ខ្មែរប៉ុស្ដិ៍ Close

២ធ្នូ ជាប្រវត្តិសាស្ត្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកសារ 1102
២ធ្នូ ជាប្រវត្តិសាស្ត្រ២ធ្នូ ជាប្រវត្តិសាស្ត្រ

រណសិរ្សមួយ ដែលត្រូវបានចារទុកជាប្រវត្តិសាស្ត្រ ធ្វើឲ្យកុលបុត្រកុលធិតាខ្មែរគ្រប់ជំនាន់នៅតែចងចាំមិនភ្លេច នូវគុណូបការដ៏អស្ចារ្យ និងធំធេងបំផុតកាលពី៤០ឆ្នាំមុននោះ គឺថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃប្រជាជនខ្មែរទទួលដំណឹងថា មានកងទ័ពអ្នកស្នេហាជាតិត្រូវបានបង្កើតឡើងជារណសិរ្សមួយ ដើម្បីសង្គ្រោះជាតិឲ្យចាកផុតពីទុក្ខវេទនាក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតពុំធ្លាប់មាន ហើយរស់នៅរង់ចាំតែសេចក្តីស្លាប់។

ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដឹងគុណដោយមិនអាចបំភ្លេចបានចំពោះថ្ងៃ ២ធ្នូ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបច្ចុប្បន្ន ប្តូរឈ្មោះជារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងបានបង្កើតជាអង្គការចាត់តាំងឈានមុខ ដែលចាប់បដិសន្ធិឡើងនៅក្នុងតំបន់រំដោះស្ថិតក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្នុងការផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ហៅរបបខ្មែរក្រហម ដែលដឹកនាំដោយមេឃាតករ ប៉ុល ពត។

ថ្ងៃ ២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃមួយដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលកម្លាំងគ្រប់និន្នាការក្រោមការជួយគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម និងក្នុងរយៈពេលតែ១ខែ និង៥ថ្ងៃ បានសង្គ្រោះប្រទេសជាតិទាំងស្រុងនៅថ្ងៃ ៧មករា ឆ្នាំ១៩៧៩។ បន្ទាប់ពីផ្តួលរំលំរបបខ្មែរក្រហមរួចមក រណសិរ្សបានដឹកនាំប្រទេស​ចេញពីក្នុងស្ថានភាពដ៏លំបាកលំបិន កសាងប្រទេសឡើងវិញចេញពីចំណុចសូន្យដែលរបបប្រល័យពូជសាសន៍បានបន្សល់ទុក និងស្ថិតក្នុងកាលៈទេសៈមានសន្តិភាពផង និងសង្គ្រាមផង ដែលបង្កឡើងក្នុងមហិច្ឆតាប៉ុនប៉ងវិលត្រលប់មកវិញនៃរបបដ៏ឃោរឃៅនេះ។ ប៉ុន្តែការពុះពារតស៊ូដោយមានប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្នជាប្រមុខដឹកនាំ ដែលបានជម្នះរាល់ឧបសគ្គតូចធំទាំងឡាយ ធ្វើឲ្យប្រទេសកម្ពុជាដ៏កំសត់មួយនេះ ប្រែមុខមាត់ ផ្លាស់ប្តូរ និងរីកចម្រើនជាជំហានៗ ឆ្លងពីដំណាក់កាលមួយទៅដំណាក់កាលមួយជាបន្តបន្ទាប់។ រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាពលរដ្ឋខ្មែរឲ្យចាកផុតពីគ្រោះមហន្តរាយនៃការប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្ស ២ធ្នូ ថែមទាំងបានជួយស្តារ និងកសាងអភិវឌ្ឍសង្គមជាតិនៅគ្រប់ទិសទីដែលធ្វើឲ្យកម្ពុជាបានកែប្រែមុខមាត់ជាថ្មីបន្តបន្ទាប់។

២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានចាត់ទុកថាជាសច្ចធម៌នៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន ហើយរាជរដ្ឋាភិបាលបានយកថ្ងៃទី២ ខែធ្នូ ជារៀងរាល់ឆ្នាំ ធ្វើពិធីបុណ្យជាតិ ដោយធ្វើការគោរព និងដឹងគុណដ៏ជ្រាលជ្រៅចំពោះវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដោយវីរភាពខ្ពស់ដើម្បីការពារមាតុភូមិ៕

អត្ថបទទាក់ទង