ខ្មែរប៉ុស្ដិ៍ Close

ឥណ្ឌាត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទកម្ពុជា

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 424
ឥណ្ឌាត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទកម្ពុជា ឥណ្ឌាត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទកម្ពុជា

យោងតាមការបង្ហោះផ្សាយរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Adhishek Arora នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបនោះផងដែរ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងទ័ពឥណ្ឌា ដែលបានគាំទ្រកម្ពុជាជាបន្តបន្ទាប់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនវគ្គសិក្សាជាច្រើនជំនាញ។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃសមយុទ្ធទ្វេភាគីកម្ពុជា-ឥណ្ឌា លើកទី២ ក្នុងឆ្នាំ២០២៦ ដែលបានរួមចំណែកពង្រឹងសមត្ថភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។ ទន្ទឹមនោះផងដែរ ឯកឧត្តម វង្ស ពិសេន បានស្នើឱ្យភាគីឥណ្ឌាបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មរក្សាសន្តិភាព ការដោះមីន កិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ព ការធ្វើសមយុទ្ធរួម និងការចូលចតនាវា។

ជាការឆ្លើយតប លោកវរសេនីយ៍ឯក Adhishek Arora បានបង្ហាញនូវក្តីរីករាយចំពោះការបំពេញបេសកកម្មការទូតយោធានៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពកម្ពុជា-ឥណ្ឌា។ លោកបានកោតសរសើរចំពោះសមត្ថភាពរបស់កងទ័ពកម្ពុជា ក្នុងការចូលរួមសមយុទ្ធរួមទាំងពីរលើក ដែលទទួលបានលទ្ធផលល្អប្រសើរ។

លោកវរសេនីយ៍ឯក Adhishek Arora ក៏បានគូសបញ្ជាក់ថា ឥណ្ឌាស្វាគមន៍ និងត្រៀមខ្លួនបន្តគាំទ្ររាល់សំណើរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ស្របតាមតម្រូវការជាក់ស្តែង។ លើសពីនេះ ឥណ្ឌា ដែលមានភាពជឿនលឿនក្នុងឧស្សាហកម្មការពារជាតិ ក៏មានលទ្ធភាពគាំទ្រលើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដូចជាឧបករណ៍ដោះមីន និងដ្រូនស៊ើបការណ៍ជាដើម។

ជាមួយគ្នានេះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណចំពោះភាគីឥណ្ឌា ដែលបានបន្តយកចិត្តទុកដាក់ និងគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់សន្តិសុខ សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

អត្ថបទទាក់ទង