ទស្សនៈមិត្តអ្នកអាន៖ តើស្មារតី ២ធ្នូ ជាអ្វី?
ខួបលើកទី៤០ឆ្នាំនៃថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នឹងប្រារព្ធធ្វើនៅស្តូបអនុស្សាវរីយ៍ នាស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីនេះដែលនឹងមានមហាជនរាប់ម៉ឺននាក់ចូលរួមផងដែរ។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើរូបទៀតជាប្រមុខដឹកនាំ។
រយៈពេល៤០ឆ្នាំកន្លងមកនេះ ដោយផ្តើមចេញពីចំណុចសូន្យ និងត្រូវរ៉ាប់រងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរនៃសង្គ្រាម និងការបំផ្លិចបំផ្លាញដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះ មគ្គុទេសន៍ដឹកនាំយើងបានខិតខំជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិប្រកបដោយស្មារតីរួបរួម តស៊ូ យ៉ាងស្វិតស្វាញដើម្បីដឹកនាំអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានសុខដុរមនា ការអភិវឌ្ឍឥតឈប់ឈរ និងសុខសន្តិភាពជានិរន្តរ៍។ ប្រជាជនកម្ពុជា ដែលឆ្លងកាត់របប ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលគ្រប់គ្រងដោយខ្មែរក្រហម ប៉ុល ពត បានចងចាំយ៉ាងច្បាស់ថា ព្រឹត្តិការណ៍ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃដែលនាំមុខនៃការឈានទៅផ្តួលរំលំរបបខ្មែរក្រហមប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
ដើមដំបូងរណសិរ្សនេះ មានឈ្មោះថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបង្កើតឡើងនៅភូមិ២ធ្នូ ឃុំជើងឃ្លូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ ឆ្លងកាត់ដំណាក់កាលរីកចំរើនជាច្រើនមក រណសិរ្សនេះក៏បានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីកសាងការពារមាតុភូមិកម្ពុជា» និងជាចុងក្រោយនេះបានប្តូរមកជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺជាការគៀងគរកម្លាំងសាមគ្គីមហាជន ប្រជាជន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅសេសសល់ពីការសម្លាប់ ក្នុងគោលដៅផ្តួលរំលំរបបខ្មែរក្រហមដែលបានសាបព្រោះរបបវាលពិឃាតនៅលើទឹកដីកម្ពុជា ចន្លោះពីឆ្នាំ១៩៧៥ដល់១៩៧៩។ ក្រោយថ្ងៃរំដោះ អ្វីៗដែលប្រទេសជាតិសេសសល់ គឺស្ថិតនៅចំណុចសូន្យទាំងអស់ គឺជាការចាប់ផ្តើមកសាងប្រទេស ដែលគេពិបាកក្នុងការពិពណ៌នាជាទីបំផុត មានន័យថា ជាការកសាងប្រទេសពីបាតដៃទទេរ និងពីគំនរផេះផង់ ជាមួយនឹងជីវភាពប្រជាជនយ៉ាងក្រីក្រ ពោរពេញដោយជំងឺ ក្មេងកំព្រា ស្ត្រីមេម៉ាយនិងការបែកបាក់គ្រួសារគួរឱ្យសង្វេគបំផុត។
ការកកើតឡើងនៃរណសិរ្ស២ធ្នូអាចបញ្ជាក់បាននូវទ្រឹស្តីដែលថា «ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់» សូម្បីតែរបបខ្មែរក្រហមដ៏សាហាវដ៏មហាប្រល័យក៏គង់នៅមានអ្នកហ៊ានងើបតស៊ូដើម្បីផ្តួលរំលំរហូតបានទទួលជោគជ័យដែរ។ រណសិរ្ស២ធ្នូមិនមែនជាចលនារំដោះជាតិលើកដំបូងទេសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែវាជាចលនាតស៊ូមួយដែលត្រូវបានបង្កើតឡើងក្នុងស្ថានភាពដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។
មកដល់ត្រឹមនេះ គេអាចនិយាយបានថារណសិរ្ស ២ធ្នូ ១៩៧៨ គឺជាចលនាតស៊ូរំដោះជាតិដោយអាវុធចុងក្រោយបំផុតសម្រាប់រយៈពេលចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា។ ពលរដ្ឋខ្មែរទាំងអស់បន់ស្រន់សូមឱ្យចលនារំដោះជាតិដោយចុងកាណុងបញ្ចប់ត្រឹមចលនា២ធ្នូ ឆ្នាំ១៩៧៨ទៅចុះ ពីព្រោះគ្មាននរណាម្នាក់ចង់ឃើញប្រទេសជាតិធ្លាក់ក្នុងភាពវិនាសកម្មវឹកវរជាថ្មី និងត្រូវបង្កើតចលនារំដោះជាតិអ្វីទៀតនោះឡើយ។
បច្ចុប្បន្ននេះ កម្ពុជា បានប្រកាន់យកនូវការឡើងកាន់អំណាចតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋកំពុងទទួលបាននូវសិទ្ធិសេរីភាពដើរហើរទៅណាមកណាដោយសេរី និងលែងមានទៀតហើយនូវសង្គ្រាមស៊ីវិលសម្រាប់ជាតិខ្មែរ ហើយនេះគឺពិតជាផ្លែផ្កានៃប្រទេសដែលមានសុខសន្តិភាព។ សូមឱ្យស្មារតីនៃរណសិរ្យ ២ធ្នូ នៅស្ថិតស្ថេរជាអមតៈក្នុងបេះដូងកូនខ្មែរ៕
ដោយ៖ សួន ចំរើន