កម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីចំនួន១៥ទៀត ដើម្បីចរចាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នកម្ពុជាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ីចំនួន១៥ ទៀតដើម្បីចរចាបញ្ចប់ក្នុងឆ្នាំ២០១៩នេះ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយហៅកាត់ថា អាសិប ដែល មានផលិតផលសរុបចំនួនជាង៣០%នៃផលិតផលពិភពលោក គិតជាទឹកប្រាក់ប្រមាណ ៨៥ទ្រីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៨។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា បើកកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយ សម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងក្របខណ្ឌអាស៊ាន និងតំបន់ កម្ពុជាបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការអនុវត្តកាតព្វកិច្ច និងកិច្ចព្រមព្រៀងនានារបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ និងចក្ខុវិស័យសមាគមសេដ្ឋកិច្ចអាស៊ាន ដែលនឹងប្រែក្លាយទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្ម ជាតំបន់ដែលមានការប្រកួតប្រជែងខ្ពស់ មានការអភិវឌ្ឍដោយសមធម៌ហើយធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការចូលរួមចំណែកជួយដល់ប្រទេសអភិវឌ្ឍតិចតួចរួមទាំងកម្ពុជាផងដែរ ចាប់ផ្តើមតាំងពីការចរចាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោករហូតមកដល់បច្ចុប្បន្ននេះ៕