ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាបង្ហាញក្តីព្រួយបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានពង្រឹងការកាន់កាប់នៅតំបន់ព្រំដែន ហួសពីខ្សែបន្ទាត់ដែលថៃបានទាមទារដោយឯកតោភាគី

ដោយ៖សូ សែនឬទ្ធា | ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 278
កម្ពុជាបង្ហាញក្តីព្រួយបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានពង្រឹងការកាន់កាប់នៅតំបន់ព្រំដែន ហួសពីខ្សែបន្ទាត់ដែលថៃបានទាមទារដោយឯកតោភាគី កម្ពុជាបង្ហាញក្តីព្រួយបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានពង្រឹងការកាន់កាប់នៅតំបន់ព្រំដែន ហួសពីខ្សែបន្ទាត់ដែលថៃបានទាមទារដោយឯកតោភាគី

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំធ្វើបទបង្ហាញជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតព្រមទាំងអង្គការអន្តរជាតិចំនួន ៤២ នៅរាជធានីភ្នំពេញ ដើម្បីជម្រាបជូនអំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយផ្ដោតជាពិសេសទៅលើបញ្ហាការពង្រឹងការកាន់កាប់របស់កងកម្លាំងថៃនៅតំបន់ហួសពីខ្សែបន្ទាត់ព្រំដែនដែលថៃបានទាមទារដោយឯកតោភាគី។

នាឱកាសនោះផងដែរ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស បានលើកឡើងពីក្តីបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ដែលបានពង្រឹងការកាន់កាប់របស់កងកម្លាំងខ្លួននៅតំបន់ព្រំដែន ហួសពីខ្សែបន្ទាត់ដែលថៃបានទាមទារដោយឯកតោភាគី។ ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុត សុត្ថា រដ្ឋលេខាធិការប្រចាំការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានបង្ហាញផែនទីផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដែលជាខ្សែព្រំដែនអន្តរជាតិស្របច្បាប់ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីភាពខុសគ្នាពីផែនទីដែលថៃគូសឡើងតែម្នាក់ឯង។

ជាមួយគ្នានោះផងដែរ លោកជំទាវ ក៏បានរំលឹកថា កាលពីចុងឆ្នាំ២០២៥ គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាជំរុញការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក (JBC) ឡើងវិញឱ្យបានឆាប់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងជួយឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតជាធម្មតាវិញ។ ប៉ុន្តែ ជារឿងគួរឱ្យសោកស្តាយ ចាប់តាំងពីរដ្ឋាភិបាលថ្មីរបស់ថៃឡើងកាន់អំណាចនៅដើមឆ្នាំនេះ ភាគីថៃមិនត្រឹមតែមិនបានអនុវត្តតាមកិច្ចព្រមព្រៀងឈប់បាញ់នោះទេ ថែមទាំងបន្តសកម្មភាពខុសច្បាប់នៅក្នុងតំបន់នោះយ៉ាងចចេស។ ទោះជាយ៉ាងណា កម្ពុជាបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសម៉ាឡេស៊ី និងហ្វីលីពីន ដែលបានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចូលរួមគាំទ្រដល់កិច្ចព្រមព្រៀងឈប់បាញ់នេះផងដែរ។

ទន្ទឹមនោះ លោកជំទាវ ក៏បានបញ្ជាក់ថា កម្ពុជាប្រកាន់គោលជំហរដាច់ខាត ក្នុងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនទាំងផ្លូវគោក និងផ្លូវទឹកជាមួយថៃ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដើម្បីរក្សាផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងពង្រឹងសន្តិភាព និងភាពជាអ្នកជិតខាងល្អរវាងប្រជាជាតិទាំងពីរ៕

អត្ថបទទាក់ទង