ខ្មែរប៉ុស្ដិ៍ Close

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំលើកដំបូងរៀបចំសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ស្ដីពី អន្ដោប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 519
ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំលើកដំបូងរៀបចំសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ស្ដីពី អន្ដោប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំលើកដំបូងរៀបចំសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ស្ដីពី អន្ដោប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីរៀបចំសេចក្ដីព្រាងច្បាប់ វិសោធនកម្មច្បាប់ ស្ដីពីអន្ដោប្រវេសន៍ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅ ទីស្ដីការក្រសួងមហាផ្ទៃ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំនេះ លោក សុខ ផល ដែលជាប្រធានក្រុមការងាររៀបចំសេចក្ដីព្រាងនេះ បានលើកឡើងថា ច្បាប់អន្ដោប្រវេសន៍ជាច្បាប់មួយ ដែលមានសារសំខាន់ ដើម្បីគ្រប់គ្រងជនបរទេសគ្រប់ជាតិសាសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែមានតម្លាភាព និងត្រឹមត្រូវ ស្របតាមប្រទេសនីតិរដ្ឋ។

លោក សុខ ផល បានគូសបញ្ជាក់ទៀតថា សេចក្ដីព្រាងច្បាប់ ឬវិសោធនកម្មច្បាប់ ស្ដីពីអន្ដោប្រវេសន៍ថ្មីនេះ ធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងជនបរទេសទាំងអស់ សម្ដៅឲ្យមានការសមស្របទៅតាមបរិបទប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ខណៈច្បាប់ដែលមានស្រាប់ នៅមានភាពចន្លោះប្រហោងខ្លះ។

យ៉ាងណាមិញ សម្រាប់រយៈពេលនៃការធ្វើសេចក្ដីព្រាងច្បាប់នេះ លោក សុខ ផល មិនទាន់អាចបញ្ជាក់ឲ្យដឹងថា នឹងត្រូវប្រើប្រាស់ពេលវេលាប៉ុន្មាននោះទេ ប៉ុន្ដែលោកគ្រាន់តែបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងមានការសិក្សាពីបណ្ដាប្រទេសជិតខាង និងបទពិសោធន៍ដែលធ្លាប់មានកន្លងមកផងដែរ។

គួរជម្រាបថា ច្បាប់ស្ដីពីអន្ដោប្រវេសន៍ ដែលកម្ពុជាកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានចូលជាធរមានកាលពីឆ្នាំ១៩៩៤ ដែលមាន៧ជំពូក និង៤១មាត្រា។ ច្បាប់នេះមានគោលដៅគ្រប់គ្រងជនបរទេសគ្រប់រូ ដែលមកស្នាក់នៅលើទឹកដី នៃប្រទេសកម្ពុជា។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ទើបបិទបញ្ចប់យុទ្ធនាការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ និងការអនុញ្ញាតឲ្យ ដាក់ពាក្យសុំប្រកាសទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន្ត និងពាក្យសុំស្នាក់នៅអចិន្ត្រៃយ៍រយៈពេល២ឆ្នាំ ៦ខែ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

លទ្ធផលនៃការអនុវត្តន៍ការងាររយៈពេល២ឆ្នាំ ៦ខែ បានរកឃើញថា ជនបរទេសបែបអន្តោប្រវេសន្តនៅកម្ពុជាមាន ចំនួន១១សញ្ជាតិ ៤៩,៦០៣គ្រួសារ ស្មើនឹង ១៨២,៦៧៣នាក់ នារី ៨២,៤៨៨នាក់។ ក្នុងនោះអាយុចាប់ពី ១៨ឆ្នាំឡើងទៅមានចំនួន ១២៥,៨៩៣នាក់ នារី ៥៤,៨៨២នាក់។ ជនបរទេសដែលចាត់ទុកជា អន្តោប្រវេសន្ត គឺជនបរទេសដែលមកដល់កម្ពុជាដោយស្របច្បាប់ ដើម្បីស្នាក់នៅរយៈពេលយូរ ឬដើម្បីប្រកបវិជ្ជាជីវៈ ឬធ្វើសកម្មភាពផ្សេងៗ ទាក់ទងនឹងឧស្សាហកម្ម ពាណិជ្ជកម្ម សេវា ឬកសិកម្ម៕

អត្ថបទទាក់ទង