ខ្មែរប៉ុស្ដិ៍ Close

កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក របស់កម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 3007
កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក របស់កម្ពុជាកម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក របស់កម្ពុជា

នៅ​​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ព្រឹកនេះ កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក ​ប្រារព្ធ​ធ្វើនៅ​តំបន់​ទីប្រជុំជន​អ្នក​លឿង ត្រើយ​ខាងកើត ស្ថិតក្នុង​ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ស ខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​។​

ក្នុង​កម្មវិធី​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកង​វែង​ជាងគេ​លើ​ពិភពលោក ក៏មាន​តំណាង Guinness World Records អញ្ជើញ​ចូលរួម​ពិនិត្យ និង​វាយតម្លៃ​លើ​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះផងដែរ​។​

តាម​ឯកសារ Guinness World Records ទូក​នាគ​របស់​ប្រទេស​ចិន នៅ​ឆ្នាំ​២០១៦ បាន​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម ទូកវែង​ជាងគេ​លើ​ពិភពលោក មាន​បណ្តោយ​ប្រវែង ៧៧,៨០ ម៉ែត្រ និង​ទទឹង​ប្រវែង ២,៦០ ម៉ែត្រ ដែល​អាច​ផ្ទុក​ចំណុះ​ទូកបាន​ចំនួន​សរុប ១៦៨ នាក់​។​

ចំណែក​ទូកង វែង​ជាងគេ​លើ​ពិភពលោក របស់​កម្ពុជា “កម្ពោជិកបុត្តាខេមរាតរី” ដែល​ពិនិត្យ​វាយតម្លៃ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់ ប្រវែង​សរុប ៨៧,៣០ ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។​

ទូកង​ វែង​ជាងគេ​លើ​ពិភពលោកនេះ ធ្វើ​ពី​ឈើ​គគីរ​ម្សៅ ដែលជា​ប្រភេទ​ឈើ​លេខ​១ ធន់​នឹង​ទឹក និង​ជា​ប្រភេទ​ឈើ​ចាស់ គ្រប់​អាយុ​ចាប់ពី ៥០​ឆ្នាំ​ឡើងទៅ និង​ជា​ឈើត្រង់ ហើយ​វែង ចំនួន ០៦​ដើម រួមទាំង​កំណាត់ឈើ​មួយចំនួនទៀត​។ ឈើ​គគីរ​ទាំងនោះ ត្រូវបាន​ដឹកជញ្ជូន​មកពី​ព្រៃ នៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូរ​ព្រៃ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ដោយ​ត្រូវ​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ធំ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ទើប​មកដល់​ទីតាំង​ស្ថិតនៅ​ក្រុង​ព្រៃវែង ខេត្តព្រៃវែង ដែលមាន​ដ​ម្ងា​យ​សរុប​ប្រមាណ ៤៤០ គីឡូម៉ែត្រ ដោយ​ប្រើ​រយៈពេល ៤​ថ្ងៃ​។​

ការរៀបចំ​កម្មវិធី​ផលិត​ទូកង ដើម្បី​បំបែក​ឯតទគ្គ​កម្ម​ទូក​ង​វែង​ជាងគេ​លើ​ពិភពលោក មាន​គោលបំណង ៣ យ៉ាង រួមមាន​៖

១) រម្លឹក​ឡើងវិញ​នូវ​ប្រវត្តិ​ដ៏​យូរលង់​នៃ​ការផលិត និង​ប្រើប្រាស់​ទូកង​របស់​ខ្មែរ តាំងពី​សម័យបុរាណ ជាពិសេស​រម្លឹក​ឡើងវិញ​នូវ​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះមហាក្សត្រ​ខ្មែរ​គ្រប់​ជំនាន់ ក្នុងការ​ប្រើប្រាស់​ទូកង ជា​មធ្យោបាយ​មួយ​ក្នុងការ​ការពារ​ទឹកដី

២) ជួយ​លើកតម្កើង​កិត្យានុភាព​ជាតិ ដោយ​បង្ហាញ​ពិភពលោក​ទាំងមូល ឲ្យ​បានដឹង​កាន់តែច្បាស់​ថា កម្ពុជា​អាចបង្កើត​ស្នាដៃ​ដ៏​អស្ចារ្យ​មួយ

​៣) ជំរុញ​ស្មារតី​ស្នេហា​ជាតិ និង​សាមគ្គីភាព​នៃ​យុវជន​ជា​កូនចៅ​ជំនាន់​ក្រោយ ក្នុងការ​ថែរក្សា និង​អភិរក្ស​កេរដំណែល​ពី​ដូនតា​៕

ចំពោះព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖

អត្ថបទទាក់ទង