ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នកអាន៖ តើបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា?

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 314
ទស្សនៈមិត្តអ្នកអាន៖ តើបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា?ទស្សនៈមិត្តអ្នកអាន៖ តើបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំទៅក្រុមអ្នកប្រឆាំងដែលជាប់បំរាមនយោបាយថា ប្រសិនបើនៅតែបន្តរារែកមិនសុំសិទ្ធិធ្វើនយោបាយឡើងវិញទេនោះ ទ្វារអាចនឹងត្រូវបិទនៅមុន ឬក្រោយចូលឆ្នាំខ្មែរ។ លោកបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់សំណង់ការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នេះ។

មកដល់ពេលនេះ អតីតអ្នកនយោបាយជាប់បំរាមចំនួនបីនាក់ហើយ ដែលបានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ហើយបើតាមព័ត៌មានពីផ្ទៃក្នុងរបស់ក្រុមប្រឆាំងគឺមានមួយចំនួនទៀតកំពុងរៀបចំឯកសារស្នើសុំក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗខាងមុខនេះ។ ព័ត៌មាននេះ គឺហាក់ដូចជាស៊ីគ្នានឹងសារនយោបាយរបស់លោក ហ៊ុន សែន នៅព្រឹកមិញនេះ ហើយដែលក្រុមអ្នកវិភាគបានចាប់អារម្មណ៍ថា ក្រុមនិយមលោក កឹម សុខា អាចនឹងមានទំនាក់ទំនងគ្នាជាសម្ងាត់ដើម្បីឱ្យមានការដាក់ពាក្យជាទ្រង់ទ្រាយធំមួយឈានទៅរកការបើកផ្លូវសម្រាប់អនាគតនយោបាយរបស់ពួកគេ។

ចំពោះក្រុមអ្នកគាំទ្រលោក កឹម សុខា ជាច្រើននៅក្រៅប្រទេសជាពិសេសនៅអាមេរិក កាណាដា អឺរ៉ុប និងអូស្រ្តាលី ក៏បានជួបជុំគ្នាពិភាក្សារកច្រកចេញខាងនយោបាយមួយផ្សេងពីផ្លូវដែលលោក សម រង្ស៊ី កំពុងដើរដែរ។ ពួកគេបានមើលឃើញថា ការដុតកម្តៅស្ថានការណ៍ឥតឈប់ឈររបស់លោក សម រង្ស៊ី នាពេលនេះ គឺមិនអាចវិលត្រឡប់ទៅធ្វើសកម្មភាពនយោបាយដោយស្របច្បាប់ ហើយវានឹងនាំឱ្យខាតពេលវេលាឥតប្រយោជន៍សម្រាប់ការត្រៀមប្រកួតប្រជែងនៅអាណត្តិក្រោយជាមិនខាន។ ពួកគេបានវាយតម្លៃទៀតថាសកម្មភាពបច្ចុប្បន្នរបស់លោក សម រង្ស៊ី គឺពិតជាចេតនា និងជាល្បិចកលដើម្បីបិទច្រកនយោបាយមិនឱ្យលោក កឹម សុខា អាចមានសេរីភាពក្នុងស្មារតីបង្រួបង្រួមជាតិ រវាងខ្មែរ និងខ្មែរបានឡើយ។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា ប្រសិនបើក្រុមលោក កឹម សុខា ពិតជាមានបំណងសុំសិទ្ធិធ្វើនយោបាយឡើងវិញមែននោះ មិនយូរទេនឹងអាចមានសេចក្តីសម្រេចប្រកាសពីគោលជំហរនយោបាយមួយរបស់ក្រុម កឹម សុខានិយម ដើម្បីប្រមូលគ្នាដាក់ពាក្យស្នើសុំជាមិនខាន ហើយស្ថានការណ៍នយោបាយនៅកម្ពុជានឹងរឹតតែប្រសើរថែមទៀត ព្រោះថាក្រុមលោក កឹម សុខា លែងក្លាយជាចំណាប់ខ្មាំងរបស់លោក សម រង្ស៊ី ទៀតហើយ។ ក្នុងករណីនេះ តួនាទីជាប្រធានស្តីទីរបស់លោក សម រង្ស៊ី ដែលទទួលបានពីការធ្វើបក្សប្រហារក៏ត្រូវបញ្ចប់ ហើយវាក៏ជាការចង់បានរបស់អ្នកគាំទ្រអតីតបក្សប្រឆាំងផងដែរ។ នៅពេលនោះអនាគតនយោបាយនៃក្រុមប្រឆាំងមួយទៀតនៅកម្ពុជាក៏នឹងអាចធ្វើសកម្មភាព ដោយសេរីស្របច្បាប់ផងដែរ។

ក្រោយពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារនយោបាយទៅក្រុមប្រឆាំងថា «ទ្វារសម្រាប់ពួកគេចូលធ្វើនយោបាយអាចត្រូវបិទទៅវិញនៅមុនឬក្រោយចូលឆ្នាំខ្មែរ ប្រសិនបើពួកគេព្រងើយកន្តើយ ឬក៏បន្តធ្វើទង្វើណាមិនគប្បី ហើយគិតតែពីទាមទារលក្ខខណ្ឌនេះ លក្ខខណ្ឌនោះ» គេសង្ឃឹមថា ក្រុមអ្នកនយោបាយប្រឆាំងដែលជាប់បម្រាម មិនផ្កាប់បំពង់រង់ចាំទឹកភ្លៀងពីលោក សម រង្ស៊ី តទៅទៀតទេ ឬអាចនិយាយម្យ៉ាងទៀតថា តើលោក សម រង្ស៊ី នៅបន្តតាំងខ្លួនជាបងធំរហូតដល់ពេលណា? សម្រាប់ជីវិតអនាគតនយោបាយរបស់ពួកគេដែលពឹងតែទៅលើបុគ្គលម្នាក់បែបនេះនោះ៕

ដោយ៖ សួន ចំរើន

អត្ថបទទាក់ទង