ប្រទេសកេនយ៉ាជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារ
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី ក្រសួងការងារ និងការគាំពារសង្គម នៃសាធារណៈកេនយ៉ា បានបង្ហាញភាពរីករាយដែលទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់លោករដ្ឋមន្រ្តី ដែលបានអនុញ្ញាអោយសម្តែងការគួរសមនាពេលនេះ ទោះបីជាក្រសួង មមាញឹកក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ កំពុងធ្វើឡើងក៏ដោយ។
ទាក់ទងការជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារជាពិសេសពាក់ព័ន្ធនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាជម្រើសដ៏ល្អ ព្រោះ NEA ជាយន្តការដ៏ជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន លោក អ៊ិត សំហេង បានលើកពីវឌ្ឍនភាពជាច្រើននៃក្រសួងការងារ និងបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨របស់អង្គការ ILO អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គមនៅទូទាំងប្រទេស។
តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី អ៊ិត សំហេង ជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងវិស័យការងារនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងបន្ថែម ហើយនឹងមានការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈល្អៗជាច្រើន។ លោករដ្ឋមន្រ្តីសង្ឃឹមថានៅលើកក្រោយនឹងមានទស្សនកិច្ចពីប្រតិភូកេនយ៉ាបន្ថែមទៀតមកកាន់កម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនានេះ គណៈប្រតិភូនៃក្រសួងការងារ កេនយ៉ា នឹងអញ្ជើញសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជាស្របពេលដែលប្រទេសកេនយ៉ាទើបបង្កើតនូវអាជ្ញាធរជាតិការងារកាលពីឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។
គួរបញ្ជាក់ថា សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើតដែលមានផ្ទៃដីសរុប ៥៨០,៣៦៧ គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧ លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់១,៥០៧.៨១ ដុល្លារសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១៦ ប្រទេសនេះទើបបានបង្កើតអាជ្ញាធរជាតិការងារ ហើយពុំទាន់មានដំណើរការពេញលេញនៅឡើយនិងកំពុងសិក្សាស្វែងយល់បន្ថែមពីបណ្តាលប្រទេសនានាដែលក្នុងនោះមានកម្ពុជាយើងផងដែរ៕
អត្ថបទ៖ សាវឿន