លទ្ធផលផ្លូវការ នៃការប្រណាំងទូក ៣ថ្ងៃ! ទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្ដព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស

(ភ្នំពេញ)៖ នៅទីបំផុតលទ្ធផលនៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០១៨នេះ រកឃើញថា ទូកអុំផ្នែកបុរស ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេសបានទៅលើទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ មានចំណុះ៧៧នាក់ ដែលប្រើថេរវេលាសរុប ២៧នាទី:២៣ វិនាទី ឧបត្ថម្ភដោយ លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀន អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ។
បើតាមលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏បានបង្ហាញដែរថា ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គុណ ញឹម និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ «សម្ដេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយ លោក សុខ សូកាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា ដែលជាម្ចាស់ឧបត្ថម្ភដល់ទូកដែលទទួលបានជ័យជម្នះលេខ១ សម្រាប់ការប្រកួតនៅឆ្នាំ២០១៨នេះ បន្ទាប់ពីទទួលបានទានរង្វាន់ភ្លាមៗ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកានេះ បានជួបសំណេះសំណាល លើកទឹកចិត្ត កោតសរសើរ និងផ្ដល់រង្វាន់បន្ថែមទៀត ជូនដល់កីឡាទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានចំណាត់ថ្នាក់នេះ។
សូមជម្រាបថា ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ (គិតពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា)។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់។
សូមអានខ្លឹមសារលម្អិត នៃតារាងលទ្ធផលផ្លូវការនៅខាងក្រោមនេះ៖