នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋចូលរួម និងសហការធ្វើជំរឿនទាំងអស់គ្នា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មីម្តងទៀតបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមធ្វើជំរឿនឲ្យបានគ្រប់ៗគ្នាដែលមានរយៈពេល ១១ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។ ជាមួយគ្នានេះ លោកនាយរដ្ឋមន្ត្រីក៏បានស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចូលរួមផ្សព្វផ្សាយពីការធ្វើជំរឿននេះឲ្យបានផុលផុសផងដែរ។
នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើជំរឿនគឺមិនជាប់ពាក់ព័ន្ធនឹងនយោបាយនោះទេ ហើយមន្ត្រីធ្វើជំរឿន ក៏មិនមែនជាអ្នកនយោបាយនោះដែរ ព្រោះប្រជាពលរដ្ឋគ្រប់រូបគ្រប់គណបក្សនយោបាយទាំងអស់ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវតែធ្វើជំរឿន។ ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ ចូលរួមផ្តល់ព័ត៌មានទាំងអស់គ្នា ទាំងគណបក្សកាន់អំណាច គណបក្សអព្យាក្រិត្យ និងគណបក្សប្រឆាំង។ “ទិសដៅរបស់យើង គឺត្រូវការដឹងពីចំនួនប្រជាពលរដ្ឋពិតប្រាកដ និងកំរិតជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានស្ថិតច្បាស់លាស់មួយងាយស្រួលដល់ការលើគម្រោងផែនការយុទ្ឋសាស្រ្តអភិវឌ្ឍប្រទេស”។
លោកនាយករដ្ឋមន្ត្រីបន្តថា មន្ត្រីធ្វើការងារជំរឿន គឺត្រូវរក្សាការសំងាត់របស់ប្រជាពលរដ្ឋនីមួយៗ តាមបទដ្ឋានគិតយុទ្ធដូចបានចែងស្រាប់ហើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយមន្ត្រីជំរឿនឲ្យបានគ្រប់ៗគ្នា។ ព្រោះកន្លងមកមានករណីខ្លះបានកើតឡើងដោយសារការយល់ច្រឡំ ដែលរហូតមានដល់ការបង្កហឹង្សារបួសស្នាមជាដើម។ មន្ត្រីធ្វើជំរឿនអាចនឹងចុះជួបបងប្អូននៅពេលយប់ក៏មាន ព្រោះពេលថ្ងៃប្រជាពលរដ្ឋភាគច្រើនជាប់រវល់ការងារ។
ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យបណ្តាញផ្សព្វផ្សាយទាំងអស់ដូចជា វិទ្យុ ទូរទស្សន៍ កាសែត និងបណ្តាញព័ត៌សង្គមនានា ត្រូវចូលរួមសហការផ្សព្វផ្សាយព័ត៌មានជំរឿននេះឲ្យបានទូលំទូលាយនៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនបម្រើសេវាកម្មទូរស័ព្ទ ដែលបានបញ្ចូលសំលេងព័ត៌មានអំពីការធ្វើជំរឿននេះ ខណៈពេលដែលមានអ្នកខលចូល ដែលជាមធ្យោបាយដ៏ល្អដើម្បីឲ្យប្រជាពលរដ្ឋទូទាំងប្រទេសដឹងពីព័ត៌មាននេះបានគ្រប់ៗគ្នា និងគ្រប់ៗទីកន្លែង។
សូមជម្រាបថា ការធ្វើជំរឿនប្រជាជនឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលគម្រោងចំណាយថវិកាជិត ៩លានដុល្លារ ហើយដើម្បីឲ្យដំណើរការជំរឿនប្រព្រឹត្តទៅដោយជោគជ័យនោះ
ទី១៖ គ្រប់ទីតាំងអង្គភាព ស្ថាប័ន ឬគ្រឹះស្ថាននានា ទាំងវិស័យសាធារណៈ និងវិស័យឯកជនដូចជា សណ្ឋាគារ ផ្ទះសំណាក់ មជ្ឈមណ្ឌលកំសាន្តនានា មន្ទីរពេទ្យ ផ្សារ ចំណតរថយន្ត កំពង់ផែ ព្រលានយន្តហោះ…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញត្រូវចូលរួម និងផ្តល់កិច្ចសហការជាមួយមន្ត្រីជំរឿនក្នុងការសម្ភាសន៍ជំរឿន នៅម៉ោងនៃយប់ជំរឿន (ម៉ោងសូន្យ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩)។ ដោយឡែកទីតាំងអង្គភាពមួយចំនួន ដែលមានលក្ខណៈជាគ្រួសារស្ថាប័ន ដូចជា វត្តអារាម ពន្ធនាគារ អន្តេវាសិកដ្ឋាន និងមណ្ឌលប្រមូលផ្តុំនានា…-ល-។ ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវផ្តល់កិច្ចសហការ និងចូលរួមជាមួយមន្ត្រីជំរឿនក្នុងការរាប់សម្ភាសន៍អ្នករស់នៅតាមស្ថាប័ន ឬគ្រឹះស្ថានទាំងនោះ ចាប់ពីថ្ងៃទី៣-១៣ ខែមីនា ឆ្នាំ២០១៩។
ទី២៖ ចំពោះប្រជាពលរដ្ឋដែលមានលក្ខណៈជាគ្រួសារធម្មតា ឬគ្រួសារប្រក្រតី សូមចូលរួមផ្តល់ព័ត៌មានតាមសំណួរសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ជូនដល់មន្ត្រីជំរឿន ដែលបានចុះជួបសម្ភាសន៍ផ្ទាល់តាមគ្រួសារ ក្នុងមណ្ឌលជំរឿននីមួយៗ ។
ទី៣៖ គណៈកម្មាធិការជំរឿនទូទៅប្រជាជនរាជធានី ខណ្ឌ សង្កាត់ ត្រូវបង្កើនអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន ក្នុងការដឹកនាំធ្វើជំរឿន និងជួយសម្របសម្រួលជាមួយមន្ទីរផែនការរាជធានីភ្នំពេញ មន្ត្រីជំរឿនប្រចាំតំបន់ នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការដើម្បី ឲ្យមន្ត្រីជំរឿនធ្វើការរាប់សម្ភាសន៍ប្រជាជនរស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានអស់ដោយមិនរំលងចោលនរណាម្នាក់ ឡើយព្រមទាំងត្រួតពិនិត្យ តាមដានការងារជំរឿន នៅមូលដ្ឋានការប្រមូលបញ្ជីរសំណួរជំរឿនដែលបំពេញរួច និងការងារផ្សេងៗទៀត៕