ខ្មែរប៉ុស្ដិ៍ Close

អគ្គលេខាធិការក្រុម​ហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនសន្យាជួយអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យឆាប់រហ័ស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 266
អគ្គលេខាធិការក្រុម​ហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនសន្យាជួយអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យឆាប់រហ័សអគ្គលេខាធិការក្រុម​ហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនសន្យាជួយអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាឱ្យឆាប់រហ័ស

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យ​លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុម​ហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។​ នៅក្នុងជំនួបនេះ គឺបានពិភាក្សាដោយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍផ្លូវដែកដែលប្រទេសកម្ពុជានិងខាងភាគីចិនបានសហការគ្នាដោយ​មានបំណងចង់ឲ្យផ្លូវដែកនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនទៅមុខជាលំដាប់។​ នៅក្នុងជំនួបនេះក៏បានពិភាក្សាយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកម្ពុជាមានក្រុមហ៊ុនផ្លូវដែករបស់ចិនមួយច្បាស់លាស់ដើម្បីទៅចាប់ដៃសហការជាមួយនឹងក្រុមហ៊ុនផ្លូវដែករបស់ប្រទេសកម្ពុជា គឺក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិតម៉េង ។

ក្នុងជំនួបដ៏មានសារៈសំខាន់នេះ លោកនាយករដ្ឋមន្ត្រី បានណែនាំឲ្យលោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការដឹកនាំក្នុងការចរចាជាមួយភាគីចិនដើម្បីនាំយកនូវក្រុមហ៊ុនអភិវឌ្ឍន៏ផ្លូវដែករបស់ចិនទៅសហការជាមួយនឹងក្រុមហ៊ុន Royal Railway នៅក្នុងប្រទេសកម្ពុជាដើម្បីអោយការដឹកជញ្ជូនផ្លូវដែកកាន់តែមានប្រសិទ្ធភាព។

ក្នុងឱកាសនេះ​ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិនបានជំរាបលោកនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនធំដែលបានសាងសង់ផ្លូវដែកបាន ២ម៉ឺន១ពាន់ គីឡូម៉ែត្រហើយ ហើយក៏បានសាងសង់នៅក្នុងប្រទេសចិនផង និងក្រៅប្រទេសផង។ លោកក៏បានជម្រាបជូនបន្ថែមថា ការរកស៊ីផ្លូវដែកនេះមិនចំណេញនោះទេ ក៏ប៉ុន្តែអ្វីដែលគាត់មានបំណងសហការជាមួយ​នឹងក្រុមហ៊ុនក្នុងស្រុករបស់ប្រទេសកម្ពុជា គឺមានគោលបំណងជួយជាតិកម្ពុជា និងជាការសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ លោក ក៏នឹងរីករាយក្នុងការពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិតម៉េង ដើម្បីធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៏ផ្លូវដែកក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យភាគីកម្ពុជា និងចិនធ្វើការងារនេះឲ្យបានឆាប់ រហ័ស ខិតខំបង្កើនល្បឿននៃការដំណើរការរថភ្លើង។
នៅក្នុងឱកាសនេះផងដែរ​ លោក ឆិន ហ្វិនជាន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គលេខាធិការក្រុមហ៊ុនសា​ជីវកម្មសាងសង់ផ្លូវរថភ្លើងរបស់ប្រទេសចិន ក៏បានគូសបញ្ជាក់ជម្រាបជូននាយករដ្ឋមន្ត្រីផងដែរថា គាត់នឹងធ្វើយ៉ាងណាឲ្យការងារនេះបានជោគជ័យនាពេលខាង​មុខ៕

អត្ថបទទាក់ទង