ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់រថយន្តគិលានសង្គ្រោះដល់បញ្ជាការដ្ឋានការពារអាកាស

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 307
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់រថយន្តគិលានសង្គ្រោះដល់បញ្ជាការដ្ឋានការពារអាកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់រថយន្តគិលានសង្គ្រោះដល់បញ្ជាការដ្ឋានការពារអាកាស

    រថយន្តគិលានសង្គ្រោះបន្ទាន់ ១គ្រឿង ដែលបំពាក់ដោយសម្ភារៈបរិក្ខារពេទ្យកំប្លេ ជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ផ្ដល់តាមរយៈ លោក ជា រតនា ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី លី ហ៊ៀក រតនា ដែលជារថយន្តពេទ្យទី៣៧ ត្រូវបាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នាំយកទៅប្រគល់ជូនដល់ គិលានដ្ឋានសាលាហ្វឹកហ្វឺនជំនាញការពារអាកាស នៃបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ហើយដើម្បីគិលានដ្ឋាននេះ មានលទ្ធភាព ក្នុងការប្រើប្រាស់ចល័តជួយសង្គ្រោះ និងព្យាបាលដល់យុទ្ធជំងឺ របួស និងប្រជាពលរដ្ឋ ដែលនៅជិតមូលដ្ឋានកងទ័ព នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ។ ពិធីប្រគល់និងទទួលនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ជា រតនា រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃបញ្ជាការរដ្ឋានការពារអាកាសយ៉ាងច្រើនកុះករ។

    បើតាមសេចក្តីរាយការណ៍ពីឧត្តមសេនីយ៍ទោ អឿ សំអុល មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ បានថ្លែងថា ក្នុងអំឡុងប្រទេសជាតិមានសង្គ្រាម ដោយឡែកចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ មកដល់ឆ្នាំ១៩៩៨ មានបញ្ជាការដ្ឋានការពារអាកាស មានផ្នែកសុខាភិបាល តែពុំមានគិលានដ្ឋានឡើយ។ រីឯផ្នែកសុខាភិបាលដែលមាន គឺជាផ្នែកភិបាលកំរិមធ្យម ដែលអាចសង្គ្រោះបឋម ហើយបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យធំរបស់កងទ័ព ឬមន្ទីរពេទ្យរបស់រដ្ឋ ប៉ុន្តែមានគ្រូពេទ្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសម្រាប់ជួយព្យាបាលជំងឺ កម្មាភិបាល យុវជន ហើយក៏ពុំមានរថយន្តគិលានសង្គ្រោះដែរ។ ដូចនេះមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ នៅមានកំរិត យើងត្រូវពឹងផ្អែកលើរថយន្តពេទ្យរដ្ឋ ឬឯកជនដែលនៅជិតបំផុតក្នុងការសង្គ្រោះ។ ចាប់ពីក្រោយឆ្នាំ១៩៩៣ បន្ទាប់ពីកម្ពុជា ទីពីរ បានបង្កើតឡើង ពិសេសកងយោធពលខេមរភូមិន្ទ យើងជួបការលំបាកខ្វះខាត ហើយរថយន្តគិលានសង្គ្រោះទៀតសោត ក៏ពុំមានគម្រោងផ្តល់ជូនពីថ្នាក់លើ រាល់ការដឹកជញ្ជូនអ្នកជំងឺ យើងបានធ្វើឡើង តាមរយៈរថយន្តឯកជន ឬសូមការជួយសម្រួលពីរថយន្តគិលានសង្គ្រោះ របស់មន្ទីពេទ្យរដ្ឋ និងឯកជនផ្សេងៗប៉ុណ្ណោះ។ ចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ១៩៩៩ បញ្ជាការដ្ឋានការពារអាកាស ត្រូវបានបង្កើតឡើងចំណុះសិទ្ធដឹកនាំផ្ទាល់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមានការិយាល័យសុខាភិបាល និងផ្នែកគិលានដ្ឋានចំណុះ ដែលមានចំនួនគ្រូពេទ្យកំរិតវេជ្ជបណ្ឌិត, ឱសថការីឧត្តម, ពេទ្យមធ្យម, ពេទ្យបឋម, ឆ្មបមធ្យម និងអ្នកអនាម័យ ដើម្បីបំរើសេវាគាំពារសុខភាពជូនកងទ័ពយើង និងប្រជាពលរដ្ឋ ដែលរស់នៅជិតមូលដ្ឋានកងទ័ព។ កន្លងមកនេះផ្នែកគិលានដ្ឋាន បញ្ជាការដ្ឋានការពារអាកាស ក្រៅពីការងារពិនិត្យ និងព្យាបាលជំងឺជូនយោធិនក្នុងអង្គភាព យើងក៏បានជួយពិនិត្យព្យាបាលជំងឺ ជូនគ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបន្ទាយកងទ័ព ដែលមានការខ្វះខាត ដោយឥតគិតថ្លៃផងដែរ។

    នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ ជំនួសមុខឱ្យថ្នាក់ដឹកនាំ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋានការពារដែនអាកាស អគ្គបញ្ជាការ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាយវិការមនុស្សធម៌របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាលតែងតែបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ នឹងការខ្វះខាតរបស់កងយោធពលខេមរភូមិន្ទ គ្រប់ទីកន្លែង។

    លោកបញ្ជាក់ទៀតថា នេះជារថយន្តគិលានសង្គ្រោះបន្ទាន់លើកទី៣៧គ្រឿងហើយ ដែលលោកនាយករដ្ឋមន្ត្រី និងភរិយា បានផ្ដល់តាមរយៈ លោក ជា រតនា និងលោកស្រី លី ហៀក រតនា ដែលជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ដើម្បីជួយទ្រទ្រង់ និងផ្ដល់គ្រប់លទ្ធភាព ដល់គិលានដ្ឋានគ្រប់អង្គភាពរបស់កងយោធពលខេមរភូមិន្ទ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកថា រថយន្តគិលានសង្គ្រោះបន្ទាន់ ដែលបានផ្ដល់ជូនដល់គិលានដ្ឋាន នៃបញ្ជាការដ្ឋានការពារដែនអាកាសនាពេលនេះ មិនមែនសម្រាប់តែកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវជួយដល់ការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដល់ជនរងគ្រោះ ជាប្រជាពលរដ្ឋ ដែលគ្រោះមហន្តរាយផ្សេងៗ នៅជិតមូលដ្ឋានកងទ័ពផងដែរ ទៅកាន់មន្ទីរពេទ្យ។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់ក្រុមគ្រូពេទ្យយោធា និងកងទ័ពទាំងអស់ ក្នុងបញ្ជាការដ្ឋានការពារអាកាស និងសាលាហ្វឹកហ្វឺនជំនាញការពារអាកាស សូមប្រើប្រាស់រថយន្តគិលានសង្គ្រោះនេះ ជាលក្ខណ:មនុស្សធម៌ ដោយមិនមានគិតពីកម្រៃ ឬនិន្នាការនយោបាយ។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានរំឭកម្ដងហើយម្ដងទៀត ដល់កងកម្លាំងប្រដាប់អាវុធ ពិសេសនាយ ពលទាហាន ក្នុងបញ្ជាការដ្ឋាន និងសាលាជំនាញការពារអាកាស អគ្គបញ្ជាការ ត្រូវប្រកាន់ភ្ជាប់ នៅវិន័យ ថែរក្សាសេចក្តថ្លៃថ្នូរ ជាកងយោធពលខេមរភូមិន្ទ ដោយមិនត្រូវចូលរួមដាច់ខាត់ ក្នុងចលនា នយោបាយប្រឆាំងណាមួយ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទះរាស្ត្រ ដោយត្រូវការពារដាច់ខាតរាជរដ្ឋាភិបាល។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្កត់ធ្ងន់ថា៖ កងទ័ពទាំងអស់ ត្រូវជឿជាក់លើការដឹកនាំប្រទេសជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ហើយសូមកុំជឿលើការឃោសនា បោកប្រាស់ ណាមួយរបស់ជនក្បត់ជាតិ ដែលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ នៃភ្លើងសង្គ្រាមសារជាថ្មី។

    លោកបញ្ជាក់ថា សម្ដីដែលជនក្បត់ជាតិ សម រង្ស៊ី និយាយប្រាប់គេឯងនៅក្រៅប្រទេស ថានឹងចូលមកស្រុកខ្មែរ ក្នុងឆ្នាំ២០១៩ ម្ដងហើយម្ដងទៀត លើកចុះលើកឡើង ថ្ងៃនេះថ្ងៃនោះ ដោយមូលហេតុនេះ មូលហេតុនោះ គឺជាការបោកប្រាស់ ហើយក៍ជាការធ្វើប្រជាពិថុត ដើម្បីឱ្យក្រុមជ្រុលនិយមជឿផ្កាប់មុខ ដែលដើរតាមខ្លួន មានសង្ឃឹមមកលើការឃោសនា បោកប្រាស់របស់ខ្លួនតែប៉ុណ្ណោះ។ ដែលធាតុពិត សម រង្ស៊ី ខ្លួនឯង មិនហ៊ានទាំងចូលស្រុកខ្មែរផងទេនោះ។ លោក ឥត សារ៉ាត់ បានប្រគល់រថយន្តពេទ្យព្រមទាំងថវិកាចំនួន ៥លានរៀលដល់បញ្ជាការដ្ឋានការពារអាកាសផងដែរ ៕

    អត្ថបទទាក់ទង