ខ្មែរប៉ុស្ដិ៍ Close

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

ដោយ៖ សន បទុម ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 142
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ

នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំ​ទាវ​ លោក លោកស្រី និងមន្ត្រីជំនាញដែលជាតំណាងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលចំនួន១៨ បានចូលរួមក្នុងកិច្ចប្រជុំនេះ សរុបប្រមាណ៣០នាក់ ។

សូមជម្រាបផងដែរថា គោលបំណងនៃកិច្ចប្រជុំត្រៀមអន្តរក្រសួងនេះ គឺដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំពិគ្រោះយោបល់ និងបែងចែកភារកិច្ចរបស់ក្រសួងនិងស្ថាប័ន សម្រាប់លើកបទបង្ហាញក្នុងកិច្ចប្រជុំផ្លូវការ។

កិច្ចប្រជុំនេះក៏បានលើកបង្ហាញអំពីកិច្ចសហប្រតិបត្តិការកន្លងមកជាមួយសាធារដ្ឋកូរ៉េដែលបានរួមចំណែកដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា និងបានលើកឡើងពីសារសំខាន់នៃកិច្ចប្រជុំពិគ្រោះយោបល់នាពេលខាងមុខសម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តឱ្យកាន់តែរឹងមាំថែមទៀត ។

សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់កម្រិតនយោបាយនេះ ត្រូវបានរៀបចំចំនួន០២លើករួចមកហើយ ដែលកិច្ចប្រជុំនៅថ្ងៃនេះ ជាកិច្ចប្រជុំលើកទី៣ ត្រូវបានដឹកនាំដោយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា រីឯគណៈប្រតិភូកូរ៉េ នឹងដឹកនាំដោយលោក Jeong Jin-kyu អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការនៃក្រសួងការបរទេសកូរ៉េ អមដំណើរដោយតំណាងក្រសួងយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ តំណាងការិយាល័យប្រធាធិបតី តំណាងមូលនិធិកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់កូរ៉េ (EDCF) តំណាងទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េ (KOICA) និងតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។

កិច្ចពិភាក្សាគឺផ្តោតលើ ៖
១-ពិនិត្យមើលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងគោលនយោបាយកិច្ចសហប្រតិបត្តិការកូរ៉េ។
២-ពិភាក្សាលើរបាយការណ៍វាយតម្លៃពីហិរញ្ញប្បទាន សហប្រតិបត្តិការកូរ៉េ ដែលរៀបចំដោយ OECD/DAC។
៣- ពិភាក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងកម្ពុជា-កូរ៉េ៕