បារាំងផ្តល់ជំនួយជាឥណទានប្រមាណ ១០០លានដុល្លារដល់កម្ពុជាសម្រាប់ការកែលំអ ពង្រីក និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត

ដោយមានសហប្រត្តិបត្តិការល្អប្រសើររវាង កម្ពុជា-បារាំង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា គំរោងជំនួយជាឥណទានរបស់រដ្ឋាភិបាលបារាំង សម្រាប់ការកសាងឡើងវិញ នៃហេដ្ឋារចនាសម្ព័ន្ធទឹក ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់។ ក្នុងនោះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានការចុះហត្ថលេខាលើចំនួនថវិកា៧៩លានអឺរ៉ូ រវាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន និងតំណាងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
ដោយឡែក នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩នេះ ការចុះហត្ថលេខាបន្តរវាងរដ្ឋលេខាធិការប្រចាំការ វង្សី វិស្សុត ជាមួយភាគី AFD លើកញ្ចប់ថវិកាចំនួន១១,៥លានអឺរ៉ូ ដោយមានការចូលរួមពី លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀងប៊ិញ។ គម្រោងដូចបានរៀបរាប់ខាងលើ ក៏មានការចូលរួមបដិភាគថវិការបស់រាជរដ្ឋាភិបាលកម្ពជាចំនួន១២,៥លានអឺរ៉ូផងដែរ។ ដូចនេះជាសរុបចំនួន៨៩លានអឺរូ ប្រមាណ១០០លានដុល្លារអាមេរិក។
គម្រោងនេះឈ្មោះ WAT4CAM បែងចែកជា៤សកម្មភាព នោះរួមមាន៖
*ទី១៖ ការកែលំអរប្រព័ន្ធធារាសាស្រ្ត និងការធ្វើអនុត្តរភាព
*ទី២៖ ការពង្រឹងពង្រីកការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ
*ទី៣៖ ការគ្រប់គ្រងធនធានទឹកចម្រុះតាមរយៈការប្រព័ន្ធផ្កាយរណប
*ទី៤៖ ការធ្វើទំនើបកម្មកសិកម្ម។ រីឯកិច្ចដំណើរការដេញថ្លៃ និងដំណើរសាងសង់នឹងចាប់ផ្តើមនៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ៕