមួយ ដែលខាងក្រុមកឹម សុខានិយមបានមើលឃើញថា វាគ្រាន់តែជាសារធ្វើប្រជាភិថុតបន្តឱ្យទាក់ទាញ និងបានការគាំទ្រពីអ្នកគាំទ្រ និងសកម្មជនរបស់ខ្លួន។ ក្រុមសម រង្ស៊ីនិយម បានចោទក្រុមកឹម សុខានិយមកំពុងស៊ីឈ្នួលឱ្យបក្សកាន់អំណាចបំបែកកម្លាំងអតីតខ្មោចបក្សសង្រ្គោះជាតិ។ ការវាយប្រហារយ៉ាងចាស់ដៃពីក្រុមសម រង្ស៊ីនិយម បានធើ្វឱ្យក្រុម កឹម សុខានិយមស្ទើរក្អួតឈាម និងមិនអាចទទួលយកបាននូវអំពើដ៏អយុត្តិធម៌នេះ ហើយ បើទោះបី ក្រុមសម រង្ស៊ីនិយមស្រែកបន្ទរដដែលៗថា សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែមួយក៏ពិតមែន ក៏ប៉ុន្តែធាតុពិតគឺវាពិតជាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ក្រឡែតនូវសញ្ញាបែកបាក់ប្រៀបដូចកែវបែកដែលមិនអាចត្រូវបានគេផ្សំផ្គុំគ្នាឡើងវិញបានឡើយ។

សញ្ញានៃការបែកបាក់ពិតជាបានឈានដល់ចែកផ្លូវគ្នាដើរត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នៅពេលដែល សម រង្ស៊ី បានប្រកាសយកជំហរនយោបាយហិង្សាញុះញង់ និងបំផុសឱ្យប្រជាជននិងកងកម្លាំងប្រដាប់អាវុធងើបប្រឆាំង និងផ្តួលរំលំរដ្ឋាភិបាល និងដូររបបរាជានិយម ជាមួយនឹងការប្រមាថចេស្តាព្រះមហាក្សត្រខ្មែរយ៉ាងព្រហើនជាទីបំផុត។ ផ្ទុយពីក្រុម កឹម សុខានិយមបានប្រកាសអនុវត្តជំហរនយោបាយអហិង្សា។ ក្រុមកឹម សុខានិយម ប្រកាសមិនគាំទ្រជំហរនយោបាយហិង្សារបស់ សម រង្ស៊ី ហើយបានចាត់ទុកផែនការវិលត្រឡប់ចូលស្រុករបស់ សម រង្ស៊ី គ្រាន់តែជាការធ្វើឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រមួយចំនួនដែលជឿលើការបោកប្រាស់របស់ សម រង្ស៊ី ហើយថា ទង្វើរបស់ សម រង្ស៊ី និងបក្ខពួកបានធ្វើឱ្យសកម្មជនរបស់ខ្លួនជាប់គុក និងខ្លះទៀតរត់ចោលផ្ទះតែប៉ុណ្ណោះ។ ក្រុមកឹម សុខានិយម បានបកស្បែកមុខ សម រង្ស៊ី ថា ជាអ្នកនយោបាយគ្មានយុទ្ធសាស្រ្ត ហើយបានហៅការសន្យាវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គ្រាន់តែជា «ការទាក់ទាញចំណាប់អារម្មណ៍របស់មហាជន» តែប៉ុណ្ណោះ។

បើទោះបី លោក កឹម សុខា ត្រូវបានតុលាការសាលាដំបូងបន្ធូរបន្ថយលក្ខខណ្ឌឱ្យមានសេរីភាពដើរហើរក្នុងប្រទេសក៏ដោយ ក៏លោក កឹម សុខា មិនអាចធ្វើសកម្មភាពនយោបាយបាន និងនិយាយអ្វីដែលជាការពិតអំពីការបែកបាក់ ឬការចែកផ្លូវគ្នា ក៏វានឹងកាន់តែលេចច្បាស់ឡើងនៅពេលខាងមុខ បន្ទាប់ពីភ្លៀង មេឃនឹងស្រឡះ គឺផ្លូវដែលនឹងបែក គឺជាពិតជាបែកយ៉ាងប្រាកដ។ ពីព្រោះ លោក កឹម សុខាក៏មិនប្រាកដថា អាចបន្តគ្រប់គ្រងកម្លាំងសម រង្ស៊ីនិយមបាន ហើយកម្លាំង សម រង្ស៊ី នឹងមិនឱនក្បាលចំណុះក្រោមការដឹកនាំរបស់ក្រុមកឹម សុខានិយមបានដែរ អាស្រ័យដោយការលែងមានជំនឿទុកចិត្តគ្នាទៅវិញទៅមកក្នុងសម្ព័ន្ធភាពក្លែងក្លាយ ខណៈពេលដែល សម រង្ស៊ី មិនអាចវិលត្រឡប់ចូលស្រុកវិញបាន ហើយអនាគតទៅមុខចំពោះជោគវាសនានៃឈ្មោះអតីតបក្សសង្រ្គោះជាតិ ក៏មិនបា្រកដថាអាចរស់ឡើងវិញបានផងដែរក្នុងឆាកនយោបាយថ្មី ឬក៏អាចលេចចេញជារូបភាពថ្មីនៃបក្សប្រឆាំងក៏ថាបានក្នុងពេលអនាគត។ សូម្បីលោក កឹម សុខា ត្រូវទទួលបាននូវលក្ខខណ្ឌបន្ធូរបន្ថយឱ្យមានសេរីភាពច្រើនជាងមុន អាចដើរហើរក្នុងប្រទេសបានតាមសំណើនៃមេធាវីរបស់លោកកឹម សុខាក៏ដោយក៏ សម រង្ស៊ី នៅតែឆ្លៀតកេងចំណេញខាងនយោបាយអំពីជ័យជម្នះថ្ងៃ៩ វិច្ឆិកា និងការដាក់សម្ពាធពីខាងក្រៅដោយគ្មានការខ្មាស់អៀន។

