ខ្មែរប៉ុស្ដិ៍ Close

សមិទ្ធផលសំខាន់ៗដែល «មូលនិធិត្រីចក្រយានយន្ត» សម្រេចបានក្រោយដំណើរការរយៈពេលមួយឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 688
សមិទ្ធផលសំខាន់ៗដែល «មូលនិធិត្រីចក្រយានយន្ត» សម្រេចបានក្រោយដំណើរការរយៈពេលមួយឆ្នាំសមិទ្ធផលសំខាន់ៗដែល «មូលនិធិត្រីចក្រយានយន្ត» សម្រេចបានក្រោយដំណើរការរយៈពេលមួយឆ្នាំ

«មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគម បានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ តាមរយៈប្រកាសលេខ១៩០ ប្រកចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាល១ឆ្នាំ ២ខែកន្លងមកហើយ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិត្រីចក្រយានកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩នេះ បានបង្ហាញនូវសមិទ្ធផលសំខាន់ៗ ដែលសមាគមសម្រេចបានរយៈពេលមួយកន្លែងមកនេះ ក្នុងពិធីសំណេះសំណាល និងស្រស់ស្រូបអាហារជាមួយអ្នកធាក់ស៊ីក្លូ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

ថ្លែងក្នុងឱកាសនោះ លោក ឃួង ស្រេង បានបញ្ជាក់អំពីស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមក ដូចខាងក្រោម៖

– នៅពេលចាប់ផ្ដើមដំណើរការ សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មត្រឹមតែ៣២០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកចំនួន០៣ រូប បានទទួលមរណភាពដោយជរាពាធ និងរោគាពាធ។

– ក្រោយការប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវមូលនិធិស៊ីក្លូរបស់ លោកនាយករដ្ឋមន្ត្រី សមាគម បានផ្ដល់ជូនសមាជិកសកម្ម នូវអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ក្នុងនោះ សមិទ្ធផលសំខាន់ៗគួរកត់សម្គាល់រួមមាន៖
– ទី១៖ បានផ្ដល់ឯកសណ្ឋានជូនសមាជិកនីមួយៗចំនួន ២កំប្លេ
– ទី២៖ បានធ្វើកាតសម្គាល់សមាជិក និងបានសហការជាមួយធនាគារវីង (Wing) ដើម្បីបោះពុម្ភកាតគណនីផ្ទាល់ខ្លួន សម្រាប់បើកផ្ដល់ថវិកាឧបត្ថម្ភប្រចាំថ្ងៃ ចំនួន៧,០០០រៀល ក្នុងមួយថ្ងៃ ស្មើនឹង២១០,០០០រៀល ក្នុងមួយខែ ដោយបានបញ្ចូលជាស្វ័យប្រវត្តិរៀងរាល់ ១០ថ្ងៃម្ដង ជាទៀងទាត់ ធ្វើឲ្យសមាជិកសមាគម មានភាពងាយស្រួលក្នុងការទទួលបានប្រាក់ឧបត្ថម្ភ
– ទី៣៖ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ឆ្នាំ២០១៨កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន៥០,០០០រៀល
– ទី៤៖ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៨កន្លងទៅ ជូនសមាជិករបស់សមាគម ក្នុងម្នាក់ៗចំនួន៥០,០០០រៀល
– ទី៥៖ បានបើកផ្ដល់ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាពចំនួន០៣រូប ក្នុងនោះ គ្រួសារសពទទួលបានថវិកាចំនួន ១,០៥០,០០០រៀល ស្របតាមគោលការណ៍កំណត់របស់សមាគម
– ទី៦៖ បានផ្ដល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិកសមាគមទាំងអស់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពនានា ដោយឥតគិតថ្លៃ
– ទី៧៖ បានរៀបចំក្រុមការងារចុះសាកសួរសុខទុក្ខ និងផ្ដល់ថវិកាឧបត្ថម្ភបន្ថែម ដល់សមាជិកសមាគម ដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ
– ទី៨៖ បានរៀបចំកែហ្រ្វាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ
– ទី៩៖ បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូជូនសមាជិកទាំងអស់។
លោក ឃួង ស្រេង បានបន្ថែមថា ចំពោះប្រភពថវិការបស់សមាគម ក្នុងឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានរបស់ លោកនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកតំណាងរាស្ត្រ និងរូបលោកផ្ទាល់ សរុបថវិកាទទួលបានមានចំនួន៥៧០,០០០,០០០រៀល និង៤៩៦,០០០ដុល្លារ។

សម្រាប់ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី បានបន្តផ្ដល់ថវិកាវិភាគទានប្រចាំឆ្នាំចំនួន ២៤ម៉ឺនដុល្លារក្នុង១ឆ្នាំ និងទទួលបានការចូលរួមពី លោក គិត ម៉េង ចំនួន ៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោក លាង ឃុន ចំនួន ៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោក ថៃ ជាហួត ចំនួន ៥ម៉ឺនដុល្លារក្នុង១ឆ្នាំ, លោក អ៊ឹង ប៊ុនហ៊ូវ ចំនួន ៥ម៉ឺនដុល្លារក្នុង១ឆ្នាំ និងលោក ឃួង ស្រេង ចំនួន ៤០លានរៀល សរុបថវិកាទទួលបានបឋមមានចំនួន ៤០,០០០,០០០រៀល និង៤៤០,០០០ដុល្លារ។

ជាមួយនឹងថវិកាដែលទទួលបាន មកទល់ពេលនេះ សមាគមបានបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនសមាជិក និងចំណាយរដ្ឋបាលទូទៅ សរុបអស់ថវិកាចំនួន១,០៩៥,៩៥៩,២០០រៀលប្រធានក្រុមប្រឹក្សាភិបាលរូបនេះ បានគូសបញ្ជាក់ថា ការបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្ត ប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឲ្យទទួលបានសេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅ ប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង