ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីន័រវែស លើកឡើងថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយកម្ពុជាពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 521

នាយករដ្ឋមន្រ្តីន័រវែស លើកឡើងថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជាពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

បន្ទាប់ពីបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១២ រួចមក នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្រ្តីន័រវែស ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារទ្វេរភាគី។

លោកស្រី អេម៉ា សូលប៊ែល នាយករដ្ឋមន្រ្តីន័រវែស មានប្រសាសន៍ថា បើទោះបីជាលោកស្រីមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែលោកស្រីបានទទួលនូវព័ត៌មាន និងរូបភាពដ៏ល្អពីប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។ លោកស្រី បានមានប្រសាសន៍បន្តថា ប្រទេសន័រវែសមានឆន្ទៈខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជាពិសេសការផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ លោកស្រី បានបន្តថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបានចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។ ជាមួយនិងសកម្មភាពដែលប្រទេសន័រវែស ជួយដល់ប្រទេសកម្ពុជា ក្នុងការបោសសំអាតគ្រាប់មីន លោកស្រី ចង់ឃើញនិងជំរុញឱ្យមានអនុសញ្ញានៃការហាមឃាត់ជាផ្លូវការ ស្តីពីការហាមឃាត់ជាផ្លូវការ នៃការប្រើប្រាស់គ្រាប់មីន ក្នុងន័យនេះលោកស្រីសង្ឃឹមថា កម្ពុជាអាចនឹងគាំទ្រនូវគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយដែលបានផ្តល់ជំនួយជាច្រើនដល់កម្ពុជាពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និងការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។ ទាក់ទិនទៅនិងការជំរុញឱ្យមាននូវអនុសញ្ញាស្តីពីការហាមឃាតជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន លោកបានមានប្រសាសន៍ថា កម្ពុជាពិតជាគាំទ្រទាំងស្រុង នូវអនុសញ្ញាស្តីពីការហាមឃាត់ជាផ្លូវការនៃការប្រើប្រាស់គ្រាប់មីន។ លោកបានបន្តថា កម្ពុជានឹងបន្តបោសសំអាតគ្រាប់មីនទាំងស្រុង ក្នុងប្រទេសកម្ពុជា ពិសេសកម្ពុជានឹងចូលរួមក្នុងគំនិតផ្តួចផ្តើមស្តីពីអនុសញ្ញានៃការប្រើប្រាស់គ្រាប់មីន។ លោកបានបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្មក្នុងការបោសសំអាតគ្រាប់មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រិក។

លោកស្រី អេម៉ា សូលប៊ែល នាយករដ្ឋមន្រ្តីន័រវែស បានមានប្រសាសន៍ថា អ្វីដែលកម្ពុជាបានធ្វើគឺមានសកម្មភាពដ៏ល្អ។ តាមរយៈនេះលោកស្រីចង់ឃើញពីទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមានកំណើនខ្ពស់។ លោកស្រីបានថ្លែងនូវអំណរគុណជូនចំពោះ លោកនាយករដ្ឋមន្រ្តីដែលប្រទេសកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែសក្នុងការបោះឆ្នោតជាសមាជិកមិនមែន អចិន្រ្តៃយ៍សន្តិសុខរបស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២។ លោកស្រីនាយករដ្ឋមន្រ្តី ក៏បានជំរាបជូនលោកនាយករដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រ ក្នុងប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់ជាច្រើនពាក់ព័ន្ធទៅនិងបរិស្ថានក្នុងមហាសមុទ្រផងដែរ៕

អត្ថបទទាក់ទង