រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ លោកបានថ្លែងដូចនេះ ក្នុងឱកាសចូលរួមនៅក្នុងកម្មវិធីលើកតម្កើងឥរិយាបថនៃការចូលរួមប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ នៅនិវេសនដ្ឋាន របស់ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធនានាជាច្រើនរូបទៀត ក្នុងនោះក៏មានវត្តមានរបស់លោក Edward Vaizey បេសកជនរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកផ្នែកពាណិជ្ជកម្មផងដែរ។
លោក សាយ សំអាល់ បានគូសបញ្ជាក់ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។ នៅក្នុងឱកាសនោះខ្សែវីដេអូអប់រំពីរដែលនិយាយពីការប្រឆាំង នឹងការជូញដូរសត្វព្រៃខុសច្បាប់ និង និងការអភិរក្សជីវៈចម្រុះត្រូវបានចាក់បញ្ចាំងផងដែរ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការ ផលិតខ្សែវីដេអូអប់រំនេះ ដោយថ្លែងថា វានឹងចូលរួមក្នុងការកែប្រែឥរិយាបថពលរដ្ឋមួយចំនួន ឱ្យស្រឡាញ់ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត និងចូលរួមអភរិក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ លោកបានបន្តថា ក្រសួងបរិស្ថានមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ហើយបានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ លោកបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ហើយរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម៕