ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញជាអធិបតី ក្នុងពិធីបើក វេទិការថ្នាក់តំបន់ ស្ដីពី “វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់” នៅសណ្ឋាគារសុខាភ្នំពេញ
រសៀលថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) សហការជាមួយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) បានរៀបចំវេទិកាថ្នាក់តំបន់ស្តីពី “វិទ្យុគមនាគមន៍ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ២០១៧ – ដំណើរឆ្ពោះទៅកាន់ជំនាន់ទី៥ (5G) ក្នុងតំបន់” ដែលប្រព្រឹត្តទៅចាប់ពីរសៀល ថ្ងៃពុធ ៣រោច ដល់ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោក François RANCY នាយកការិយាល័យទទួលបន្ទុកផ្នែកវិទ្យុគមនាគមន៍(BR)នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)។
វេទិកាថ្នាក់តំបន់នេះមានការចូលរួមពីអ្នកជំនាញមកពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា ក្រសួង-ស្ថាប័នជាតិ និយ័តករទូរគមនាគមន៍កម្ពុជា ប្រតិភូតំណាងប្រទេសជាសមាជិក ITU មកពីជាង២០ប្រទេស ប្រតិបត្តិករទូរគមនាគមន៍ និងភាគីពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសបើកវេទិកានេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានលើកឡើងពីសារៈសំខាន់នៃការសហការគ្នារវាងក្រសួងស្ថាប័នពាក់ព័ន្ធនៅក្នុងប្រទេស និងរវាងបណ្តាប្រទេសនានានៅក្នុងតំបន់ដើម្បីធ្វើការជាមួយគ្នាឆ្ពោះទៅយុគសម័យឌីជីថល។ លោមបានលើកឡើងថា៖ ប្រទេសនិមួយៗស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍរៀងៗខ្លួន។ ប្រទេសកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមពន្លឿនការអភិវឌ្ឍវិស័យ ICT និងការធ្វើការជាមួយប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ដូច ITU។ យើងសង្ឃឹមថានឹងមានការសហការនៅក្នុងតំបន់ដើម្បីអភិវឌ្ឍន៍វិសាលគមន៍ជាតិរបស់យើង។
វេទិកាថ្នាក់តំបន់នេះ មានសារៈសំខាន់ក្នុងការស្វែងយល់ពីការប្រឈមនានានិងការកាលានុវត្តភាពនៃដំណើរឆ្ពោះទៅបច្ចេកវិទ្យា5G ការត្រៀមខ្លួនរបស់ប្រទេសនិមួយៗនៅក្នុងតំបន់ និងការប្រើប្រាស់នៃបច្ចេកទេសនេះប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ វេទិកាថ្នាក់តំបន់មានកិច្ចពិភាក្សាដោយលើប្រធានបទជាច្រើន ដោយមានការចូលរួមពីវាគ្មិនដែលជាអ្នកជំនាញលើវិស័យនេះ ក្នុងនោះរួមមានប្រធានបទ ទាក់ទងនឹងមាគ៌ាបង្ហាញផ្លូវស្តីពីទូរគមនាគមន៍ចល័តអន្តរជាតិ២០២០ និន្នាការនៃការគ្រប់គ្រងវិសាលគមន៍ជាតិ តួនាទីនៃប្រព័ន្ធផ្កាយរណបក្នុងបច្ចេកទេស5G បទពិសោធន៍នៃប្រទេសក្នុងតំបន់លើការផ្លាស់ប្តូរទៅប្រព័ន្ធឌីជីថល ផលប៉ះពាល់ទៅលើវិសាលគមន៍នៃប្រព័ន្ធបណ្តាញបច្ចុប្បន្ន និងអនាគត។