ដូច្នេះ ការផ្សំផ្គុំដោយបង្ខំរវាងក្រុមទាំងពីរខាងលើកន្លងមក ឬ អាពាហ៍ពិពាហ៍ដោយការចាប់បង្ខំពីសំណាក់បរទេសមួយ ត្រូវបានធ្វើឡើងក្នុងយុទ្ធសាស្រ្តឱ្យមានរបស់ដែលហៅថា ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា និងមួយចំណែកទៀតដើម្បីបំរើដល់ផលប្រយោជន៍បរទេសខាងភូមិសាស្រ្តនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍ផង និងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ក៏ប៉ុន្តែ សម្ព័ន្ធភាពក្លែងក្លាយ ឬ អាពាហ៍ពិពាហ៍ចាប់បង្ខំនៃក្រុមទាំងពីរដែលមានឈាម និងចិត្តគំនិតមិនដូចគ្នានេះបាននិងកំពុងបែកបាក់ និងចែកផ្លូវគ្នាដើរយ៉ាងប្រាកដ។

ជារួម ក្រុមអាវលឿង និងអាវស គឺ ជាទឹកនិងប្រេង ដែលមិនអាចរលាយចូលគ្នាបានពីធម្មជាតិ។ វាកាន់តែប្រាកដច្បាស់នោះគឺថា កែវគ្មានឈាមដូចឈ្លើងនោះទេ ប្រសិនបើ វាបែក គឺ វាមិនអាចផ្សាឱ្យជាប់គ្នាបានឡើយ ក៏ប៉ុន្តែ ឈ្លើងមានឈាម ប្រសិនបើ វាត្រូវបានគេកាត់វាជាពីរ គឺវាអាចផ្សាសាច់ចូលគ្នាវិញបានដោយសារឈាមតែមួយ។ ក្នុងន័យនេះ អតីតបក្សសង្រ្គោះជាតិ ដែលមានឈាមមិនដូចគ្នា មានប្រភពកំណើតផ្សេងពីគ្នា ចិត្តគំនិតខុសគ្នា និងជំហរនយោយាបាយជាយុទ្ធសាស្រ្តខុសគ្នា ទំនងមិនអាចរលាយចូលគ្នាទៅជាសាច់តែមួយបាន ឬ ជាសម្ព័ន្ធភាពរឹងមាំយូរអង្វែងបាន ដូចការជឿទុកចិត្តរបស់អ្នកគាំទ្រ ក៏ដូចការរំពឹងទុករបស់បរទេសមួយ ដែលខិតខំប្រឹងប្រែងជួយផ្សំផ្គុំជាសម្ព័ន្ធមិត្ត ដើម្បីបំរើដល់ផលប្រយោជន៍ក្នុងភូមិសាស្រ្តនយោបាយរបស់ខ្លួនក្នុងតំបន់នេះ។

ដូច្នេះ ចំពោះអនាគត ទាំងក្រុមកឹម សុខានិយម និងសម រង្ស៊ីនិយម នឹងមិនបន្តរស់ក្នុងសម្ព័ន្ធភាពក្លែងក្លាយបានជារៀងរហូតនោះទេ។ ក្រុមសម រង្ស៊ីនិយមប្រហែលនឹងបាត់បង់ឱកាសជីវិតនយោបាយច្រើនឡើងៗ ខណៈដែលក្រុមកឹម សុខានិយមកាន់តែកំពុងបង្ហាញនូវការចែកផ្លូវគ្នាដើរជាសាធារណៈយ៉ាងច្បាស់ប្រាកដដែលវាទំនងគ្រាន់តែរង់ចាំពេលវេលានឹងអាចឆ្លើយប្រាប់ប៉ុណ្ណោះ។ ដូច្នេះ បើ វាប្រេះស្រាំទៅហើយ វាគង់តែនឹងបែក ជៀសមិនផុត គ្រាន់តែការបែកបាក់ពេលនេះ ត្រូវចាត់ទុកជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុមកឹម សុខានិយម ដើម្បីសង្រ្គោះជីវិតនយោបាយ និងរក្សាបានគង់វង្សនូវគុណតម្លៃ និងអត្តសញ្ញាណរបស់ក្រុមកឹម សុខានិយមដែលបន្សល់ទុកមកពីបក្សសិទ្ធិមនុស្ស៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង