ខ្មែរប៉ុស្ដិ៍ Close

តំបន់​ស្នូល​ ស្ទឹងសែន ​ត្រូវ​បានដាក់​ជាតំបន់​រ៉ាមសារ​ទី​ ៥ ដែលទទួលស្គាល់ដោយអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1558
តំបន់​ស្នូល​ ស្ទឹងសែន ​ត្រូវ​បានដាក់​ជាតំបន់​រ៉ាមសារ​ទី​ ៥ ដែលទទួលស្គាល់ដោយអន្តរជាតិតំបន់​ស្នូល​ ស្ទឹងសែន ​ត្រូវ​បានដាក់​ជាតំបន់​រ៉ាមសារ​ទី​ ៥ ដែលទទួលស្គាល់ដោយអន្តរជាតិ

រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​តំបន់​រ៉ាមសារ​ស្ទឹងសែន​ដែល​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​នៃ​បឹង​ទន្លេសាប​ជា​ប្រភេទ​តំបន់​ដីសើម​ទឹកសាប​សម្បូរ​ទៅ​ដោយ​ធនធាន​ព្រៃ​លិច​ទឹក​ និង​ជា​ទីជម្រក​ដ៏សំខាន់​សម្រាប់ជីវៈចម្រុះ​គ្រប់​ប្រភេទ​នោះ​ទៅ​ជា​ «​តំបន់​រ៉ាមសារ​ទី​ ៥» នៃ​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា ឆ្នាំ២០១៨​ម្សិលមិញ​ លោក Masaru Horikami ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​នៃ​ក្រសួង​បរិស្ថាន​ជប៉ុន​ ថា​ភាគី​ជប៉ុន​រីករាយ និង​ចូលរួម​គាំទ្រ​ចំពោះ​ការដាក់​បញ្ចូល​តំបន់​ដីសើម​ស្ទឹងសែន​ជា​តំបន់​រ៉ាមសារ​ហើយ​សន្យា​ជួយ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​ដល់​នាយ​តំបន់ និង​មន្ត្រី​ឧទ្យានុរក្ស​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ដើម្បី​ «​ធានា​បាន​នូវ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ស្នូល​ស្ទឹងសែន​សម្រាប់​ជា​ប្រយោជន៍​នៃ​សហគមន៍​មូលដ្ឋាន​»​។

លោកស្រី Reiko Iitsuka ទីប្រឹក្សា​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ី​នៃ​លេខាធិការដ្ឋាន អនុសញ្ញា​រ៉ាមសារ​ក៏​ត្រូវ​បាន​ស្រង់​សម្ដី​មក​ផ្សព្វផ្សាយ​ក្នុង​សេចក្ដី​ប្រកាស​នេះ​ដែរ​ថា​៖ «​តំបន់​រ៉ាមសារ​ស្ទឹងសែន​គឺ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​តំបន់ ជា​ជម្រក​របស់​ពពួកសត្វ​ស្លាប​គ្រប់​ប្រភេទ​ពិសេស​ប្រភេទ​សត្វ​ស្លាប​ដែល​ងាយ​ទទួល​រង​នូវ​ការគំរាម​កំហែង​ជា​សកល​ជា​ផ្លូវ​ឆ្លងកាត់​របស់​សត្វ​ស្លាប​ទេសន្តរប្រវេសន៍ និង​ជា​ជម្រក​ចំណី​អាហារ​របស់​ពពួក​សត្វ​ស្លាប​ទឹក​ និង​ជា​ជម្រក​ដ៏សំខាន់​របស់​ពពួក​ថនិកសត្វ​ផង​ដែរ​»​។

លោកស្រី​បន្ត​ថា​លេខាធិការដ្ឋាន​អនុសញ្ញា​រ៉ាមសារ​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការគ្រប់គ្រង​តំបន់​ដី​សើម​ឲ្យ​មាន​និរន្តរភាព និង​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ដោយ​ឈ្លាសវៃ​នូវ​តំបន់​ដីសើម ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​ និង​បរិស្ថាន​។ ទន្ទឹម​នឹង​នេះ​លេខាធិការដ្ឋាន​អនុសញ្ញា រ៉ាមសារ​នឹង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុង​ការដាក់​បញ្ចូល​តំបន់​ដីសើម​ផ្សេង​ទៀត​ជា​តំបន់​ «​រ៉ាមសារ​»​។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ចុះ​ថ្ងៃទី​ ២ ខែ​វិច្ឆិកា​នេះ​តំបន់​រ៉ាមសារ​ស្ទឹងសែន​មាន​ផ្ទៃ​ក្រឡា​សរុប​ ៩២៩៣ ​ហិកតា​មាន​តួនាទី​រក្សា​លំនឹង​ទឹក​ក្រោម​ដី បន្សុទ្ធ​ទឹក​តាមរយៈ​រុក្ខជាតិ​ក្នុង​ទឹក​និង​ព្រៃ​លិច​ទឹក និង​ជា​ប្រភព​ទឹកសាប​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​ដំណាំ និង​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅក្នុង និង​ជុំវិញ​តំបន់​នេះ​។ ជាពិសេស​ជា​ជង្រុក​ចំណី​អាហារ​ដ៏សម្បូរបែប​របស់​ពពួក​ថនិកសត្វ សត្វ​ស្លាប​ទឹក មច្ឆជាតិ និង​ជីវៈចម្រុះ​ជាច្រើន​ទៀត​។

ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​គ្របដណ្ដប់​ប្រមាណ​ ៣០ ​ភាគរយ​ជា​តំបន់​ដីសើម ហើយ​តំបន់​ទាំង​នោះ​ភាគច្រើន​មាន​សារៈសំខាន់​ជា​អន្តរជាតិ ដោយសារ​តំបន់​ទាំងនោះ​បាន​ផ្ដល់​នូវ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី និង​ទ្រទ្រង់​ដល់​ពពួកសត្វ ដែល​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​។ កម្ពុជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​រ៉ាមសារ​ថ្ងៃទី​ ២៣ ខែ​តុលា ឆ្នាំ​ ១៩៩៩ មក​ម្ល៉េះ និង​បាន​ដាក់​បញ្ចូល​តំបន់​ដីសើម​របស់​ខ្លួន​ចំនួន​ ៤ ​រួច​មក​ហើយ​ជា​តំបន់​រ៉ាមសារ​រួមមាន តំបន់​រ៉ាមសារ​បឹងឆ្មារ ដែល​មាន​លេខ​រៀង​តំបន់​ ៩៩៧ តំបន់​រ៉ាមសារ​កោះ​កាពិ លេខ​រៀង​តំបន់​ ៩៩៨ តំបន់​រ៉ាមសារ​ស្ទឹងសែន​លេខ​រៀង​តំបន់​ ៩៩៩ និង​តំបន់​រ៉ាមសារ​ព្រែកទាល់​លេខ​រៀង​ ២២៤៥៕

អត្ថបទទាក់ទង