ខ្មែរប៉ុស្ដិ៍ Close

ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការលើកឡើងរបស់មេធាវី Richard Rogers ដែលបំភ្លៃការពិតផ្ទុយពីគោលការណ៍ច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1345
ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការលើកឡើងរបស់មេធាវី Richard Rogers ដែលបំភ្លៃការពិតផ្ទុយពីគោលការណ៍ច្បាប់ ក្រុមមេធាវីរាជរដ្ឋាភិបាល ចេញសេចក្តីបំភ្លឺឆ្លើយតបនឹងការលើកឡើងរបស់មេធាវី Richard Rogers ដែលបំភ្លៃការពិតផ្ទុយពីគោលការណ៍ច្បាប់

ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជានៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីបំភ្លឺមួយ ឆ្លើយតបនឹងការលើកឡើងរបស់លោក Richard Rogers តាមវិទ្យុអាស៊ីសេរី ដែលបានបំភ្លៃការពិតផ្ទុយពីគោលការណ៍ច្បាប់ពាក់ព័ន្ធនឹងវិធានការចំពោះជនដែលប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា។

សេចក្តីបំភ្លឺនេះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖
សេចកី្តបំភ្លឺតបរបស់ក្រុមមេធាវីរាជរដ្ឋាភិបាលចំពោះកិច្ចសម្ភាសន៍រវាងវិទ្យុអាស៊ីសេរី និងមេធាវី Richard Rogers កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមមេធាវីរាជរដ្ឋាភិបាលធើ្វការពន្យល់ និងឆ្លើយតបចំពោះពាក្យសម្តីបំភ្លៃការពិត និងដែលផ្ទុយពីគោលការណ៍ច្បាប់ជូនទៅមេធាវី Richard Rogers និងវិទ្យុអាស៊ីសេរី ព្រមទាំងសាធារណជន ជ្រាបដូចខាងក្រោម៖
– Richard Rogers ដែលតាំងខ្លួនជាមេធាវីអន្តរជាតិ និងជាអ្នកវិភាគ ជារឿយៗតែងបានធើ្វការវាយប្រហារ ដោយមានចេតនាលម្អៀងបំផុសអង្គហេតុដែលផ្ទុយពីការពិតក្នុងគោលបំណងទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ត្រឹមត្រូវ សេរី និងយុតិ្តធម៌។
– Richard Rogers ជាបុគ្គលដែលតែងបានរួមដៃគ្នាជាមួយក្រុមឧក្រិដ្ឋជន សម រង្ស៊ី ក្នុងការប្រឌិតអង្គហេតុ ធើ្វបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្តឹងចោទប្រកាន់លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពាក្យបណ្តឹងដែលបុគ្គលនេះធើ្វឡើងសុទ្ធសឹងតែគ្មានមូលដ្ឋានផ្លូវច្បាប់ត្រឹមត្រូវដែលជាហេតុធើ្វឲ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទុកចោល ដោយមិនធើ្វការពិចារណា។
– ផែនការវិលត្រឡប់មកវិញរបស់ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួកគឺជាផែនការឧក្រិដ្ឋក្នុងទិសដៅធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ឧក្រិដ្ឋជន សម រង្ស៊ី និងបក្ខពួក បានប្រកាសច្បាស់ៗ អំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបង្វែរចុងកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាល ប្រកាសផ្តល់ថវិកាទិញទឹកចិត្តកងកម្លាំងប្រដាប់អាវុធ បំផុសឲ្យប្រជាពលរដ្ឋក្រោកឈរឡើងព្រមៗគ្នា ឡោមព័ទ្ធទីស្នាក់ការភូមិ ឃុំ និងស្នងការដ្ឋាននគរបាលទូទាំងប្រទេស ជេរប្រមាថ និងបង្ខំព្រះមហាក្សត្រឲ្យដាក់រាជ្យ ព្រមទាំងប្រកាសចាប់ខ្លួនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ អំពើទាំងអស់នេះគឺជាផែនការឧក្រិដ្ឋក្នុងគោលបំណងធើ្វរដ្ឋប្រហារដែលច្បាប់ព្រហ្មទណ្ឌកម្ពុជា កំណត់ថាជា បទឧបឃាត ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ ឬ អស់មួយជីវិត (ប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រីរាជការ)តាមមាត្រា៤៥១ និងមាត្រា៤៥២ នៃក្រមព្រហ្មទណ្ឌ។
– ច្បាប់ក៏បានចែងកំណត់ច្បាស់ថា បុគ្គលទាំងឡាយណា ទោះបីជាជនស៊ីវិលក៏ដោយ ដែលបានចូលរួម ឬគាំទ្រដល់ចលនាឧក្រិដ្ឋខាងលើនេះ នឹងត្រូវទទួលទោសពីបទរួមគំនិតក្បត់ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ ទៅ ១០ឆ្នាំ ឬដល់ទៅ ២០ឆ្នាំ (ប្រសិនបើអ្នកប្រព្រឹត្តនោះជាមន្ត្រីរាជការ) អនុលោមតាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីផែនការឧក្រិដ្ឋនេះ រាជរដ្ឋាភិបាលបានប្រើប្រាស់គ្រប់មធ្យោបាយ ផ្សព្វផ្សាយជាសាធារណៈជូនសាធារណជនជ្រាបក្នុងគោលបំណងទប់ស្កាត់ កុំឲ្យចាញ់ឧបាយកលបោកបញ្ឆោត ដែលនាំឲ្យធ្លាក់ខ្លួនក្នុងអំពើល្មើសជាមួយក្រុមឧក្រិដ្ឋជន។
– ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ដែលមានផែនការចូលកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺចូលមកក្នុងនាមជាទណ្ឌិត និងជាឧក្រិដ្ឋជន រីឯបុគ្គលដែលរួមដំណើរ និងបុគ្គលដែលគាំទ្រសកម្មភាពឧក្រិដ្ឋជន គឺជាអ្នករួមគំនិតក្នុងអំពើក្បត់ដែលត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងផ្តន្ទាទោសដាក់ពន្ធនាគារ ដោយតុលាការមានសមត្ថកិច្ច។

សុំបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន និងក្រុមចូលរួមគាំទ្រសកម្មភាពរបស់ឧក្រិដ្ឋជនក្នុងផែនការធើ្វរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលនេះ គឺពុំមានតួនាទីជាអ្នកតំណាងរាស្រ្តជាប់ឆ្នោត និងពុំមែនជាជនស៊ីវិលស្លូតត្រង់ ដូចការលើកឡើងរបស់ Richard Rogers នោះទេ ពោលគឺពួកគេជាជនល្មើសក្នុងបទឧក្រិដ្ឋ។ ផ្អែកតាមមាត្រា ៥២ នៃរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិបញ្ជាក់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់រាជរដ្ឋាភិបាល ក្នុងការថែរក្សាសុខសន្តិភាព ការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ ក៏ដូចជាជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ កងកម្លាំងមានសមត្ថកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចទប់ស្កាត់ និងបង្ក្រាបនូវរាល់បុគ្គលណា ដែលធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋធម្មនុញ្ញ អង្គព្រះមហាក្សត្រ និងភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។

ទាំងនេះ គឺជាការឆ្លើយតបចំពោះការលើកឡើងបែបបំភ្លៃរបស់មេធាវី Richard Rogers ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩។ ជាមួយគ្នានេះ មេធាវី Richard Rogers ក៏គប្បីសិក្សាឲ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយអំពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា មុននឹងផ្តល់ការវិភាគ ឬវាយតម្លៃដោយអគតិ ចំពោះភាពត្រឹមត្រូវ និងស្អាតស្អំរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង