ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាជួយអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ប្រទេសទីម័រដោយជោគជ័យ

ដោយ៖សូ សែនឬទ្ធា | ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ព័ត៌មានទូទៅ 277
កម្ពុជាជួយអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ប្រទេសទីម័រដោយជោគជ័យ កម្ពុជាជួយអភិវឌ្ឍថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់ប្រទេសទីម័រដោយជោគជ័យ

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ក្រសួងដឹកជញ្ជូននិ​ង​សារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានរៀបចំ “ពិធីប្រកាសដាក់ឱ្យ​ប្រើប្រាស់ជា​ផ្លូវកា​រថ្នា​លផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតី​ភាពដ៏ខ្ព​ង់ខ្ពស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Verónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជា​ធិបតេយ្យ​ទីម័រ​ឡេ​ស្តេ លោកជំទាវ Céu Brites អនុរដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណ​រដ្ឋ​ប្រជា​ធិប​​តេ​យ្យ​ទីម័រឡេស្តេ និងឯកឧត្តម Expedito Dias Ximenes រដ្ឋលេខាធិកា​រនៃរដ្ឋលេខា​​ធិការដ្ឋា​​នសារ​គមនា​គ​ម​ន៍​ស​ង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូ និង​ភ្ញៀវ​ជា​តិ​និងអន្តរជាតិសរុបចំនួន៥០០នាក់។

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិប​តេយ្យ​ទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោ​គយល់ស្តីពីកិច្ចសហ​ប្រតិបត្តិការក្នុងវិស័​យប្រៃ​សណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង ក.ប.ទ. នៃព្រះ​រា​ជា​ណា​​ចក្រកម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែល​បា​ន​​​ចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបញ្ជា​ក់យ៉ាងច្បាស់អំ​ពីកិច្ច​ស​ហ​ប្រ​តិ​បត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ដើម្បី​ធ្វើ​ឱ្យ​ប្រសើរឡើងការផ្តល់សេវាសាធារណៈនិងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។

ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេសជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណ​រដ្ឋប្រជា​ធិ​ប​តេយ្យ​ទីម័រឡេស្តេនិងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអា​ចធ្វើកា​រផ្ទៀង​ផ្ទាត់​ភា​ព​ត្រឹម​ត្រូវនៃបណ្ណបើកបរជាតិតាមរយៈផតថលជាតិនេះ។

សូមបញ្ជាក់ជូនថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសា​រ​ទី​១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេច​ចិត្ត​​​នេះបានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេ​ស្តេកាត់​បន្ថយ​ថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យ​ក្បៀស​មួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។

សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាច​ផ្ទៀងផ្ទាត់ភាព​ត្រឹមត្រូវ​តាម​ថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ ប​ណ្ណ​​បើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័ន​មានសមត្ថកិច្ចពាក់​ព័ន្ធ​នា​នា​ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាម​រយៈ​ថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណ​រដ្ឋ​ប្រ​ជា​ធិបតេយ្យទីម័រឡេស្តេដើម្បីចែករំលែកបទពិសោធនេះជូនសាធារណរដ្ឋប្រជាធិ​បតេយ្យទីម័រឡេ​ស្តេបន្ត​ទៀត​ផង​ដែរ។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការព​ង្រីកការដាក់ឱ្យ​ប្រើ​​​ប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃ​សាធារ​ណ​​រ​ដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការ​ស​ម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រ​ពីគណៈរដ្ឋមន្រ្តី​នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិ​ទ្យា​​គមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

អត្ថបទទាក់ទង