ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម​ ងួន ញ៉ឹល អនុប្រធានទី២រដ្ឋសភាជាតិ ថ្លែងថា សុខសន្តិភាពជាកត្តាចំបងក្នុងការអភិវឌ្ឍប្រទេស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 82

ឯកឧត្តម​ ងួន ញ៉ិល អនុប្រធានទី២ រដ្ឋសភាជាតិ អមដំណើរដោយ ឯកឧត្តម​ សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មីនៅវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ ស្ថិតក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសប្រារព្ធពិធីនេះ ឯកឧត្តម​ ងួន ញ៉ិល បានមានប្រសាសន៍ថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចំរើន លុះត្រាតែក្នុងប្រទេសនោះមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចំរើនដែរ។ ដូច្នេះសុខសន្តិភាពជាកត្តាចំបង ក្នុងការអភិវឌ្ឍប្រទេស ហើយឯកឧត្តម​ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិភាពដែលមាននៅក្នុងប្រទេសកម្ពុជាយើង ឱ្យនៅស្ថិតស្ថេរគង់វង់យូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅយើងទំាងអស់គ្នា។

ឯកឧត្តម​ ងួន ញ៉ិល បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមកម្មវិធីនាពេលនេះ ដែលញ៉ាំងឱ្យពិធីកាន់តែមាន ភាពមហោឡារិកអធិកអធមថែមទៀត។ ឯកឧត្តម​ បានបន្តទៀតថា ព្រះវិហារថ្មីនេះ ដែលនឹងចាប់ផ្តើមសាងសង់បន្ទាប់ពី ពិធីបញ្ចុះបឋមសិលានេះ នឹងក្លាយទៅទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ និងទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធិផលមួយដ៏ធំរបស់វត្តឥន្ទ្រីយ៍សំវរៈផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ក្រុងស្ទឹងសែន មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

អភិបាលខេត្តកំពង់ធំ ឯកឧត្តម​ សុខ លូ បានលើកឡើងថា វត្តកំពង់ធំ ត្រូវបានកសាងឡើងក្នុង ព.ស ២១៧៧ ត្រូវនឹង គ.ស ១៦៣៣ ដោយលោកឧកញ៉ាតេជោបូរារាជមាស និងលោកស្រី ស្រែន និងលើកឡើងពីប្រវត្តិនៃការកសាងសមិទ្ធិផលផ្សេងៗ ដែលបានលេចចេញជារូបរាងជាបន្តបន្ទាប់ ក្នុងនោះលោកបានបញ្ជាក់ពីមូលហេតុនៃការរុះរើព្រះវិហារចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ជាពិសេសដំបូលព្រះវិហារលិចគ្រប់កន្លែង តាំងពីឆ្នាំ២០០៩មកម្លេះ។ ចំពោះការសាងសង់ព្រះវិហារថ្មីនេះ មានបណ្តោយប្រវែង ៣៩.៣៦ម៉ែត្រ និងកំពស់ ៤១ម៉ែត្រ ដែលមានការចូលរួមចាប់មគ្គផលពីសម្បុរសជនគ្រប់ទីកន្លែងផងដែរ៕

 

 

អត្ថបទទាក់ទង