លោក ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំខ្លឹមសារ សេចក្ដីព្រាងសេចក្ដី សម្រេចវិស័យនយោបាយ និងសន្តិសុខ សម្រាប់កិច្ចប្រជុំ APPF លើកទី២៧

លោក ជា វ៉ាន់ដេត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា និងជាអ្នកដឹកនាំសម្រប សម្រួលខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចវិស័យនយោបាយនិងសន្តិសុខសម្រាប់កិច្ចប្រជុំ APPF លើកទី២៧ បានដឹកនាំកិច្ចប្រជុំក្រុមការងារ រៀបចំ ខ្លឹមសារវិស័យនយោបាយនិងសន្តិសុខ ដើម្បីពិនិត្យមើលពីការរៀបចំ ឯកសារទស្សនាទាននិងការធ្វើសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់វិស័យនេះ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា។
លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ជម្រាបអង្គប្រជុំថា ការរៀបចំ ឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេច សម្រាប់វិស័យ នយោបាយនិងសន្តិសុខសម្រាប់កិច្ចប្រជុំ APPF លើកទី២៧ គឺជាការងារធំ និងមានលក្ខណៈអន្តរជាតិ ដែលទាមទារឱ្យសមាជិកក្រុមការងារ ទាំងអស់ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់។
នៅក្នុងឱកាសនោះផងដែរ ក្រុមការងារស្រាវជ្រាវឯកសារលើ វិស័យ នយោបាយ និងសន្តិសុខ បានធ្វើសេចក្ដីរាយការណ៍ពីដំណើរការនៃការ រៀបចំឯកសារទស្សនាទាន និងការធ្វើសេចក្ដីព្រាងសេចក្ដីសម្រេចលើ ប្រធានបទទាំងបីវិស័យនេះម្ដងមួយៗដោយក្រុមការងារបានធ្វើការស្រាវជ្រាវវិភាគទិន្នន័យទៅលើឯកសារផ្សេងៗជាច្រើន។
ក្រោយពីកិច្ចពិភាក្សា លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា សេចក្ដី ព្រាងសេចក្ដីសម្រេចលើប្រធានបទទី១ និងប្រធានបទទី៣ ក្រុមការងារ មានការឯកភាពគ្នាទាំងស្រុង។ ចំណែកសេចក្ដីព្រាងសេចក្ដីសម្រេច លើប្រធានបទទី២ ក្រុមការងារមានការស្នើបន្ថែម ២ចំណុច ដើម្បីឱ្យកាន់ តែល្អថែមទៀត។ ជារួមឯកឧត្ដមសូមឯកភាពទាំងស្រុង។
លោកក៏បានណែនាំឱ្យក្រុមការងារធ្វើការបកប្រែឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចទាំងអស់ ទៅជាភាសាជាតិឲ្យបានឆាប់ ដើម្បីដាក់ជូនកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈ កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងជាប្រធានក្រុមការងារទទួលបន្ទុក វិស័យនយោបាយ និងសន្តិសុខនៃកិច្ចប្រជុំប្រចាំ APPF លើកទី២៧ នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។
សូមជម្រាបថា ប្រធានបទទាំងបីរបស់វិស័យនយោបាយនិងសន្តិសុខដែលបានជ្រើសរើសកន្លងមកគឺ៖
១-ការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់
២-ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន
៣-ពង្រឹងកិច្ចសហប្រតិបត្តិការសភា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវនូវព័ត៌មានវិទ្យាដើម្បីវឌ្ឍនភាពសង្គម ។
រហូតមកដល់ពេលនេះក្រុមការងារបានរៀបចំឯកសារទស្សនាទាន និងសេចក្ដីព្រាងសេចក្ដីសម្រេចសម្រាប់ប្រធានបទទាំងបីនៃវិស័យនេះ បានរួចរាល់អស់ហើយ៕